រាជធានីភ្នំពេញ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់ត្រូវនគរបាលខណ្ឌដូនពេញ និងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ឃាត់ខ្លួននៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១១ ខណៈពេលជនសង្ស័យកំពុងជួញដូរគ្រឿងញៀនតាមដងផ្លូវ ។
ករណីបង្រ្កាបទី១-កាលពីថ្ងៃទី២៤ ឧសភា វេលាម៉ោង១១និង៣០នាទីព្រឹក នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ែន សុខពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១៧ ផ្លូវលេខ៦០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈពេលជននោះកំពុងឈរនៅចំណុចខាងជើងស្ថានីយ៍ប្រេងតេលាមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ នគរបាលបានឆែកឆេរដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនបីកញ្ចប់តូច ។
ករណីបង្រ្កាបទី២-នៅថ្ងៃទី២៤ ឧសភា វេលាម៉ោង១និង៣០នាទីរសៀល នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់នៅចំណុចច្រកចូលផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះហេង សុផល ហៅរ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
នគរបាលបានដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនបួនកញ្ចប់ ដែលជននោះលាក់ក្នុងហោប៉ៅខោក្នុងនោះកញ្ចប់ធំ១កញ្ចប់។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ