ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារ​វិស័យ​ទេសចរណ៍​! ចិន​បន្ធូរបន្ថយ​ការ​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​អ្នកទេសចរ​អា​មេ​រិ​ក

3 ខែ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​នឹង​សម្រួល​ដល់​ការ​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​សហ​រដ្ឋអា

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​នឹង​សម្រួល​ដល់​ការ​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​សហ​រដ្ឋអាមេ​រិក ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៤ ដោយ​កាត់​ឯកសារ​ដែល​ត្រូវការ​មួយ​ចំនួន​ចោល​។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​មួយ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ នៅ​លើ​គេហទំព័រ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។

ចំណាត់ការ​នេះ គឺជា​វិធានការ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​ចិន ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​រស់​ឡើង​វិញ និង​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន នៅ​ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ពីរ​ពិភពលោក បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង អំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩​។ សេចក្តីជូនដំណឹង​ពី​ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ទេសចរណ៍​នៅ​សហរដ្ឋអាមេរិក​នឹង​លែង​ត្រូវការ​ដាក់​ការ​កក់​សំបុត្រ​យន្តហោះ ការ​កក់​សណ្ឋាគារ ឬ​លិខិត​អញ្ជើញ​តទៅ​ទៀត​ហើយ​។

កន្លង​មក រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​បើកផ្លូវ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ពី​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ហូ​ឡង់ អេ​ស្ប៉ា​ញ និង​ម៉ា​ឡេ​ស៊ី ចូល​ទឹកដី​របស់​ខ្លួន ដោយ​គ្មាន​ទិដ្ឋាការ​ចាប់ពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៣​។ ការ​ចូល​ទឹកដី​ចិន​ដោយ​គ្មាន​ទិដ្ឋាការ​នឹង​ដំណើរការ​រយៈពេល​១២​ខែ អំឡុង​ពេល​អ្នកទេសចរ​មក​ពី​ប្រទេស​ទាំង ៦ ខាង​ដើម​អាច​ទៅ​លេង​ប្រទេស​ចិន​បាន​រហូត​ដល់​១៥​ថ្ងៃ​។ លើស​ពី​នេះ​ទៀត ប្រទេស​ចិន ក៏​បាន​ពង្រីក​គោលនយោបាយ​ឆ្លងកាត់​ដោយ​គ្មាន​ទិដ្ឋាការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន ៥៤ ផង​ដែរ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​។

ចំនួន​អ្នកទេសចរ​ចូល​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​អំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ ដោយសារ​តែ​គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​។ ជើងហោះហើរ​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង​មក​វិញ ចាប់តាំងពី​ទីក្រុង​ប៉េ​កាំ​ង​បាន​ទម្លាក់​ការ​រឹត​បន្តឹង​កូ​វី​ដ​-១៩ កាលពី​មួយ​ឆ្នាំ​មុន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​តែ​មាន​ត្រឹមតែ ៦០% នៃ​កម្រិត​កាលពី​ឆ្នាំ ២០១៩ តែ​ប៉ុណ្ណោះ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ