រាជធានីភ្នំពេញ ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានអាជ្ញាធរទន្លេសាប បានប្រកាសឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០១ ប.ប ចុះថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងធនធានទឹក សហការជាមួយអាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី ក្រុមប្រតិបត្តិការពិសេស អាជ្ញាធរមូលដ្ឋានខេត្តទាំង៨ នៅជុំវិញ បឹងទន្លេសាប នឹងចុះអនុវត្តជាក់ស្តែងនូវការបំផ្លាញចោលការដាក់សម្រាស់ ធ្នស់ ព្រួល សំណង់កាត់ទទឹងទន្លេ ស្ទឹង ព្រែក អូរ បឹងបួ រយៈពេលត្រឹម២សបា្តហ៍ ចាប់ពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ ។
លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបបានប្រកាសឱ្យដឹងបែបនេះនាព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសាលប្រជុំរបស់អាជ្ញាធរទន្លេសាបជិតរង្វង់មូលក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងការអនុវត្តន៍បទបញ្ជារបស់រាជ រដ្ឋាភិបាលលេខ០១ ប.ប នេះ លោករដ្ឋមន្ត្រីលឹម គានហោ បានមានប្រសាសន៍ថា ការដាក់សម្រាស់ ធ្នស់ ព្រួល កាត់ទទឹងទន្លេ ព្រែក អូ បឹងបួ តាមការស្រាវជ្រាវដឹង គឺគ្រាន់តែ៥ខេត្ត-ក្រុងមានរហូតដល់១៤៣កន្លែង ។ ក្នុង១៤៣កន្លែងនេះយើងមានការយាមកាមច្បាស់លាស់ ព្រមទាំងមានឯកសារគ្រប់គ្រាន់ ហើយកិច្ចការនេះ គឺមិនមែនទើបតែនឹងចាប់ផ្តើមធ្វើទេ គឺចាប់ផ្តើមធ្វើរយៈពេលជាងមួយឆ្នាំមកហើយ តាំងពីអាជ្ញាធរចាប់បង្កើតមកម្ល៉េះ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា កិច្ចការដែលនឹងត្រូវអនុវត្តនៅពេលខាងមុខនេះគឺការបំផ្លាញចោលទាំងស្រុងនូវសកម្មភាពជាក់ស្តែងនិងបណ្តាបាតុភាពអនាធិបតេយ្យដែលកើតមាននៅជុំវិញបឹងទន្លេសាប ។ បញ្ហានេះធ្វើឱ្យប៉ះ ពាល់ដល់ជលផល ធ្វើឱ្យគោករាក់ដល់ទន្លេ ស្ទឹងបឹងបួ ។ អ្វីទាំងអស់ដែលបានលើកឡើងនេះ គឺពាក់ព័ន្ធទៅដល់ច្បាប់ស្តីពីការគ្រប់គ្រងទឹក ដែលជាសមត្ថកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ។ ការដាក់សម្រាស់ ធ្នស់ ព្រួល ការសាងសង់សំណង់កាត់ព្រែក អូ ស្ទឹង ទាំងអស់នោះតាមការសន្និដ្ឋានមិនមែនបង្កឡើងដោយក្រសួងធនធានទឹក ដោយអាជ្ញាធរទន្លេសាប ហើយក៏មិនមែនដោយអាជ្ញាធរមូលដ្ឋាននៃខេត្តទាំង៨នោះទេ ។ ព្រោះសមត្ថកិច្ចនេះកន្លងមក ក៏ដូចជាបច្ចុប្បន្ន គ្រប់គ្រងដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ទាក់ទិននឹងការចុះទៅអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ ប.ប លោករដ្ឋមន្ត្រីបញ្ជាក់ថា យើងអត់រារែកក្នុងការអនុវត្តទេ យើងត្រូវតែអនុវត្តតាមបទបញ្ជា គឺនៅរង់ចាំពេលវេលាក្រោយពីរសបា្តហ៍នៃឱសានវាទនេះ យើងនឹងចុះប្រតិបត្តិការជាបន្ទាន់ ពីព្រោះសំភារយើងបានត្រៀមរួចស្រេចហើយ ។ ក្នុងបទបញ្ជានេះគឺបំផ្លាញចោលទាំងស្រុងអត់មានទុកប្ញសគល់ទៀតទេ ពុំមែនយកកាំបិតខ្វែវទៅកាប់ ឬបារសំណាញ់យកមកគរដុតទេ គឺយើងប្រើគ្រឿងចក្រកាយដល់ប្ញសតែម្តង ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា នេះមិនមែនជាសកម្មភាពភ្លើងចំបើងទេ គឺយើងធ្វើបន្តរហូត ។ ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមទៀតថា លោកនឹងសំណូមពរដល់សម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន ប្រើយន្តហោះ ឧទ្ធម្ភាគចក្រហោះផ្ទាល់ពីលើទៀត តាមដានថាតើអ្វីបានបំផ្លាញចោល ហើយនៅសល់អ្វីទៀត តើវាអាចកើតមកទៀតដែរ ឬអត់ ។ បើសិនជាមានកើតមកទៀត នោះគឺជារឿងមួយមិនប្រក្រតីទេ ពេលនោះនឹងមានវិធានការធ្ងន់ធ្ងរជាងនេះទៅទៀត ។ កិច្ចការដែលនឹងអនុវត្តនៅពេលខាងមុខ លោករដ្ឋមន្ត្រីបន្តថា លោកបានត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយអស់ហើយ ប្តេជ្ញារួចហើយអនុវត្តឱ្យបានដាច់ខាតតាមបទបញ្ជាលេខ០១ប.បរបស់សម្តេចអគ្គមហាសេនាបតីតេជោ ។
ពាក់ព័ន្ធទៅនឹងការដាក់សម្រាស់ ព្រួល កាត់ទទឹងទន្លេ ព្រែក ស្ទឹង បឹងបួ អូរ គឺមិនមែនជាការរកត្រីធម្មតាទេ ។ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការរកត្រីដាក់សម្រាស់បន្តិចបន្តួច គឺមិនមានការប៉ះពាល់ទេ ដើម្បីជីវភាព។ កិច្ចការដែលលោកធ្វើនេះគឺការពារសម្បត្តិធនធានធម្មជាតិជលផលកម្ពុជា ការពារធនធានទឹករបស់យើងឱ្យមានភាពល្អប្រសើរ ។ ហើយបញ្ហាអនាធិបតេយ្យនេះមិនមែនទើបនឹងកើតឡើងទេ គឺមានយូរមកហើយ តែសូមអនុញ្ញាតមិនធ្វើការបកស្រាយទេ ។
ចំណែកការអនុវត្តលោករដ្ឋមន្ត្រីបញ្ជាក់ថាលោកធ្វើក្នុងនាមអនុវត្តនូវច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា ។ មាត្រា៣៦បានចែងច្បាស់ណាស់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានទៅដល់១០លានរៀល ឬដាក់ពន្ធនាគារពី១ទៅ៥ឆ្នាំ ចំពោះបុគ្គលណាដែលបង្កឱ្យកកស្ទះដល់លំហូរធម្មជាតិ ទន្លេ ស្ទឹង ព្រែក អូរ ដោយគ្មានការអនុញ្ញាត ៕
ចែករំលែកព័តមាននេះ