ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្លឹក​ល្ហុង​ព្យាបាល​មហារីក​» កំពុង​ល្បីនៅថៃ សូ​ម្បី​រដ្ឋមន្ត្រី​សុខាភិបាល​ក៏​ចាប់អារម្មណ៍

3 ខែ មុន

ទីក្រុង​បាងកក​៖ នៅ​ប្រទេស​ថៃ​ឥឡូវនេះ​កំពុង​ល្បី​ត​គ្នា​ថា​ស្លឹក​ល្ហុង​អាច​ព្យាបាល​ជំងឺមហារីក​រហូត​

ទីក្រុង​បាងកក​៖ នៅ​ប្រទេស​ថៃ​ឥឡូវនេះ​កំពុង​ល្បី​ត​គ្នា​ថា​ស្លឹក​ល្ហុង​អាច​ព្យាបាល​ជំងឺមហារីក​រហូត​ដល់​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចាប់អារម្មណ៍​ខ្លាំង​។ ទោះបី​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ចេញ​មក​ទាត់​ចោល​ព័ត៌មាន​នេះ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​យល់​ថា​គួរ​កុំ​ទាន់​ប្រញាប់​បដិសេធ​ល្អ​ជាង​។ លោក​ចង់​យក​ពេលវេលា​ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​។

លោក​រដ្ឋមន្ត្រី​សោម​ស័ក្ដិ (Somsak) ថ្លែង​ថា​លោក​នឹង​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួងសុខាភិបាល​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​នេះ​ដើម្បី​ចង់​ដឹង​ថា​តើ​ស្លឹក​ល្ហុង​ពិតជា​មាន​ប្រសិទ្ធភាព​ព្យាបាល​មហារីក​ដូច​គេ​ថា​មែន ឬ​ក៏​យ៉ាងណា​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ក្រសួងសុខាភិបាល​អាច​សហការ​ជាមួយ​វិទ្យាស្ថាន​របស់​ប្រទេស​ជប៉ុន​ដែល​កំពុង​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​ស្លឹក​ល្ហុង​។ វិទ្យាស្ថាន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រកាស​នី​យ​ប័ត្រ (​ប៉ាតង់ – patent) ដើម្បី​ប្រើប្រាស់​ស្លឹក​ល្ហុង​ធ្វើ​ជា​ឱសថ​ព្យាបាល​មហារីក​។

កាលពីដើម​ស​ប្ដា​ហ៍​នេះ លោក​សោម​ស័ក្តិ​បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ករណី​អ្នកជំងឺ​មហារីក​ខ្លះ​ជា​សះស្បើយ​បន្ទាប់​ពី​យក​ស្លឹក​ល្ហុង​ដាំទឹក​ផឹក​។ លោក​ថ្លែង​ថា​គេ​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នកជំងឺ​ដែល​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​ជំងឺមហារីក​។ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ផឹកទឹក​ស្លឹក​ល្ហុង​ស្ងោរ​នេះ​វា​មាន​ភាព​ល្អៀង​គ្នា​ពី​អ្នកជំងឺ​ម្នាក់​ទៅ​អ្នកជំងឺ​ម្នាក់​ទៀត​។

ក្រោយ​ការ​ធ្វើ​បទ​បង្ហាញ​នោះ អ្នកខ្លះ​ដាក់​ការ​សង្ស័យ​ថា​ពិត​ឬ​មិន​ពិត​។ អ្នកខ្លះ​ដាក់​ជា​សំណួរ​ថា​តើ​យក​ស្លឹក​ល្ហុង​ដាំទឹក​ផឹក​នេះ​អាច​ជឿ​ទុកចិត្ត​កម្រិត​ណា​ថា​អាច​ព្យាបាល​មហារីក​ឱ្យ​ជា​សះស្បើយ​។ មជ្ឈមណ្ឌល​ឌី​ជី​ថ​ល​របស់​ថៃ​ចាត់​ទុក​ថា​នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​ព្រោះ​កាលពី​ពេល​កន្លង​មក មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​របស់​ស្លឹក​ល្ហុង​។ ប៉ុន្តែ​បាន​ធ្វើ​តែ​នៅ​ក្នុង​មន្ទីរ​ពិសោធ និង​ពុំដែល​បាន​ប្រើ​សាក​ជាមួយ​អ្នកជំងឺ​មហារីក​នៅឡើយ​ទេ​។

ចំពោះ​ការ​អះអាង​ថា «​ផឹកទឹក​ចម្រាញ់​ចេញពី​ស្លឹក​ល្ហុង​អាច​ព្យាបាល​ជំងឺមហារីក​ឱ្យ​ជា​សះស្បើយ​» ត្រូវ​វិទ្យាស្ថាន​ខាងលើ​ច្រានចោល​ព្រោះ​គ្មាន​ទិន្នន័យ​បញ្ជាក់​ថា​ពិត​។ ជា​ការ​ឆ្លើយ​តប​នឹង​ភាព​ស្រពេចស្រពិល​នេះ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ថ្លែង​នៅ​ថ្ងៃ​សុក្រ​ថា «​បើ​យើង​អាល័យតែ​ប្រកែក​គ្នា​ពី​រឿង​ហ្នឹង​តើ​បាន​ប្រយោជន៍​អ្វី​សម្រាប់​សាធារណជន និង​សង្គម​របស់​យើង​! អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ដឹង​លទ្ធផល​ច្បាស់​ទាំងអស់​គ្នា​»​។ លោក​ថ្លែង​បន្ថែម​ទៀត​ថា​លោក​ឡើង​ទូរទស្សន៍​ធ្វើ​បទ​បង្ហាញ​នោះ​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​។ លោក​មិន​ដែល​អះអាង​ថា​ស្លឹក​ល្ហុង​ពិតជា​អាច​ប្រើ​ជំនួស​វិធី​ព្យាបាល​ជំងឺមហារីក​ដែល​កំពុង​តែ​អនុវត្ត​សព្វថ្ងៃ​នេះ​ទេ​។

លោក​សោម​ស័ក្ដិ​ចង់​បង្កើត​ជម្រើស​ឱ្យ​បាន​ច្រើន​សម្បូរ​បែប​សម្រាប់​អ្នកជំងឺ​ដែល​ធ្លាប់​ប្រើ​ថ្នាំ ឬ​វិធី​ជា​ច្រើន​ហើយ​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព​។ ពួក​គេ​អាច​ងាក​មក​សាកល្បង​វិធី​នេះ​ម្ដង​មើល (​យក​ស្លឹក​ល្ហុង​ដាំទឹក​ផឹក​) ក្រែងលោ​បាន​គ្រាន់បើ​ជាង​។ លោក​បាន​លើកយក​ករណី​មួយ​ដែល​ចាត់ទុកជា​បានការ​។ លោក​ថា​លទ្ធផល​ធ្វើ​ពិសោធ​បង្ហាញ​ថា​អ្នកជំងឺ​មហារីក​ម្នាក់​កម្រិត​៤ (​ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​នៅ​តែ​ថ្ងៃ​ស្លាប់​) បែរជា​បាន​ធូរស្បើយ​ឡើង​វិញ​បន្ទាប់​ពី​ទទួលទាន​ទឹក​ស្លឹក​ល្ហុង​។ លោក​ថ្លែង​ថា​នេះ​មិនមែន​ជា​ការ​និយាយ​កុហក​ទេ​។ ក្រោយ​ពេល​ផឹកទឹក​ស្លឹក​ល្ហុង​រួច អ្នកជំងឺ​ខ្លះ​បានជា​សះស្បើយ​ពិតមែន​៕ (ប្រភព៖ ​The Nation)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ