ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​គេ​លើក​ពី​ស្ថាប័ន ឬ​អាជីព​ការងារ​មួយ​ចំនួន​មក​និយាយ​ភ្លាម​សាធារណជន ក៏​បាន​គិត​ភ្លែត​ទៅ​រក​ភាព​អវិជ្ជមាន​ដែល​បាន​កើត​មាននៅ​ក្នុង​អង្គភាព ឬ​អាជីព​ការងារ​នោះ ។ មាន​ន័យ​ថា សកម្មភាព​បុគ្គល​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ស្ថាប័ន និង​អាជីព​ការងារ​មួយ​ចំនួន និង​ក្លាយជា​ចំណុច​រិះគន់​របស់​មហាជន​ដូច​ជា​ថា…

នៅ​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​គេ​លើក​ពី​ស្ថាប័ន ឬ​អាជីព​ការងារ​មួយ​ចំនួន​មក​និយាយ​ភ្លាម​សាធារណជន ក៏​បាន​គិត​ភ្លែត​ទៅ​រក​ភាព​អវិជ្ជមាន​ដែល​បាន​កើត​មាននៅ​ក្នុង​អង្គភាព ឬ​អាជីព​ការងារ​នោះ ។ មាន​ន័យ​ថា សកម្មភាព​បុគ្គល​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ស្ថាប័ន និង​អាជីព​ការងារ​មួយ​ចំនួន និង​ក្លាយជា​ចំណុច​រិះគន់​របស់​មហាជន​ដូច​ជា​ថា ស្ថាប័ន​នោះ​ពុក​រលួយ អង្គភាព ឬ​ក្រុមហ៊ុន​នោះ​ខូច​មិន​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​ជាដើម ។

តាម​ពិត​ទៅ សូ​ម្បី​ឈ្មោះ​អ្នកកាសែត ក៏​មិនសូវ​ជា​ពិ​រោះ​ប៉ុន្មាន​នោះ​ទេ នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ។ នៅ​ពេល​គេ​និយាយ​ដល់​អ្នកកាសែត មហាជន​ខ្លះ​លើក​ឡើង​ថា អ្នកកាសែត​ខូច ដើរ​ជំរិត គំ​រា​.​ម​យក​ប្រាក់​ពី​គេ ។ អ្នកកាសែត​ខ្លះ​ដឹង​រឿង​អាក្រក់​ណាមួយ​របស់​គេ​ទៅ​ជំរិត​យក​ប្រាក់​ពី​គេ ជា​ការ​ជំរិត ដើម្បី​បិទ​ព័ត៌មាន​ជាដើម ។ អ្នកកាសែត​ដើរ​រក​លុយ អ្នកកាសែត​និយាយ​មិន​ពិត គឺជា​ទស្សនៈ​ដែល​បាន​កើត​នៅ​ក្នុង​សង្គម​កម្ពុជា ។

ទស្សន​អវិជ្ជមាន​នេះ​កើត​មាន​ដោយសារ​សកម្មភាព​របស់​បុគ្គល​មួយ​ចំនួន​បាន​តាំងខ្លួន​ជា​អ្នកកាសែត ប៉ុន្តែ​មិន​បាន​យល់​ពី​ក្រមសីលធម៌ និង​បេសកកម្ម​របស់​អ្នកកាសែត ។ អាជីព​សារព័ត៌មាន ត្រូវ​បាន​ផ្តល់​តម្លៃ​ថា ជា​អំណាច​ទី​៤ នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ ។ អ្នកកាសែត ជា​ភ្នែក​ច្រមុះ​មហាជន ជា​អ្នក​ឃ្លាំមើល​ការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល ។ អ្នកកាសែត​ជា​ស្ពាន​នាំ​ដំណឹង​ពី​ពលរដ្ឋ​មក​ថ្នាក់ដឹកនាំ និង​ពី​ថ្នាក់ដឹកនាំ​មក​មហាជន ។ អ្នកកាសែត​ជា​កោសិកា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប៉ុន្តែ​វិជ្ជាជីវៈ​នេះ​បាន ស្រអាប់​ដោយសារ​បុគ្គលិក​មួយ​ចំនួន ។

មិន​ខុស​គ្នា​នេះ អាជីព​មេធាវី ចៅក្រម ព្រះរាជអាជ្ញា​ជាដើម​ក៏​បាន​ខូច​ឈ្មោះ ដោយសារ​បុគ្គល​មួយ​ចំនួន​ដែរ ។ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​តិច ឬ​ច្រើន​សាធារណជន​មាន​ទស្សនៈ​ថា តុលាការ​ជា​ស្ថាប័ន​ពុក​រលួយ តុលាការ​គ្មាន​យុត្តិធម៌​ឡើយ បើ​គ្មាន​ប្រាក់​មិន​អាច​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ។ ទោះបីជា​តុលាការ​បាន​ដើរតួ​នាទី​ផ្លូវច្បាប់​ដ៏​សំខាន់​សម្រាប់​ប្រទេស​យ៉ាងណា​ក្តី ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុង​ព្យាយាម​លាង​សម្អាត​ឈ្មោះ​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​កម្ពុជា ។ បាតុភាព​នេះ​កើតឡើង​ដោយសារ​បុគ្គល​មួយ​ចំនួន​ដែល​បាន​ជ្រកកោន​នៅ​ក្នុង អាជីព​ច្បាប់​នោះ ប៉ុន្តែ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ​ទាំងមូល ។

ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​វិស័យ​សុខាភិបាល​ក៏​ដូច្នេះ ។ គ្រូពេទ្យ​សម្តី​អាក្រក់ គ្រូពេទ្យ​មើលឃើញ​តែ​លុយ គ្រូពេទ្យ​គ្មាន​បេះដូង ទុក​អ្នកជំងឺ​មិន​ព្យាបាល នៅ​ពេល​គ្មាន​ប្រាក់​ឱ្យ​ខ្លួន ។ គេ​ពិបាក​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ពីព្រោះ​ថា ការ​លើក​ឡើង​របស់​មហាជន​បែប​នេះ​ក៏​ព្រោះតែ​ពួក​គាត់​បាន​ជួប​ហេតុការណ៍ ឬ​បាន​ប៉ះ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ដែល​បាន​ប្រព្រឹត្តិ​បែប​នោះ ។ សកម្មភាព​របស់​គ្រូពេទ្យ​ម្នាក់ ឬ​ពីរ​នាក់​បាន​ធ្វើ​ឱ្យ​វិជ្ជាជីវៈ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​សត្វ លោក​ទាំងមូល ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី គ្រូពេទ្យ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព និង​ជីវិត​ពលរដ្ឋ​កម្ពុជា ។

ស្រ​ដៀង​គ្នា​នេះ​ដែរ នៅ​ពេល​និយាយ​ដល់​មន្ត្រី​ពន្ធដារ គយ ជាដើម​នោះ មនុស្ស​ជា​ច្រើន​ក៏​នឹកគិត​ទៅ​ដល់​ថា ស្ថាប័ន​នេះ​ជា​កន្លែង​រក​លុយ​បាន​ច្រើន ជា​កន្លែង​ខ្លាញ់ អាច​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ទទួល​បាន​លុយកាក់ ធ្វើ​មាន​ធ្វើ​បាន ​។ ការ​លើក​ឡើង​បែប​នេះ អាច​ថា អ្នក​និយាយ​បាន​ជួប និង​បានឃើញ​ប្រទះ​ពី​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​មន្ត្រី​មួយ​ចំនួន​តូច​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ទាំង​អស់នោះ ។ ទស្សន​អវិជ្ជមាន​បែប​នេះបាន​លុប​អស់​នូវ​គុណសម្បត្តិ​របស់​ស្ថាប័ន ដែល​បាន​ស្វែងរក​ចំណូល​តាម​ច្បាប់​ជូន​រដ្ឋ ។

ការ​វិនិច្ឆ័យ​របស់​សង្គម​ជា​ស្វ័យប្រវត្តិ​បែប​នេះ អាច​ជា​ការ​ពិត​ក្នុង​ជ្រុង​ណាមួយ​។ ការ​ពិត​ដោយសារ​មាន​បុគ្គល​មួយ​ចំនួន ដែល​មានការ​ងារ ឬ​យក​អាជីព​ទាំងនោះ​ទៅ​ប្រើប្រាស់ ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​ហួសហេតុ​ពេក មិន​ខ្លាច​ច្បាប់ បំពាន​ទំនុកចិត្ត​ស្ថាប័ន មិន​គោរព ក្រមសីលធម៌ វិជ្ជាជីវៈ ។ នៅ​ទីបំផុត​សកម្មភាព​ខ្វះ​សីលធម៌​ទាំងនោះ មិន​ត្រឹម​ធ្វើ​ឱ្យ​បុគ្គល​មួយ​ចំនួន​នោះ​ក្លាយជា​ជនល្មើស​ច្បាប់ ក្បត់​ក្រមសីលធម៌​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ តែ​ធ្វើ​ឱ្យ​ស្ថាប័ន​ទាំងមូល​ខូច​ឈ្មោះ​ផង​ដែរ ។ ដូច​ទស្សនទាន​ខ្មែរ​ដែល​បាន​លើក​ឡើង​ថា ត្រី​មួយ​ស្អុយ ស្អុយ​មួយ​កន្ត្រក​នោះ​ឯង ។ ដូច្នេះ វា​ចាំបាច់​ត្រូវ​តែ​ដក​ត្រី​ស្អុយ​ចោល​ចេញពី​កន្ត្រក​នោះ បើ​មិន​ចង់អោយ​ស្អុយ​ត្រី​មួយ​កន្ត្រក ។

អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដែល​រដ្ឋាភិបាល អាណត្តិ​ចាស់​ដាក់​ចេញ ហើយ​បន្ត​អនុវត្ត​នៅ​ក្នុង​រាជរដ្ឋាភិបាល​ថ្មី​ជា​ថ្នាំ​មួយ ដែល​អាច​ព្យាបាល សកម្មភាព​ខុសឆ្គង​នេះ​បាន ។ ការ​វះកាត់​ជា​ថ្នាំ​ចុង​ក្រោយ ដើម្បី​ភាព​ស្អាតស្អំ​វិជ្ជាជីវៈ ដើម្បី​ទទួល​បាន​តម្លៃ​ពី​សង្គម ។ ជា​ការ​ពិត ការ​បំពេញបេសកកម្ម ការ​ប្រកប​វិជ្ជាជីវៈ​បម្រើ​ប្រទេស​ជាតិ​គ្មាន​នរណា​ចង់​ជាប់​ឈ្មោះ​ជា​អ្នក​ពុក​រលួយ ជា​អ្នក​បំផ្លាញ​សង្គម​ជាតិ​នោះ​ទេ ។ ប៉ុន្តែ​ការ​ទុក​ឱ្យ​ត្រី​មួយ​ស្អុយ ស្អុយ​ស្ថាប័ន​ជា​ភាព​អយុត្តិធម៌ ដល់​មន្ត្រី​ស្អាតស្អំ និង​ស្ថាប័ន ដែល​បាន​បម្រើ​ជាតិ និង​ប្រជាជន​ពិតប្រាកដ ។​ ការ​បាត់​ទំនុកចិត្ត​ពី​មហាជន​នឹង​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​សង្គម បើសិនជា​មិន​ហ៊ាន​វះកាត់​សាច់​ស្អុយ​ចោល​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ