ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មន្ទីរសាធារណការ​ដឹកថ្ម​ធ្វើផ្លូវ​បើក​បាក់ស្ពាន

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ពាន​​ដែក​បេឡេត៍​មួយ​កន្លែង​ប្រវែង​ជាង​១០​ម៉ែត្រ ​គឺ​ស្ពាន​លេខ​៤២ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១B ក្នុង​ឃុំ​កោះ​ធំ«ខ» ស្រុក​កោះ​ធំ បាន​បាក់​ស្រុត​ចំពាក់​កណ្តាល​ធ្លាក់​ដល់​​បាត​ព្រែក​ ដោយ​សារ​តែ​​រថយន្ត​​ធុន​ធំដឹក​ថ្ម​របស់​មន្ទីរ​​សាធា​រណ​ការ​ខេត្ត បើក​ឆ្លង​កាត់ កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ ថ្ងៃ​ទី​២៥ ឧសភា

ខេត្តកណ្តាល ៖ ស្ពាន​​ដែក​បេឡេត៍​មួយ​កន្លែង​ប្រវែង​ជាង​១០​ម៉ែត្រ ​គឺ​ស្ពាន​លេខ​៤២ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១B ក្នុង​ឃុំ​កោះ​ធំ«ខ» ស្រុក​កោះ​ធំ បាន​បាក់​ស្រុត​ចំពាក់​កណ្តាល​ធ្លាក់​ដល់​​បាត​ព្រែក​ ដោយ​សារ​តែ​​រថយន្ត​​ធុន​ធំដឹក​ថ្ម​របស់​មន្ទីរ​​សាធា​រណ​ការ​ខេត្ត បើក​ឆ្លង​កាត់ កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ ថ្ងៃ​ទី​២៥ ឧសភា ។ ទោះ​បី​ជា​បែប​ណា ​រថយន្ត​​ដឹក​ថ្ម​នោះ​មិន​បាន​ក្រឡាប់​ធ្លាក់​​​ចុះ​ក្នុង​ព្រែក​​ជា​មួយ​ស្ពានទេ ដោយ​សារ​តែ​​ស្ពាន​ដែកបាក់​​ស្រុត​យឺតៗ​​ ​ហើយ​អ្នក​បើក​បរ​​ដឹង​មុន​​ក៏​​​ប​ង្កើន​ល្បឿន​បើក​ឡើង​​ផុតពី​តួ​​ស្ពាន​ទាន់​ពេលវេលា ។

​ក្នុង​ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​កក​ស្ទះ​​ចរា​​ចរណ៍​​មួយ​ព្រឹក​ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​​ទើប​ខាង​សាធារណ​ការ​​យក​គ្រឿង​ចក្រ​​ទៅ​ឈូស​ដីលុបព្រែក​ធ្វើ​ផ្លូវ​វាង​ដែល​អាច​ឱ្យធ្វើ​ចរា​ចរណ៍​​​​បណ្តោះ​អាសន្នបាន​វិញ ។ សាក្សី​បាន​​ឱ្យ​ដឹង​ថា ​ស្ពាន​លេខ​៤២ ជា​ប្រភេទ​​ស្ពាន​ដែក​បេឡេត៍​ទ្រុឌ​ទ្រោមមួយ​ ។ នៅ​ថ្ងៃ​កើត​ហេតុ​រថយន្ត​ធុន​ធំ​ប្រភេទ​យីឌុបដឹក​ថ្ម​ពេញ​ តាម​ទំនង​ប្រហែល​មាន​ចំណុះ​លើស​ពី​៣០​តោន​បាន​បើក​ពី​ទិស​ខាង​ជើង​​ទៅ​​ទិស​ខាង​ត្បូង​​ លុះ​បើ​ក​ឡើង​​លើ​ស្ពាន​លេខ​៤២ នោះ ស្រាប់​តែ​​ដែក​ស្ពាន​បាន​ទន់​កោង​ស្រុត​ចុះ​។ ឃើញ​បែប​នេះ ​អ្នក​បើក​បរ​​រថយន្ត​​បាន​បន្ថែម​ល្បឿន​ឡើង​ផុត​ពី​ស្ពាន​​មិន​បណ្តាល​ឱ្យ​រថយន្ត​នោះ​​​ក្រឡាប់ ឬ​ធ្លាក់នៅ​ក្នុង​ព្រែក​នោះ​ទេ​ ដោយ​សារតែ​ស្ពាន​បាក់​ស្រុត​​យឺតៗ ។

មន្ត្រី​សាធារណ​ការ​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹងថា ស្ពាន​លេខ​៤២ នេះ ​ជា​ស្ពាន​ទ្រុឌ​ទ្រោម​ខ្លាំង​បំផុត ហើយ​ខាង​មន្ទីរ​ក៏​​មាន​គំរោង​​​​ធ្វើ​​ស្ពាន​​នោះឡើង​វិញ​ផង​​ដែរ ។ ​ហើយ​រថយន្ត​ដែល​ធ្វើ​​ឱ្យ​​ស្ពាន​​​លេខ​៤២ បាក់​នោះ គឺ​ជា​រថយន្ត​របស់​មន្ទីរ​សាធារណ​ការ​ខេត្ត​កណ្តាល គឺ​​រថយន្ត​របស់​មន្ទីរ​ខ្លួន​ឯងដែល​ដឹក​ថ្ម​យក​ទៅ​​ធ្វើ​ការ​​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​២១B នៅ​ក្នុង​ស្រុក​កោះ​ធំ​នោះ ។ ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ​ខាង​សាធា​រ​ណ​​ការ​​ខេត្ត​បាន​សម្រុក​ធ្វើ​ការ​​ជួស​ជុល​ផ្លូវដែល​ខូច​ខាត​នៅ​ក្នុងស្រុក​ស្អាង​ និង​ស្រុក​កោះ​ធំ​ ដោយ​ប្រើ​រថយន្ត​​​ដឹក​ថ្ម​ជាង​១០​គ្រឿង​ គឺ​សម្រុក​ធ្វើ​ឱ្យ​ហើយ​​មុន​រដូវ​វស្សា​​ចូល​មក​ដល់ ។ មន្ត្រី​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នៅតាម​ផ្លូវ​ជាតិ​លេខ​២១B មាន​ស្ពាន​សរុបទាំង​អស់​​​៧៨​ស្ពាន ហើយ​​ស្ពាន​ភាគ​ច្រើន​ជា​ស្ពាន​ចាស់​​​ទ្រុឌ​ទ្រោម​​​ដូច្នេះ​​ការ​ធ្វើ​ចរា​ចរណ៍​ គឺ​កំណត់​​​មិន​ឱ្យ​ផ្ទុក​​លើស​ពី​១៥​តោន​ឡើយ ៕