ក្រុងប៉ោយប៉ែត ៖ ស្ត្រីបំរើការងារនៅក្រុមហ៊ុន AZ ម្នាក់ត្រូវចោរប្លន់កាប់៣ពូថៅរបួសធ្ងន់ធ្ងរ ។ យោងតាមការបំភ្លឺពីអ្នកស្រីកេត ផលឡៃ អាយុ៤០ឆ្នាំ រស់នៅមណ្ឌល១០ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា ក្មួយស្រីរបស់គាត់ដែលរងគ្រោះនេះឈ្មោះហូ ស្រីដែន អាយុ១៩ឆ្នាំ បំរើការងារនៅក្នុងក្រុមហ៊ុន AZ ប្លុកកាស៊ីណូប៉ោយប៉ែត ដែលមានតួនាទីជាអ្នកគិតលុយ ហើយនាងទើបតែរៀបការបាន១២ថ្ងៃប៉ុណ្ណោះ ក៏ជួបគ្រោះថ្នាក់បែបនេះ។
ស្ត្រីចំណាស់ជាម្តាយមីងបន្តថា កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី២៤ ឧសភា ក្មួយស្រីគាត់បានចេញពីធ្វើការ ហើយបានជិះម៉ូតូឌុបចេញពីចំណុចកាស៊ីណូហ្គ្រានត្រឡប់ មកផ្ទះក្នុងភូមិប្រជាធម្ម ។ លុះជិះមកដល់ពាក់កណ្តាលផ្លូវចំណុចកែងផ្សារមិត្តភាព ស្ថិតក្នុងភូមិបាលិលេយ្យកន្លែងស្ងាត់ ស្រាប់តែអ្នករត់ម៉ូតូឌុបបានធ្វើសកម្មភាពប្លន់ក្មួយស្រីរបស់គាត់តែម្តង ដោយប្រើពូថៅកាប់ចំសៀតផ្កាខាងស្តាំចំនួន៣ពូថៅហើយបានយកលុយចំនួន៦០០បាត ទូរស័ព្ទដៃ១គ្រឿង និងកាបូបស្ពាយសម្រាប់ដាក់គ្រឿងតុបតែងមុខ ។
ប្រភពបន្តថា បន្ទាប់មកដោយសារតែបានឃើញភ្លើងម៉ូតូផ្សេងបើកតម្រង់មកនោះជនល្មើសបានជិះម៉ូតូគេចខ្លួនបាត់ដោយទុកក្មួយស្រីរបស់គាត់ដែលរងគ្រោះចោលក៏ត្រូវបានគេជួយយកក្មួយស្រីរបស់គាត់ មកដល់ផ្ទះ ហើយក៏បញ្ជូនជាបន្ទាន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ដោយសារមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកក្មួយស្រីរបស់គាត់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
តាមព័ត៌មានពីមន្ត្រីប៉ូលិសប៉ុសិ៍្តរដ្ឋបាលប៉ោយប៉ែតបានឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យដេរចំនួន៥ថ្នេរ ហើយមុខរបួសកំពុងហើម ។ ពេលនេះស្ត្រីរងគ្រោះនៅមានការវង្វេងស្មារតី ទើបមិនអាចរកប្រភពណាមួយដើម្បីកំណត់សំគាល់ពីមុខសញ្ញាជនល្មើសបានដូច្នេះត្រូវរង់ចាំជនរងគ្រោះបានធូរស្រាលបន្តិច ទើបសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ៕
ចែករំលែកព័តមាននេះ