ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់រយ​នាក់​មក​ស្នើ​សុំ​អភិបាល​ខេត្តកំពត​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ករណី​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សា​រ៉​ន

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សា​រ៉​ន កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ បាន​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​បរិវេណ​សាលាខេត្ត​កំពត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សា​រ៉​ន កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ បាន​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​បរិវេណ​សាលាខេត្ត​កំពត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ដើម្បី​ឱ្យ​ជួយ​ព​ន្លឿ​ន​យន្តការ​ក្នុង​ការ​ដោះស្រាយ ព្រោះ​ម្ចាស់បំណុល និង​បុគ្គលិក​ធនាគារ​ចេះ​តែ​ទៅ​ទារ​លុយ និង​កៀប​ស​ង្គ​ត់​ផ្លូវចិត្ត​របស់​ពួក​គាត់​មិន​ឈប់​ឈរ ។

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ទឹកឈូ​បាន​រៀបរាប់​ថា ពួក​គាត់​នាំ​គ្នា​មក​នៅ​ថ្ងៃនេះ គឺ​ដើម្បី​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ជួយ​ព​ន្លឿ​ន​យន្តការ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សា​រ៉​ន ទូទាត់​បំណុល​ជាមួយ​ធនាគារ​ឱ្យ​បាន​លឿន ព្រោះ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បុគ្គលិក​ធនាគារ​បាន​ចុះ​ទារ​លុយ​ដល់​ផ្ទះ​ពួក​គាត់​ជា​ញឹកញាប់ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​តានតឹង​ផ្នែក​ផ្លូវចិត្ត និង​ព្រួយបារម្ភ​ខ្លាច​ធនាគារ​លក់​ដីធ្លី ផ្ទះសម្បែង ព្រោះ​ធនាគារ​ថា នឹង​ប្រើ​ចំណាត់ការ​ក្តៅ ។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ការ​មកនេះ មិនមែន​សុំ​ឱ្យ​ដោះ​លែង​បុគ្គល ជា សា​រ៉​ន និង​បក្ខពួក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ទេ គឺ​មក​ស្នើ​សុំ​ឯកឧត្តម ម៉ៅ ធនិន មេត្តា​ជួយ​ចេញ​លិខិតបញ្ជាក់​ឱ្យ​គ្រួសារ​ដែល​មាន​បញ្ហា​នីមួយ​ៗ​កាន់​ទៅ​បង្ហាញ​បុគ្គលិក​ធនាគារ​ថា ការ​បង់ប្រាក់​បំណុល​ផ្សេង​ៗ​ជា​បន្ទុក​របស់​ក្រុមហ៊ុន ជា សា​រ៉​ន មិនមែន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នោះ​ឡើយ ។

លើស​ពី​នេះ ប្រជាពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ស្ថាន​ប័ន​តុលាការ​ជួយ​ព​ន្លឿ​ន​នីតិវិធី​ច្បាប់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ឆាប់​ផុត​ទុក្ខ​ភ័យ​ក្រោយ​ចាញ់បោក​ក្រុមហ៊ុន​នេះ​ផង ។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​បញ្ជាក់​ថា សំណុំរឿង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ ជា សា​រ៉​ន បាន​នឹង​កំពុង​ដំណើរការ​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ហើយ ។ ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ជូន​ពលរដ្ឋ​ដែរ​ថា យើង​ត្រូវ​រង់ចាំ​លទ្ធផល​ដែល​ច្បាប់​សម្រេច​ចេញ​មក​ទាំងអស់​គ្នា​សិន ហើយ​ឯកឧត្តម​បាន​បន្ថែម​ថា ក្នុង​ករណី​នេះ​មិន​មាន​យន្តការ​ដោះស្រាយ​ណា​ផ្សេង​ក្រៅពី​នេះ​ទេ ព្រោះ​ករណី​នេះ​បាន​ចូល​ដល់​ប្រព័ន្ធ​តុលាការ​រួចរាល់​ហើយ​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ណែនាំ​សារ​ជា​ថ្មី​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ពិនិត្យ​មើល​ទាក់​ទង់​នឹង​ករណី​ម្ចាស់បំណុល ឬ​បុគ្គលិក​ធនាគារ ដែល​ពលរដ្ឋ​បាន​ខ្ចី​លុយ​ទៅ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន មិន​ត្រូវ​ទៅ​ជំរុញ​ទារ​លុយ​ពលរដ្ឋ ឬ​ប្រើ​ពាក្យ​កៀប​ស​ង្គ​ត់​បំបាក់ទឹកចិត្ត​ពលរដ្ឋ​បាន​នោះ​ទេ ប្រសិនបើ​មាន​ករណី​នេះ ពលរដ្ឋ​ត្រូវ​រាយការណ៍​ផ្ទាល់​មក​រដ្ឋបាល​ខេត្ត ហើយ​ឯកឧត្តម និង​ជួយ​អន្តរាគមន៍​ដោះស្រាយ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ម៉ៅ ធនិន ក៏​បាន​ផ្តាំ​ទៅ​ក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​ដី​ឡូ​តិ៍ ជា សា​រ៉​ន សូម​បញ្ឈប់​ការ​បំផុសបំផុល​ពលរដ្ឋ​ឱ្យ​ឡើង​មក​តវ៉ា​សុំ​យ៉ាងនេះ សុំ​យ៉ាងនោះ​ទៀត​ទៅ ព្រោះ​ក្រុម​ខ្លួន​នោះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រ ចាញ់បោក​ក្រុមហ៊ុន​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​បើ​មិន​ព្រម​បញ្ឈប់​សកម្មភាព​នេះ​ទេ រដ្ឋបាល​ខេត្ត​នឹង​ដាក់​ការ​តាមដាន​វែក​រកមុខ​មេ​ក្លោ​ង ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ