ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា​ទំនប់​និង​ផ្លូវ​តាម​កិច្ចសន្យា​ និង​មានគុណ​ភាព

4 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គម្រោង​ដេញថ្លៃ​ជួសជុល​ទំនប់​ប្រវែង​១.០១៥​ម៉ែត្រ មាន​ខ្នង​លើ​៤​ម៉ែត្រ ដាក់​លូ​៤​កន្លែង ស្ថិត​នៅ​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២០៣​លាន​រៀល និង​មាន​ក្រុមហ៊ុន​ចំនួន​៨…

ខេត្តកំពង់ចាម ៖ គម្រោង​ដេញថ្លៃ​ជួសជុល​ទំនប់​ប្រវែង​១.០១៥​ម៉ែត្រ មាន​ខ្នង​លើ​៤​ម៉ែត្រ ដាក់​លូ​៤​កន្លែង ស្ថិត​នៅ​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២០៣​លាន​រៀល និង​មាន​ក្រុមហ៊ុន​ចំនួន​៨ ចូលរួម​ប្រកួតប្រជែង​ដេញថ្លៃ និង​បាន​ទៅ​លើ​លោក និល ចាន់​នៅ ក្នុង​តម្លៃ​ជាង​៨៣​លាន​រៀល ។

អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ការ​ជួសជុល​ផ្លូវ​មិន​ទាន់​រួចរាល់​ផង ក្រុមហ៊ុន​បាន​បើក​លុយ​ពី
រតនាគារ​ខេត្ត​អស់​ទៅ​ហើយ ។ ឯ​ចំពោះ​ការ​ស្ថាបនា​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី​ទៀត​ផង ។ ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​១​រូប ដែលសូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​ថា កន្លង​មក​នៅ​សាលាឃុំ​ស្រក មាន​រៀបចំ​ការ​ដាក់​ឲ្យ​ដេញថ្លៃ​ជួសជុល​ទំនប់​ប្រវែង​ជាង​១.០០០​ម៉ែត្រ ក្នុង​នោះមានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។ ការ​ប្រកួតប្រជែង​មាន​លក្ខណៈ​ចាញ់​-​ឈ្នះ​ហួស​កម្រិត ដោយ​អ្នក​ដេញ​បាន​ចុះ​មក​នៅ​ជាង​៨៣​លាន​រៀល ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​គុណភាព​ទំនប់​ផង​ដែរ ។

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ដែរ និយាយ​ថា តាម​លក្ខណៈ​បច្ចេក ទេស ការ​ជួសជុល​ទំនប់​មួយ​ខ្សែ​នេះ​ត្រូវ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ចំនួន​៤​កន្លែង ។ ក្នុង​នោះ​មាន​ប្រព័ន្ធ​លូ​ចំ​មុខ​ទឹកធំ​តែ​ម្ដង តែ​នេះ​គេ​ដាក់​នៅ​ចុង​ទំនប់​ទៅ​វិញ ។ ឯ​ចំពោះ​ផ្លូវ​ប្រវែង​ជិត​៤០០​ម៉ែត្រ​ទៀត ពេល​គេ​ស្ថាបនា​ទើប​ដាក់​លូ​តាម​ក្រោយ ។ ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​មិនដឹង​ជា​យ៉ាងណា​ទេ សូ​ម្បី​តែ​ក្រុមហ៊ុន​ដែល​ដេញ​បាន​នេះ​ឱ្យ​បន្ត​ស្ថាបនា​ផ្លូវ​ដែល​នៅ​សេសសល់ លោកមេឃុំ​មិន​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​បានដឹង​ឡើយ គឺ​គេ​រៀបចំ​ដោយ​ស្ងាត់​ៗតែ​ម្ដង ។

ឯ​ថវិកា​ដែល​នៅ​សល់​ប្រមាណ​១១៩​លាន​រៀល ត្រូវ​បាន​បន្ត​ឲ្យ​ក្រុមហ៊ុន​ដដែល​ធ្វើការ​ស្ថាបនា​ផ្លូវ​ដោយ​គេ​មិនដឹង​ថា លោក​យកថវិកា​ពី​ខាង​ណា​មក​បន្ថែម​ដើម្បី​ធ្វើ​ផ្លូវ​ឡើយ ដូច្នេះ​មាន​តែ​ក្រុម បច្ចេកទេស​ទេ​ដែល​ដឹង ។ ប៉ុន្តែ ខណៈ​ក្រុមហ៊ុន​ជួសជុល​ទំនប់​ប្រវែង​ជាង​១.០០០​ម៉ែត្រ និង​ការ​ស្ថាបនា​ផ្លូវ​បន្ត​មិន​ទាន់​រួចរាល់​ផង គឺ​ក្រុមហ៊ុន​បាន​បើក​លុយ​ពី​រតនាគារ​ខេត្ត​រួច​បាត់​ទៅ​ហើយ ។
តាម​គោលការណ៍ ទាល់តែ​ស្ថាបនា​ទំនប់​និង​ផ្លូវ​រួចរាល់ ទើប​មាន​សិទ្ធិ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បើក​លុយ​ពី​រតនាគារ តែ​នេះ​មិន​ដូច្នោះ​ឡើយ ។លុះ​ពេល​ផ្ទុះ​រឿង​នេះ ក៏​ឃើញ​ក្រុមហ៊ុន​លេចមុខ​មក​ស្ថាបនា​ផ្លូវ​បន្ត ដែល​គេ​សន្យា​ថា​ចុងឆ្នាំ​២០២៣​នេះ​ទើប​រួចរាល់ ។

លោក ស៊ន់ ជំទប់​ទី​១​ឃុំ​ស្រក មាន​ប្រសាសន៍​ថា ការ​ដេញថ្លៃ​គម្រោង​ជួសជុល​ទំនប់​ប្រវែង​ជាង​១​ពាន់​ម៉ែត្រ​នេះ គឺ​ពុំ​ទាន់​រួចរាល់​ពិតមែន ។ ក្រុមហ៊ុន​បាន​បើក​លុយ​ពី​រតនាគារ​ចំនួន​២​លើក​រួច​ហើយ ចំណែក​លើក​ទី​៣ គឺជា​ប្រាក់​ចំនួន​១០% សម្រាប់​ថែទាំ​ផ្លូវ​ក្នុង​រយៈពេល​៦​ខែ ។ ចំពោះ​គុណភាព​ផ្លូវ ឥឡូវនេះ​មិន​ទាន់​អាច​ធ្វើការ​វាយតម្លៃ​បាន​ទេ ទាល់តែ​ក្រុមហ៊ុន​ស្ថាបនា​រួចរាល់ ទើប​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​វាយតម្លៃ​កើត ដោយ​មានការ​ពិភាក្សា​ជាមួយក្រុមប្រឹក្សា​ឃុំ ដែល​មាន​គ្នា​៦​ទៅ​៧​នាក់ ។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រក បាន​ប្រតិកម្ម​ទៅ​នឹង​ក្រុមហ៊ុន​របស់​លោក ចាន់​នៅ ដែល​ដេញថ្លៃ​ស្ថាបនា ជួសជុល​ទំនប់​និង​ផ្លូវ​បាន បែរជា​យក​ដី​ស្អុយ​មក​ចាក់​ធ្វើ​ផ្លូវ​ទៅ​វិញ ។ ទ​ង្វើ​បែប​នេះ ប្រជាពលរដ្ឋ​មិន​អាច​ទទួលយក​បាន​ឡើយ ។លោក ឌុ​ច ឡេ​ង មេឃុំ​ស្រក មាន​ប្រសាសន៍ថា ចំពោះ​គម្រោង​ស្ថាបនា​ទំនប់​ប្រវែង​ជាង​១.០០០​ម៉ែត្រ នៅ​ភូមិ​ល្ពា​ក ឃុំ​ស្រក គឺ​ក្រុម
ប្រឹក្សា​ឃុំ​ខ្លះ​ដឹង និង​ខ្លះ​មិនដឹង ដោយសារ​មិនមានការ​ជួបជុំ​គ្នា ។

រូប​លោក​ទទួលស្គាល់​ថា ស្មៀនឃុំ​បាន​យក​លិខិត​មក​ឲ្យ​រូប​លោក​ចុះហត្ថលេខា តែ​លោក​មិន​បាន​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​នោះ​ទេ រួម​ទាំង​ការចុះហត្ថលេខា​ដើម្បី​បើក​លុយ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ ។ស្មៀនឃុំ​ក៏​មិន​បាន​និយាយ​ប្រាប់​ពិស្ដារ ដោយ​ក្នុង​គ្រានោះ​រូប​លោក​ឈឺភ្នែក ព្រោះ​ក្រោយ​ពី​ការ​ដេញថ្លៃ​រួច រូប​លោក​ក៏​មាន​ជំងឺ​តែ​ម្ដង ។

ឥឡូវនេះ ក្រុមហ៊ុន​កំពុង​យក​គ្រឿងចក្រ​មក​ដើម្បីជួសជុល​ផ្លូវ​បន្ត ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់ ។រីឯ​លោក និល ចាន់​នៅ ដែល​ដេញថ្លៃ​គម្រោងស្ថាបនា​ទំនប់​ប្រវែង ជាង​១.០០០​ម៉ែត្រ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន​របស់​គាត់ ក្រោយ​ពី​ដេញថ្លៃ​បាន ក៏​ចុះ​ស្ថាបនា​និង​ជួសជុល​ទំនប់​ក្នុង​នោះ​មាន​ទាំង​លូ​ចំនួន​៤​កន្លែង តែ​ដោយសារ​ភ្លៀង​ធ្លាក់ ក៏​បាន​អាក់ខាន​មួយ​រយៈ ។ បន្ទាប់​ពី​ដាច់​ទឹកភ្លៀង ក្រុមហ៊ុន​បាន​ចុះ​ស្ថាបនា​ឡើង​វិញ ។ ដោយ​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ ក្រុមហ៊ុន​បាន​បន្ថែម​លូ​ចំនួន​៥​កន្លែង​ទៀត ដើម្បី​ងាយស្រួល​បើកទឹក​ចេញចូល​សម្រាប់​បង្កបង្កើន​ផល​ស្រូវ ។

លោក ប្រាក់ ទិ​ត នាយក​ទីចាត់ការ​និង​ផែនការ​វិនិយោគ​ខេត្ត មាន​ប្រសាសន៍​ថា ក្រោយ​ពី​មានរឿង​នេះ​កើតឡើង ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​កោះហៅ​ក្រុមប្រឹក្សា​ឃុំ​ស្រកទាំងអស់​មក​ប្រជុំ​និង​ធ្វើ​កិច្ចសន្យា ដោយ​តម្រូវ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​នោះ ស្ថា​បនា​ទំនប់​និង​ជួសជុល​ផ្លូវ ទៅ​តាម​កិច្ចសន្យា​និង​មានគុណ​ភាព ៕

អត្ថបទសរសេរ ដោយ