ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​រីក​ចំរើន​នៃ​ទីផ្សា​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នឹង​មាន​បញ្ហា បើសិនជា​ស្ថានីយ​បញ្ចូល​ថាមពល មិន​មានការ​សាងសង់​បន្ថែម ហើយ​ស្ថានីយ​ដែល​មាន​ស្រាប់​មិន​បង្កើន ឬ​កែ​លម្អ​ប្រសិទ្ធភាព​បន្ថែម​ទេ​នោះ

ការ​រីក​ចំរើន​នៃ​ទីផ្សា​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា​នឹង​មាន​បញ្ហា បើសិនជា​ស្ថានីយ​បញ្ចូល​ថាមពល មិន​មានការ​សាងសង់​បន្ថែម ហើយ​ស្ថានីយ​ដែល​មាន​ស្រាប់​មិន​បង្កើន ឬ​កែ​លម្អ​ប្រសិទ្ធភាព​បន្ថែម​ទេ​នោះ ។

អ្នក​ដែល​ប្រើប្រាស់​រថយន្ត​អគ្គិសនី​មួយ​រូប បាន​ប្រាប់​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា «​ជា​ទូទៅ និយាយ​អំពី​គុណភាព​នៃ​រថយន្ត​អគ្គិសនី​នាំ​ចូល​មក​កម្ពុជា ដែល​លោក​កំពុង​តែ​ប្រើប្រាស់​នេះ គឺ​ទំនើប​ទាន់សម័យ​ជិះ​ក៏​ស្រួល ស្ងាត់ មិន​បំ​ពុ​.​ល​បរិស្ថាន ប៉ុន្តែ​វា​កំពុង​តែ​បំ​ពុ​.​ល​ចិត្ត និង​អារម្មណ៍ ខណៈ​ពេល​ដើរ​រក​កន្លែង​បញ្ចូល​ថាមពល​»​។

អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​រថយន្ត​អគ្គិសនី BYD រូប​នោះ បាន​ឲ្យ​ដឹង​ថា «​និយាយ​អំពី​រថយន្ត គឺ​គ្មាន​អ្វី​ទើសចិត្ត​ឡើយ ។ វា​ទំនើប​ខុស​ពី​រថយន្ត​ប្រើ​សាំង​ធម្មតា ប៉ុន្តែ​រាល់ថ្ងៃ​ពិតជា​តឹងចិត្ត​មែនទែន រឿង​ដើរ​រក​កន្លែង​បញ្ចូល​ថាមពល​»​។

លោក​បាន​ចែករំលែក​ថា «​តម្លៃ​បញ្ចូល​វា​ថោក​ទេ ម្តង​អស់​ត្រឹម​១០​ដុល្លារ​អី​ទេ ប៉ុន្តែ​សំខាន់​អត់​សូវ​មាន​ស្ថានីយ​បញ្ចូល​ថាមពល​។ ហើយ​បើ​មាន​ស្ថានីយ​បញ្ចូល​ថាមពល​ខ្លះ ដែល​គេ​អះអាង​ថា បញ្ចូល​តែ​១​ម៉ោង​អី​ពេញ ដោយសារ​ថាមពល​នៅ​ស្ថានីយ​នោះ​មិន​គ្រប់ ពេល​ខ្លះ​ត្រូវ​អង្គុយ​ចាំ​ចាប់ពី​២​ម៉ោង​ទៅ​ជិត​៣​ម៉ោង​ក៏​មាន​ដែរ​» ។

លោក​បាន​បន្ត​ទៀត​ថា «​ការ​សាក​នៅផ្ទះ​វិញ​ក៏​មាន​បញ្ហា​ដែរ ប្រសិនបើ​យើង​ទិញ​មក​ភ្លាម ភ្លើង​ផ្ទះ​យើង​ត្រឹមតែ​៣២​អំពែ គឺ​ចំណាយពេល​សាក​ចង់​មួយ​ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​ចង់បាន​សាក​៦​ម៉ោង​ទៅ​៨​ម៉ោង​អី ទាល់តែ​យើង​ដំឡើង​ដល់​៦៤​អំពែ​»​។

កាលពី​ឆ្នាំ​២០២២​កន្លង​ទៅ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​អោយ​ដឹង​ថា យានយន្ត​អគ្គិសនី ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​សរុប​៧៣១​គ្រឿង ក្នុង​នោះ​រថយន្ត​មាន​ចំនួន​៣៦៩​គ្រឿង​, ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​បី មាន​ចំនួន​៣៣៩​គ្រឿង និង​ទោចក្រយានយន្ត​មាន​ចំនួន ២៣​គ្រឿង​។ ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២៣ ស្ថិតិ​ហាក់​មិន​ទាន់​ឃើញ ប៉ុន្តែ​គេ​អាច​ដឹង​ថា អាច​មាន​កំណើន​ខ្លះ គ្រាន់តែ​ចំនួន​យានយន្ត​ប្រើ​ថាមពល​អគ្គិសនី​នេះ ជា​ពិសេស​គឺ​រថយន្ត និង​ម៉ូតូ​កង់​បី ប្រហែល​មិន​មាន​ចំនួន​ច្រើន​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី លោក វ៉ា​ន់ មុន្នីនាថ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី ពិព័រណ៍​រថយន្ត​អគ្គិសនី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា កម្ពុជា​បាន​និង​កំពុង​ពង្រឹង​បន្ថែម​ទៅ​លើ​កំណើន​យានយន្ត​អគ្គិសនី ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​ការ​ការពារ​បរិស្ថាន និង​ថាមពលបៃតង​។

ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី គឺជា​ការ​ចូលរួម​ថាមពល​ស្អាត កាត់​បន្ថយ​ការ​បំ​ពុ​.​ល​បរិយាកាស និង​សម្លេង​ជាដើម​។ ហើយ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​ចំ​បាច់​នានា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ក្នុង​អត្រា ៤០% និង​ទោចក្រយានយន្ត​អគ្គិសនី ក្នុង​អត្រា ៧០% នៅ​ឆ្នាំ​២០៥០​។

ទាក់ទង​នឹង​ផែន​ការណ៍​ទាំង​អស់នេះ អ្នក​ដែល​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ខាងលើ បាន​សង្កត់ ធ្ងន់​ថា «​ដោយសារ​តែ​លោក​ស្រលាញ់ និង​ចង់​ចូលរួម​ការពារ​បរិស្ថាន​នេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​ប្រើប្រាស់​រថយន្ត​អគ្គិសនី​។ ប៉ុន្តែ​ផល​នៃ​ការ​សម្រេចចិត្ត​របស់​លោក​នៅ​ពេល​នេះ គឺ​ការ​ឈឺក្បាល និង​ការ​ធុញថប់​ទាក់ទង​បញ្ហា​កន្លែង​បញ្ចូល​ថាមពល​នេះឯង​»​។

លោក​បាន​បន្ត​ថា «​ប្រសិនបើ​បញ្ហា​នៅ​មិន​មានការ​កែសម្រួល​ទេ​នោះ លោក​ក៏​នឹង​សម្រេចចិត្ត​ប្តូរ​រថយន្ត​ដែល​កំពុង​តែ​ប្រើ​នេះ​ចេញ ហើយ​បើ​លក់​មិន​ចេញ​ទេ មាន​តែ​ខំប្រឹង​សន្សំ​លុយ​រក​មើល​កូន​ឡាន​ប្រើ​ប្រេងឥន្ធនៈ​វិញ​»​។

មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​សម្រាប់​រថយន្ត​ប្រមាណ​ជា​១០​កន្លែង​តែ​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​មាននៅ​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ​ជាដើម​។ ខណៈ​ដែល​ព័ត៌មាន​ថា នឹង​មានការ​វិនិយោគ​កសាង​ស្ថានីយ​បញ្ចូល​ថ្មី​២០០​កន្លែង​ទៀត​នៅ​មិន​ទាន់​ឃើញ​នៅឡើយ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ