រាជធានីភ្នំពេញ ៖ វត្ថុបុរាណចំនួន ២អង្គ ដែលប្រជាពលរដ្ឋប្រទះឃើញនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដឹកមកដល់សារមន្ទីរជាតិ រាជធានីភ្នំពេញហើយ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី នៃជាតិ ។
រូបព្រះពុទ្ធបដិមា២អង្គ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅពេលពលរដ្ឋជួលគ្រឿងចក្រមកកាយយកអាចម៌ដីស្រែ ដើម្បីយកមកចាក់នៅផ្ទះ ខណៈពេលកំពុងតែកាយយកអាចម៌ដីទើបតែបាន៣ឡាននោះ ស្រាប់តែគ្រឿងចក្រកាយប៉ះចំរូបព្រះពុទ្ធ២អង្គ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល ហើយក៏បានដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះទៅកន្លែងកើតហេតុផងដែរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្នោង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។
តាមការពិនិត្យជាក់ស្តែងរបស់ប្រធានសារមន្ទីរជាតិ និងមន្ត្រីជំនាញ ក៏បានសន្និដ្ឋានថា «រូបព្រះពុទ្ធទាំង២ព្រះអង្គខាងលើនេះ គឺជាវត្ថុបុរាណពិតប្រាកដមែន ហើយកសាងឡើងតាំងពីសតវត្សទី៧មកម្ល៉េះ» ។
អ្នកជំនាញ បានបញ្ជាក់ថា វត្ថុបុរាណចំនួន២ រួមមាន ៖
១-ព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិ កម្ពស់ ០,៨ម ព្រះភ្នែន ០,៦៧ម
២-ព្រះពុទ្ធរូបទ្រង់ឈរ កម្ពស់ ១,៥ម៉ែត្រ ជើងទម្រ ០,៦៧ម ។ វត្ថុបុរាណទាំង២អង្គ ធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា ។
ក្រោយពីពិនិត្យរួចរាល់ ក្រុមការងារជំនាញ និងអាជ្ញាធរដែនដី ក៏បានអនុញ្ញាតជូនព្រះពុទ្ធទាំង២ ព្រះអង្គ ទៅឲ្យខាងសារៈមន្ទីរជាតិរាជធានីភ្នំពេញ ដើម្បីយកទៅធ្វើការជួសជុល ហើយថែរក្សានៅរាជធានីភ្នំពេញ ៕


























ចែករំលែកព័តមាននេះ