ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណបក្សកាន់អំណាច ដាក់​ចេញ​ទិស​ដៅ​មួយ​ចំនួន ក្នុង​នោះ​ការពារ​រាជបល្ល័ង្ក

3 ខែ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បក្ស​កាន់​អំណាច បាន​គូសបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២៤​នេះ ត្រូវ​ប្រមូល​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ទិស​ដៅ​សំខាន់​ៗ ហើយ​ក្នុង​នោះ​ត្រូវ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក និង​អង្គ​ព្រះមហាក្សត្រ មិន​ឱ្យ​ជន​ណា​មក​បំពារ​បំពា​.​ន​បាន​ឡើយ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បក្ស​កាន់​អំណាច បាន​គូសបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២៤​នេះ ត្រូវ​ប្រមូល​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ទិស​ដៅ​សំខាន់​ៗ ហើយ​ក្នុង​នោះ​ត្រូវ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ រាជបល្ល័ង្ក និង​អង្គ​ព្រះមហាក្សត្រ មិន​ឱ្យ​ជន​ណា​មក​បំពារ​បំពា​.​ន​បាន​ឡើយ​។

នា​ឱកាស​អញ្ជើញ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ថ្ងៃជ័យ​ជម្នះ «៧​មក​រា​» នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា «​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ជា​រយៈពេល​ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង​សមធម៌ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ រយៈពេល​មធ្យម​របស់​កម្ពុជា​នៅ​ឆ្នាំ ២០៣០ និង​រយៈពេល​វែង​នៅ​ឆ្នាំ​២០៥០»​។

សម្ដេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បន្ដ​ថា «​ក្នុង​ន័យ​នេះ សម្រាប់​ឆ្នាំ​២០២៤ នេះ ត្រូវ​ប្រមូល​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​ទិស​ដៅ​សំខាន់​ៗ ដូច​ខាងក្រោម ៖

១- ការ​ប្តូរផ្តាច់​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព សង្គម​ឱ្យ​បាន​រឹង​មាំ ព្រមទាំង​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​របស់​ពលរដ្ឋ ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​។

២- ការ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក ការពារ​អង្គ​ព្រះ​មហា​ក្ស ត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត មិន​ឱ្យ​ជន​ណា​មក​បំពារបំពាន​.​បាន​ឡើយ​។

៣- ការ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឱ្យ​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​តាម​ការ​សង្ឃឹម និង​ជឿ ទុកចិត្ត​របស់​ប្រជាជន​។

៤- ការ​បន្ត​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​នៃ​កំណើន​ប្រកបដោយ​បរិ​យា​បន្ន តាម​រយៈ​ការ​គ្រប់គ្រង​អតិផរណា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប និង​ការ​រក្សា​ស្ថិរភាព​អា​ត្រា ប្តូរ​ប្រាក់ ព្រមទាំង​ជំរុញ​ការ​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មុត​ស្រួច​។

៥- ការ​រក្សា​លំនឹង​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាម​រយៈ​ការ​អភិវឌ្ឍ និង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​រួម​បញ្ចូល​នូវ​របប​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់​រូប ជា​ពិសេស​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រង​គ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ពី​គ្រោះអាសន្ន និង​វិបត្តិ​នានា ដោយ​មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ទទួល​រង​គ្រោះ​ដោយ​មិន​មានការ​យកចិត្តទុកដាក់​នោះ​ឡើយ​។

៦- ការ​ប្រមូល​កម្លាំង​សរុប​របស់​ជាតិ​ទាំងមូល ដើម្បី​កសាង​ប្រទេស និង​ការពារ​មាតុភូមិ​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ សំដៅ​សម្រេច​គោលដៅ​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​រយៈពេល​វែង ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​, ការពារ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​រួម​គ្នា​កម្ចាត់​នយោបាយ​ជ្រុលនិយម​ឱ្យ​ចេញ​ផុត​ពី​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​កិច្ច ព្រមព្រៀង​អំពី​កិច្ច​សហប្រតិបត្តិការ និង​សម្ព័ន្ធភាព​រវាង​បណ្ដា​គណបក្ស​នយោបាយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​គណបក្ស​ចំនួន​២៧​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ ២០២៣ ក៏​ដូច​ជា ការ​ជំរុញ​អនុវត្ត​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ប្រកបដោយ​ប្រសិទ្ធភាព​។

៧- ការ​គាំទ្រ​ដល់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

៨- ការ​បន្ត​ជំរុញ​អនុវត្ត​នូវ​នយោបាយ​ការ​បរទេស ដោយ​ឈរ​លើ​មូលដ្ឋាន​ឯករាជ្យ និង​ច្បាប់​អន្តរ​ជាតិ យកចិត្តទុកដាក់​ខ្ពស់​ដល់​ការ​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង ក៏​ដូច​ជាមួយ​ប្រទេស​ដៃគូ​រទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ព្រមទាំង​ការ​បន្ត​ចូលរួម​សកម្ម ដើម្បី​បុព្វហេតុ សន្តិភាព ស្ថិរភាព និង​ការ​ប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​នានា​នៃ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ