ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Airbus និង​ប្រទេស​បារាំង​ ត្រៀម​ស៊ើបអង្កេត​ករណី​ឆេះ​យន្តហោះ​នៅ​​ជប៉ុន

3 ខែ មុន

ទីក្រុង​តូ​ក្យូ​៖ ក្រុមហ៊ុន​អ៊ែ​រ​បឺស និង​រដ្ឋាភិបាល​បារាំង​ត្រៀម​បញ្ជូន​ក្រុមការងារ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​

ទីក្រុង​តូ​ក្យូ​៖ ក្រុមហ៊ុន​អ៊ែ​រ​បឺស និង​រដ្ឋាភិបាល​បារាំង​ត្រៀម​បញ្ជូន​ក្រុមការងារ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ស៊ើបអង្កេត​សំណុំរឿង​យន្តហោះ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ពេល​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ហា​នេ​ដា (Haneda) នៃ​ទីក្រុង​តូ​ក្យូ​កាលពី​ល្ងាចម្សិលមិញ​។ ដោយសារ​យន្តហោះ​ដែល​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​ម៉ាក​អ៊ែ​រ​បឺស​អា​៣៥០ (Airbus A350) ដូចនេះ ក្រុមហ៊ុន​អ៊ែ​រ​បឺស​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​ដើម្បី​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​។ គួររំលឹកថា អ្នកដំណើរ​ជប៉ុន​ជម្លៀស​ខ្លួន​ដោយ​សុវត្ថិភាព​ចេញពី​យន្តហោះ​កំពុង​ឆេះ

សូម​​​រំលឹកឡើងវិញ​ថា​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ យន្តហោះ​អ៊ែ​រ​បឺស​ខាងលើ​ចុះ​ចត​នៅ​លើ​ផ្លូវ​សុខ​ៗ ស្រាប់តែ​បើក​ទៅ​បុក​មួយ​ទំហឹង​ជាមួយ​យន្តហោះ​ខ្នាត​តូច​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្ទ​ជប៉ុន បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​រំពេច​។ ប៉ុន្តែ​សំណាងល្អ អ្នក​ជិះ​នៅ​ក្នុង​យន្តហោះ​អ៊ែ​រ​បឺស​ដែល​មាន​គ្នា​សរុប​៣៧៩​នាក់ (​អ្នកដំណើរ​៣៦៧​នាក់ និង​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​១២​នាក់​) អាច​រួច​ផុត​ពី​សេចក្ដីស្លាប់​យ៉ាង​ចម្លែក​។

ដោយឡែក​ងាក​មក​ចាប់អារម្មណ៍​ទៅ​លើ​ក្រុមហ៊ុន​អ៊ែ​រ​បឺស និង​រដ្ឋាភិបាល​បារាំង​ដែល​គ្រោង​បញ្ជូន​មនុស្ស​ទៅ​ជប៉ុន​វិញ​ម្ដង​។ តាម​រយៈ​សេចក្ដីថ្លែងការណ៍​ចុះ​ផ្សាយ​កាលពី​យប់មិញ ក្រុមហ៊ុន​អ៊ែ​រ​បឺស​បញ្ជាក់​ថា​យន្តហោះ​ម៉ាក​អា​៣៥០ (A350)​នោះ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ជប៉ុន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ (​គិត​ទៅ​យន្តហោះ​នៅ​ថ្មី​នៅឡើយ​ទេ​)​។

ក្រុមហ៊ុន​ថ្លែង​បន្ត​ទៀត​ថា​ការ​ចាត់​ក្រុមការងារ​ចុះ​ទៅ​ប្រទេស​ជប៉ុន​លើក​នេះ​ស្រប​ទៅ​តាម​ការ​ផ្ដល់​អនុសាសន៍​ពី​សំណាក់​ស្ថាប័ន​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ (International Civil Aviation Organization)​។ គោលបំណង​ធំ​របស់​ក្រុមហ៊ុន​គឺ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​អាជ្ញាធរ​ជប៉ុន​ដែល​ធ្វើការ​លើ​ផ្នែក​ធានា​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​។ ទន្ទឹម​នឹង​នោះ​កាលពី​យប់មិញ ទីភ្នាក់ងារ​អាកាសចរណ៍​ប្រទេស​បារាំង​ប្រាប់​ថា​ខ្លួន​ក៏​ត្រៀម​បញ្ជូន​ក្រុម​អ្នកស៊ើប​អង្កេត​ទៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ឆេះ​យន្តហោះ​នេះ​, គេ​អាច​ដឹង​តម្រុយ​ខ្លះ​ៗ​ជា​បណ្ដើរ​ៗ​ហើយ​។ មុន​ពេល​កើតហេតុ​, ក្រុម​អ្នកត្រួតពិនិត្យ​ការ​ហោះហើរ​នៅ​ព្រ​លាន​យន្តហោះ​ហា​នេ​ដា (Haneda) នៃ​ទីក្រុង​តូ​ក្យូ បានឱ្យ​សញ្ញា​ទៅ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​អ៊ែ​រឡាញ (Japan Airlines) ថា​អាច​ចុះ​ចត​បាន​។ ពេល​នោះ ដោយសារ​យន្តហោះ​ខ្នាត​តូច​របស់​ឆ្មាំ​ការពារ​ដែន​សមុទ្ទ​ជប៉ុន​ក៏​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​តែ​មួយ អ្នកត្រួតពិនិត្យ​ការ​ហោះហើរ​ក៏​ឱ្យ​សញ្ញា​ទៅ​យន្តហោះ​ខ្នាត​តូច​នោះ​ឱ្យ​ទច់​ដំណើរ​មួយ​គ្រា​សិន កុំ​ទាន់​ហោះ​ឡើង ចាំ​អ៊ែ​រ​បឺស​ចុះ​ចត​ដល់​ដី​សិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​។

ដោយសារ​ទទួល​បាន​សញ្ញា​នេះ​ហើយ​ទើប​យន្តហោះ​ជប៉ុន​អ៊ែ​រឡាញ​ចុះ​ចត​នៅ​លើ​ផ្លូវ ហើយ​ក៏​បុក​គ្នា​មួយ​ទំហឹង បង្កើត​ជា​អណ្ដាតភ្លើង​ឆាបឆេះ​មួយ​រំពេច​នៅ​ម៉ោង​៦​ល្ងាច (​ត្រូវ​នឹង​ម៉ោង​៤​រសៀល​នៅ​កម្ពុជា​)​។ យន្តហោះ​ទាំង​ពីរ​គ្រឿង​ក៏​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ដូច​គ្នា​។ នៅ​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​ខ្នាត​តូច​នោះ មាន​តែ​អាកាសយានិក​ធំ ឬ​កា​ពី​ទែន​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​។ ចំណែក​មនុស្ស​៥​នាក់​ទៀត​ស្លាប់​ទាំងអស់​។

ដោយឡែក អ្នក​ជិះ​នៅ​ក្នុង​យន្តហោះ​អ៊ែ​រ​បឺស​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​។ ពួក​គេ​ខំ​ទប់​អារម្មណ៍​មិន​ឱ្យ​ជ្រួលច្របល់​ខ្លាំង​ពេក ទោះបី​អ្នកខ្លះ​ស្រែក​កងរំពង​ចេញពី​ក្នុង​យន្តហោះ​ដែល​ត្រូវ​ភ្លើង​ឆេះ និង​បញ្ចេញ​ផ្សែងហុយ​ទ្រលោម​ពេញ​ផ្ទៃ​អាកាស​។ ពួក​គេ​ខំប្រឹង​បើកទ្វារ​នៅ​លើ​យន្តហោះ​ចំនួន​បី​ឱ្យ​ចំហ​ទាំងអស់ ហើយ​ចុះ​ពីលើ​នោះ​តាម​សម្រួល​។ អ្នកខ្លះ​ដាក់​ជា​សំណួរ​ថា​តើ​នេះ​ជា​អព្ភូតហេតុ​អស្ចារ្យ ឬ​ជា​សំណាង​មួយ​នៅ​ក្នុង​ចំណោម​មួយ​ម៉ឺន​គ្រោះថ្នាក់​ឬ​យ៉ាងណា​ដែល​ពួក​គេ​អាច​រំដោះខ្លួន​ចេញ​ដោយ​សុវត្ថិភាព? (ប្រភព​៖ NHK និង​ប្រភព​ដទៃ​ទៀត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ