ទីក្រុងតូក្យូ៖ គ្រាន់តែឆ្លងចូលឆ្នាំ២០២៤ភ្លាម ប្រទេសជប៉ុនហាក់ដូចជាយីអ៊ុនដាក់ខ្លាំងមែនទែន។ ប្រទេសនេះជួបនឹងគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤៨នាក់, និងខូចខាតទ្រព្យសម្បត្តិជាច្រើន មិនទាន់បញ្ចប់នៅឡើយផង ឥឡូវនេះ មានហេតុការណ៍ឆេះយន្តហោះដឹកអ្នកដំណើរនៅអាកាសយានដ្ឋាននៃទីក្រុងតូក្យូថែមទៀត។ សាក្សីនិយាយថាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍សរុបចូលគ្នាស្មើនឹង៣៧៩នាក់អាចជម្លៀសខ្លួនដោយសុវត្ថិភាព។
សាក្សីនិយាយថាយន្តហោះនេះប៉ះទង្គិចគ្នាជាមួយយន្តហោះខ្នាតតូចមួយគ្រឿងរបស់ឆ្មាំការពារដែនសមុទ្ទ។ ដោយឡែក បុគ្គលិក៥នាក់នៅក្នុងចំណោម៦នាក់ដែលស្ថិតនៅក្នុងយន្តហោះរបស់ឆ្មាំការពារដែនសមុទ្ទមិនទាន់ដឹងថាស្លាប់ ឬរស់នៅឡើយទេ។ នៅក្នុងចំណោមនោះ មានតែអាកាសយានិកធំម្នាក់ប៉ុណ្ណោះដែលគេដឹងថាគាត់អាចរួចផុតជីវិតពីគ្រោះថ្នាក់។
តាមរយៈរូបភាពនៅកន្លែងកើតហេតុដែលផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍អឹនអេចខេជប៉ុន (NHK) គេឃើញយន្តហោះម៉ាកអ៊ែរបឺសអា៣៥០ (Airbus A350) របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ (Japan Airlines) ឆេះនៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីយន្តហោះបើកចាកគន្លងផ្លូវនៅពេលចុះចត។ ទោះបីទីភ្នាក់ងារពន្លត់អគ្គិភ័យនៅអាកាសយានដ្ឋានព្យាយាមអស់ពីសមត្ថភាពដើម្បីពន្លត់ភ្លើងយ៉ាងណាក្ដី ក៏ប៉ុន្តែនៅទីបញ្ចប់ភ្លើងឆេះពេញបន្ទុកតែម្ដង។
នេះជារឿងគួរឱ្យភ្ញាក់ផ្អើលមួយហើយ ប៉ុន្តែរឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដែលអាចចាត់ទុកថាជាអព្ភូតហេតុចម្លែកក៏បានដេរគឺទោះបីត្រូវហ៊ុមព័ទ្ធដោយភ្លើងយ៉ាងនេះក្ដី ក៏អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍អាចជម្លៀសខ្លួនដោយសុវត្ថិភាពគ្រប់ៗគ្នាដោយគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ។ ក្នុងនោះ អ្នកដំណើរ៣៦៧នាក់ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍១២នាក់។
តាមរយៈវីឌីអូឃ្លីបដែលគេចែកចាយតគ្នាយ៉ាងព្រោងព្រាតតាមបណ្ដាញសង្គម គេឃើញអ្នកដំណើរដែលស្ថិតនៅក្នុងយន្តហោះកំពុងឆាបឆេះនោះស្រែកកងរំពងចេញពីក្នុងយន្តហោះ ខណៈដែលមានភ្លើង និងផ្សែងហុយទ្រលោមទៅលើអាកាស។ អ្នកខ្លះចុះដល់ដី ហើយរត់ប្រសាចពេញដងផ្លូវ។ អ្នកនាំពាក្យឆ្មាំការពារដែនសមុទ្ទជប៉ុនថ្លែងថាការប៉ះគ្នារវាងយន្តហោះដឹកអ្នកដំណើរ និងយន្តហោះរបស់ឆ្មាំសមុទ្ទកើតឡើងនៅពេលយន្តហោះឆ្មាំសមុទ្ទត្រៀមចាកចេញដំណើរឆ្ពោះទៅអាកាសយានដ្ឋាននីអ៊ីហ្កាតាក់ (Niigata airport) ដើម្បីយកជំនួយទៅចែកជូនអ្នកដែលកំពុងជាប់ផុងនៅមួយកន្លែងដោយសារការរញ្ជួយដី។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ (Japan Airlines) ថ្លែងថាយន្តហោះរបស់ខ្លួនមួយគ្រឿងចាកចេញពីអាកាសយានដ្ឋានស៊ីនឈីតូសេ (Shin-Chitose) ស្ថិតនៅលើកោះហុកកៃដូ (Hokkaido)។ ក្រោយហេតុការណ៍នេះ នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាដើម្បីវាយតម្លៃទៅលើទំហំនៃការខូចខាតឱ្យបានជាប្រញាប់ ដើម្បីរាយការណ៍ជូនសារណជនឱ្យបានជ្រាបច្បាស់អំពីស្ថានការណ៍ពិត។ នេះបើយោងតាមការប្រកាសរបស់ខុទ្ទកាល័យរបស់លោក៕
ប្រភព៖ Reuters
https://www.reuters.com/world/asia-pacific/fire-breaks-out-plane-runway-japans-tokyo-haneda-airport-nhk-2024-01-02/
ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបង្ហាញថាមនុស្ស៥នាក់ដែលស្ថិតនៅក្នុងយន្តហោះខ្នាតតូចរបស់ឆ្មាំការពារដែនសមុទ្ទជប៉ុនបានស្លាប់ហើយ ហើយគេបានរកឃើញសាកសពរបស់ពួកគេគ្រប់ចំនួនរួចហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េ (AFP) ដែលដកស្រង់ប្រភពពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនអឹនអេចខេ (NHK) ក៏បានបញ្ជាក់ថាអ្នកទាំងប្រាំនាក់នោះបានស្លាប់ពិតប្រាកដមែន។ និយាយដោយសង្ខេប មានតែអាកាសយានិកធំ (captain) ម្នាក់គត់នៅក្នុងចំណោម៦នាក់នោះដែលអាចរួចផុតពីសេចក្ដីស្លាប់។ ប៉ុន្តែគាត់ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ទម្រាំអាចរំដោះខ្លួនចេញពីហេតុការណ៍ដ៏រន្ធត់នេះ៕
ប្រភព៖ BBC
https://www.bbc.com/news/live/world-asia-67862184





ចែករំលែកព័តមាននេះ