ខេត្តក្រចេះ ៖ រថយន្តកូរ៉េមួយគ្រឿងចំណុះ២តោនកន្លះដឹកស្រូវ បានជួបឧប្បត្តិហេតុក្រឡាប់បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ រីឯអ្នកបើកបររត់គេចខ្លួនបាត់ដោយសារតែរថយន្តដឹកស្រូវនេះក្អួតចេញសុទ្ធតែឈើប្រណីតទៅវិញ។
តាមប្រភពព័ត៌មានពីស្រុកស្នួលបានឱ្យដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៤ ឧសភា មានរថយន្តកូរ៉េដឹកស្រូវប្រភេទ២តោនកន្លះមួយគ្រឿងពណ៌ខៀវ ពុំមានស្លាកលេខ បានរេចង្កូតប្រះខ្លួនដេកស្តូកកណ្តាលផ្លូវនៅចំណុច៨៨ ឃុំពីរធ្នូ ស្រុកស្នួល ទល់មុខបន្ទាយយោធាវរៈលេខ២០៤ បណ្តាលឱ្យធ្លាយស្រូវចេញមកក្រៅពាសពេញផ្លូវ ហើយក្នុងនោះដែរគេឃើញមានឈើធ្នង់ជាច្រើនដុំធំៗដែលបង្កប់នៅខាងក្រោមបាវស្រូវក៏ខ្ទាតចេញមកក្រៅដែរ។ ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តមួយគ្រឿងនេះគឺជាមុខសញ្ញារបស់សមត្ថកិច្ចប៉ូលិសកំពុងតែតាមប្រមាញ់ ក្នុងករណីលួចដឹកឈើប្រណីតដោយប្រើរូបភាពដឹកស្រូវពីលើបង្កប់ឈើពីក្រោម បំណងយកទៅដាក់ក្នុងបន្ទាយយោធាវរៈលេខ២០៤ ប៉ុន្តែមិនទាន់បានចូលដល់គោលដៅផងក៏ជួបឧប្បត្តិហេតុក្រឡាប់តែម្តង។
ក្រោយពីជួបហេតុការណ៍ខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា រថយន្តមួយគ្រឿងនេះមានផ្ទុកឈើប្រណីតប្រភេទធ្នង់ចំនួន៧ដុំធំៗ និងមានទាំងបាវស្រូវមួយចំនួនទៀត តែឈើទាំងនេះសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។ ទោះជាយ៉ាងណានៅក្នុងឧប្បតិ្តហេតុនេះ ពុំបណ្តាលឱ្យនរណាម្នាក់រងរបួសទេ ឯអ្នកបើកបរបានរត់គេចខ្លួនបាត់ ហើយទាំងរថយន្ត ទាំងឈើប្រណីត ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ៕
ចែករំលែកព័តមាននេះ