ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​​ការណ៍​​តាម​​តំបន់​​ជាយ​​ដែន​មាន​​ការ​​ស្ងប់​ស្ងាត់​​ក្រោយ​​ពេល​​ឈប់​​បា.ញ់​គ្នា​

14 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-សៀមចំណុច​ប្រាសាទ​តា​ក្របី​ ប្រាសាទ​តាមាន់​ធំ ប្រាសាទ​ខ្នា​រថ្មដូន ​ជប់​គគី​រយ៉ាង​​ធ្ងន់​ធ្ងរ​​បណ្តាល​​ឱ្យ​កង​ទ័ព​ទាំង​សង​ខាង​​រង​របួស​ និង​​ស្លា.ប់​អស់​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​ទី​២២ មេសា រហូត​ដល់​ថ្ងៃ​ទី​៣ ឧសភា មក​ ពេល​នេះ​បាន​ស្ងប់​ស្ងាត់​ឡើង​វិញ​ហើយ​

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-សៀមចំណុច​ប្រាសាទ​តា​ក្របី​ ប្រាសាទ​តាមាន់​ធំ ប្រាសាទ​ខ្នា​រថ្មដូន ​ជប់​គគី​រយ៉ាង​​ធ្ងន់​ធ្ងរ​​បណ្តាល​​ឱ្យ​កង​ទ័ព​ទាំង​សង​ខាង​​រង​របួស​ និង​​ស្លាប់​អស់​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​ទី​២២ មេសា រហូត​ដល់​ថ្ងៃ​ទី​៣ ឧសភា មក​ ពេល​នេះ​បាន​ស្ងប់​ស្ងាត់​ឡើង​វិញ​ហើយ​។

លោក​វរ​សេនីយ៍​ឯក នាក់​ វង្ស​ មេ​បញ្ជា​ការ​រង​ និង​ជា​នាយ​សេនា​ធិការ​កង​ពល​ថ្មើរ​ជើង​​លេខ​៤២​ប្រចាំ​តំបន់​ប្រាសាទ​តាមាន់​ធំ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ​កង​ទ័ព​កម្ពុជា​ និង​កង​ទ័ព​សៀម​ដែល​​ផ្ទុះ​អាវុធ​ និង​បើក​ការ​ប្រយុទ្ធ គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃនោះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​ថ្នាក់​ដឹក​នាំ​យោធា​របស់​សៀម​បាន​ស្វែង​រក​ផ្លូវ​ចរចា​គ្នា​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​​-សៀម​។ លោក​បញ្ជាក់​ថា ទោះ​ជា​មាន​ការ​ចរចា​គ្នាថ្នាក់​ភូមិ​ភាគ​រួច​មកក្តី​​កង​ទ័ព​សៀម​នៅ​តែ​បន្ត​ផ្ទុះ​អាវុធ​ រហូត​មក​ដល់​ថ្ងៃ​ទី​៣ និង​ទី ៤ ឧសភា ទើប​មាន​សភាព​ស្ងប់​ស្ងាត់​រហូត​មក​ទល់​ពេល​នេះ គឺ​សភាព​ការណ៍​​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ពុំ​មាន​អ្វី​ឱ្យ​ប្រែ​ប្រួល​​ទេ គឺ​កង​ទ័ព​ទាំង​សង​ខាង​ស្ថិត​នៅ​តាម​គោល​ដៅ​រៀងៗ​ខ្លួន​។

លោក​វ៉ាត​ ប៉ារ៉ា​នីន នាយក​សាលា​ខេត្ត​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ការ​ផ្ទុះ​អាវុធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​រវាង​កង​ទ័ព​កម្ពុជា និង​កង​ទ័ព​​សៀម​នោះ គឺ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាមខ្សែ​បន្ទាត់​ព្រំ​ដែន​បាន​ភៀស​ខ្លួន​ចាក​ចេញ​ពី​លំនៅ​ឋាន​រាប់​ម៉ឺន​នាក់​រក​កន្លែង​​សុវត្ថិ​ភាព​ ដែល​មាន​ទី​តាំង​ចំនួន​៩​ជំរំ ​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង ដោយ​បាន​ទទួល​អំណោយ​ពី​សប្បុរស​ជន​អំណោយ​កាក​បាទ​ក្រហម​កម្ពុជា និង​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អាជ្ញា​ធរ​ខេត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​។

លោក​នាយក​សាលា​ខេត្ត​បញ្ជាក់​ថា​ បន្ទាប់​ពី​មាន​សភាព ស្ងប់​ស្ងាត់​ អាជ្ញា​ធរ​ខេត្ត​បាន​​សុំឱ្យ​ស៊ីម៉ាក់​ទៅ​តាម​ចំណុច​ភូមិ​នីមួយៗ​ជួយ​ប្រមូល​គ្រាប់​ដែល​ពុំ​ទាន់​ផ្ទុះ​ដោយ​សារ​តែ​ការ​បាញ់​ផ្លោង​របស់​សៀម​យក​ទៅ​កំទេច​ចោល។​ លើស​ពី​នោះ​អាជ្ញា​ធរ​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ និង​សិស្ស​សាលា​​បើ​ប្រទះ​ឃើញ​គ្រាប់​ពុំ​ទាន់​ផ្ទុះ​កុំ​យក​ដៃ​ទៅ​ប៉ះ​ពាល់ និង​ត្រូវ​រាយ​ការណ៍​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ជា​បន្ទាន់​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ចូល​ទៅ​រស់​នៅ​ក្នុង​​​ភូមិ​វិញ ព្រោះ​ថា ដល់​រដូវ​បង្ក​បង្កើន​ផល​ស្រូវ​វស្សា​ហើយ​។ អាជ្ញា​ធរ​ខេត្ត​បានផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជីក​លេណ​ដ្ឋាន​ឱ្យ​បាន​គ្រប់​គ្រសារ​ គឺ​ជា​គោល​ការណ៍​សំខាន់​បំផុត​។

លោក​នេត្យ ដារ៉ា ប្រធាន​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​ច្រក​ទ្វារ​អន្តរ​ជាតិ​ចំនួន​២​កន្លែង​ គឺ​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​ស្មាច់​ ស្ថិត​នៅ​សង្កាត់​​អូរ​ស្មាច់​ក្រុង​សំរោង​ និង​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង​។ មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ទាំង​ពីរ​នេះ​ការ​បិទ​ និង​បើក​ចេញ​តែ​ពី​ខាង​ភាគី​សៀម​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ទី​២២​ មេសា មាន​ការ​ផ្ទុះ​អាវុធ​នៅ​ប្រាសាទ​តាមាន់​ និង​ប្រាសាទ​តា​ក្របី​ភាគី​សៀម​បាន​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ​ទាំង​២​រហូត​មក​ទល់​ថ្ងៃ​ទី​៤ ឧសភា ទើប​បើក​វិញ តែ​សំរាប់​ការ​ដោះ​ដូរ​ទៅ​លើ​មុខ​ទំនិញ​រវាង​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​​ប្រទេស​ គឺ​​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​នាំ​ចូល​ទៅ​លើ​មុខ​ទំនិញ​ដូច​ជា​កង់​ជជុះ​ ខោ​អាវ​គីប ​ផ្សិត ​ចុង​ផ្តៅ និង​បន្លែ​ឈើ​ព្រៃ​ ចំណែក​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​ស្មាច់​ ប្រជា​ពល​រដ្ឋ​ចូល​ទៅ​លក់​ដូរ​នៅ​ផ្សារ​សៀម​​ជា​ធម្មតា​ ។ ដោយ​ឡែក​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នាំ​ចេញ​ម្ទេស ដូង​ ចុង​ផ្តៅ និង​បន្លែ​ស្លឹក​ឈើ​ព្រៃ។

លោក​បន្ត​ទៀត​ថា បើ​ប្រជា​ពល​រដ្ឋ​សៀម​វិញ ​នាំចូល​តែ​គ្រឿង​ទេសប៉ុណ្ណោះ​ ព្រោះក្រុម​ឈ្មួញ​ខ្មែរ​ និង​ក្រុម​ឈ្មួញ​ធំៗ របស់​សៀម​ពុំ​មាន​ការ​ទុក​ចិត្ត​ សភាព​ការណ៍​ព្រំ​ដែន​ដែល​មិន​ទៀង​ទាត់​ ។ ​បញ្ហា​ធំ​បំផុត​គឺប្រេង​ឥន្ធនៈ និង​គ្រឿង​សំណង់​ ខាង​សៀម​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​ដោយ​ខ្លាច​កម្ពុជា​យក​ធ្វើ​ជា​លេណ​ដ្ឋាន​ និង​ធ្វើ​កាស៊ីណូ​។ ខាង​សៀម​និយាយ​ថា បើ​កម្ពុជា​ដឹក​ជញ្ជូន​ពី​ភ្នំពេញ​ក៏​ប្រើ​ពេល​ និង​ចំណាយ​ថវិកា​ច្រើន​ទើប​កសាង​បាន​​។ ទោះ​បី​ជា​បែប​ណាក្តី ​មន្ត្រី កម្ពុជា​និយាយថា ថ្វី​បើ​ខាង​សៀម​ហាម​ក៏​ដោយ​ ក៏​មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ទេ ព្រោះ​​យើង​មាន​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​ កាន់​តែ​ប្រសើរ​​ពិត​ជាមិន​​ចោទ​ឡើយ ៕