អង្គការក្រៅរដ្ឋាភិបាល SATELLITE SENTINEL PROJECT គូសបញ្ជាក់ថា រូបភាពផ្កាយរណបទាំងឡាយបង្ហាញថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្តក្នុងតំបន់មានជម្លោះ ABYEI ជាទីក្រុងមួយនៅជាប់ព្រំដែនស៊ូដង់ខាងជើង និងស៊ូដង់ខាងត្បូង។ តំបន់នេះកាន់កាប់ចាប់តាំងពីថ្ងៃទី២១ ឧសភា មក ដោយកងកម្លាំងរបស់ស៊ូដង់ខាងជើង។
រូបភាពផ្កាយរណបទាំងនេះផ្តល់ភស្តុតាងនៃបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅ ABYEI ។ រូបភាពដែលទទួលបាន ហើយវិភាគដោយអង្គការក្រៅរដ្ឋាភិបាលនេះបង្ហាញពីការវាយប្រហារទាំងឡាយដោយរថក្រោះ និងការកំទេចបំផ្លាញភូមិឋាន។ មានការប្រមូលផ្តុំរថក្រោះ ឧទ្ធម្ភាគចក្រ និងការដាក់ពង្រាយកងទ័ពនៅតាមបណ្តោយវិថីសំខាន់ៗនៃក្រុង ABYEI ដែលបញ្ជាក់ថា ការលុកលុយចូល ABYEI ជាការគិតទុកមុន និងមានការរៀបចំយ៉ាងល្អ។
បណ្តារថក្រោះរបស់ស៊ូដង់ខាងជើងបានលុកកាន់កាប់ទីក្រុង ABYEI កាលពីថ្ងៃទី២១ ឧសភា កន្លងមកនេះ ដោយរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាពដែលបានបញ្ចប់សង្គ្រាមស៊ីវិលរយៈកាលពី ឆ្នាំ២០០៥រវាងស៊ូដង់ភាគខាងជើងដែលប្រជាជនកាន់សាសនាអ៊ិស្លាម និងស៊ូដង់ខាងត្បូងមានពួកគ្រឹស្ត និងពួកស្បែកខ្មៅ។ មនុស្សរវាងពី ៣០.០០០ទៅ៤០.០០០នាក់បានរត់ភៀសខ្លួនពីអំពើហិង្សាក្នុងតំបន់ ABYEI។
ប្រធានាធិបតីស៊ូដង់ លោកអូម៉ាអែលបេសៀរ អះអាងកាលពីថ្ងៃទី២៤ ឧសភា ថា ABYEI គឺជាដែនដីរបស់ស៊ូដង់ខាងជើង។ កងទ័ពរបស់យើងនឹងមិនដកថយចេញពីដែនដីនេះឡើយ។ ប្រធានាធិបតីស៊ូដង់អះអាងបែបនេះ ខណៈដែលសហគមន៍អន្តរជាតិទាមទារឱ្យស៊ូដង់ដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ ៕
ចែករំលែកព័តមាននេះ