រាជធានីភ្នំពេញ ៖ ក្រោយស្ងប់ស្ងាត់មួយរយៈ ករណីក្រុមយុវជនជិះម៉ូតូបើកផ្លូវ នាំមុខឡានពេទ្យ ក្នុងរាជធានីភ្នំពេញ តែពេលនេះ លេចចេញមកទៀតហើយ សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូច បានធ្វើសកម្មភាពជិះម៉ូតូ នាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសកម្មភាពនេះ បង្កឲ្យមានរូបភាពអវិជ្ជមាន នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ និងបង្កភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះថា ចំពោះសកម្មភាពខុសច្បាប់ ដែលមនុស្សមួយចំនួនតូចនេះ បានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា អំពីផលវិបាក នៃសកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រ ត្រឹមត្រូវ ។
ដើម្បីលុបបំបាត់ នូវសកម្មភាពអវិជ្ជមានដូចខាងលើនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ ជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
យ៉ាងណា មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា មនុស្សមួយចំនួនតូចនេះ នឹងចូលរួមសហការបញ្ឈប់សកម្មភាពល្មើស។ ហើយអំពាវនាវដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តអប់រំកុំឲ្យប្រព្រឹត្តសកម្មភាពខុសច្បាប់នេះបន្តទៀត ។
គេនៅចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយហាមឃាត់ មិនឲ្យក្រុមអ្នកបើកបរម៉ូតូ បើកផ្លូវឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ បន្តធ្វើសកម្មភាព តទៅទៀតឡើយ។ ការហាមឃាត់នោះ ព្រោះថា សកម្មភាពរបស់ពួកគេ បានបង្កឲ្យមានបញ្ហាច្រើន ហើយក៏មានប្រជាពលរដ្ឋជាច្រើន បានរាយការណ៍អំពីបញ្ហានេះ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
ប៉ូលិស និងអាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់មិនឲ្យមានអ្នកបើកម៉ូតូ នាំមុខឡានសង្គ្រោះបន្ទាន់តទៅទៀត ព្រោះមើលទៅវាដូចជាបង្កភាពអនាធិបតេយ្យ និងបង្កឲ្យមានបញ្ហាច្រើន។ អ្នកបើកបរម៉ូតូនាំមុខឡានសង្គ្រោះបន្ទាន់ មានច្រើនក្រុម ដែលក្រុមខ្លះ មានបំពាក់សារ៉ែនថែមទៀត។ ក្រុមអ្នកបើកបរម៉ូតូទាំងនោះ មិនមានអង្គភាពអ្វីច្បាស់លាស់ និងខាងសមត្ថកិច្ចណា ទទួលស្គាល់នោះឡើយ ដោយគ្រាន់តែពួកគេ បង្កើតជាក្រុមៗ និងមិនមានការស្នើសុំការអនុញ្ញាតត្រឹមត្រូវណាមួយ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធនោះឡើយ ។
ប៉ូលិសធ្លាប់បានបញ្ជាក់ថា ចាប់ពីពេលនោះ ប្រសិនបើក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ នាំមុខរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនោះ នៅតែបន្តសកម្មភាពទៀត សមត្ថកិច្ចនឹងដកហូតអាវ និងសម្ភារៈរបស់ពួកគេ ព្រមទាំងឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបើនៅតែមិនស្ដាប់ តាមការណែនាំបន្តទៀត នោះសមត្ថកិច្ច នឹងចាត់វិធានការទៅតាមច្បាប់ ៕


ចែករំលែកព័តមាននេះ