ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីគូទប៉ោងមួយគ្រឿងដឹកឈើគ្រញូងពេញត្រូវបានសមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចអធិការកិច្ចអគ្គបញ្ជាការកងទ័ពជើងគោក ដេញស្ទាក់ចាប់បានកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ឧសភា ២០១១ នៅចំណុចផ្លូវបំបែកចូលវត្តទួលខ្សាច់ ភូមិទួលខ្សាច់ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
លោកជិន សុផាត ប្រធានការិយាល័យប៉ូលិសសេដ្ឋកិច្ចខេត្តបាននិយាយឱ្យដឹងថា ដោយទទួលបាននូវព័ត៌មានស្តីពីរថយន្តដឹកឈើចេញពីខេត្តពោធិ៍សាត់កាត់ខេត្តកំពង់ឆ្នាំង គឺរថយន្តម៉ាកកាមរីគូទប៉ោង ស៊េរី៩៥ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ភ្នំពេញ 2F-7750 មានមនុស្សជិះ៤នាក់ ជាការបំភាន់ភ្នែកសមត្ថកិច្ចផងនោះ លោកក៏បានដាក់កម្លាំងស្ទាក់ចាប់នៅចំណុចទទួលខ្ពស់ ក្នុងភូមិទួលខ្ពស់ ឃុំមេលំ ស្រុកបរិបូរណ៍ ។ ពេលនោះលោកក៏បានឃើញរថយន្តដែលមានភិនភាគដូចខាងលើ មកដល់ ប៉ុន្តែហៅមិនឈប់ ទើបលោកដេញតាមក្រោយរហូតតាមថ្នល់ជាតិលេខ៥។ រថយន្តដឹកឈើបានបើកគេចចុះឡើងៗក្នុងខេត្តរហូតទើបឡើងតាមថ្នល់ជាតិ រួចក៏រត់ទៅចូលតាមផ្លូវវត្តទួលខ្សាច់ ទើបរត់លែងរួច ហើយជនល្មើសដែលមានគ្នា៤នាក់បានរត់គេចចូលព្រៃបាត់អស់។
រថយន្ត និងឈើនេះត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ សមត្ថកិច្ចបានត្រួតពិនិត្យ និងរាប់ឃើញឈើគ្រញូងក្នុងរថយន្តនោះចំនួន១៥០ដុំ ។ លោកនាយការិយាល័យបានបន្ថែមថា ក្រោយពីរថយន្តមកដល់ស្នងការដ្ឋាន ក្រុមជនល្មើសបានទូរស័ព្ទមកលោកសុំចរចាបង់ប្រាក់ដោះលែងរថយន្ត ប៉ុន្តែលោកមិនព្រមទេ គឺធ្វើតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ