ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ស្នើ​ក្រសួងផែនការ ប្រែក្លាយ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច ឲ្យ​ទៅ​ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​តាម​បែប​វិទ្យាសាស្ត្រ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ស្នើ​ក្រសួងផែនការ ប្រែក្លាយ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​នេះ ឲ្យ​ទៅ​ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ស្នើ​ក្រសួងផែនការ ប្រែក្លាយ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​នេះ ឲ្យ​ទៅ​ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់ តាម​បែប​វិទ្យាសាស្ត្រ តាម​រយៈ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​សម​ស្រប នៃ​វិទ្យាសាស្ត្រ​ស្ថិតិ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ថ្នាក់​ជាតិ ស្តី​ពី លទ្ធផល​ចុង​ក្រោយ​ជំរឿន​សេដ្ឋកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ៖ «​សូម​ស្នើ​ឱ្យ​ក្រសួងផែនការ ប្រែក្លាយ​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​នេះ ឲ្យ​ទៅ​ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​តាម​បែប​វិទ្យាសាស្ត្រ តាម​រយៈ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​សម​ស្រប នៃ​វិទ្យាសាស្ត្រ​ស្ថិតិ ដើម្បី​ជា​ធាតុ​ចូល​រឹង​មាំ​សម្រាប់​គ្រប់​ក្រសួង​-​ស្ថាប័ន ប្រើប្រាស់​ក្នុង​ការងារ​រៀង​ៗ​ខ្លួន ជា​ពិសេស​សម្រាប់​ការ​រៀបចំ​គោលនយោបាយ ដោយ​ផ្អែក​លើ​ភស្តុ​តាង និង​ព័ត៌មាន​នេះ ខ្ញុំ សូម​លើកទឹកចិត្ត​ឲ្យ​ផ្សព្វផ្សាយ​លទ្ធផល​ទាំងនេះ ឲ្យ​បាន​ទូលំទូលាយ​ដល់​គ្រប់ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​» ។

សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ក្រសួងផែនការ ដែល​មាន​វិទ្យាស្ថាន​ជាតិ ស្ថិតិ​ជា​សេនាធិការ ត្រូវ​បន្ត​លើកកម្ពស់ ការងារ​ជំរឿន​សេដ្ឋកិច្ច និង​ការ​អង្កេត​សំខាន់​ៗ​ពាក់ព័ន្ធ​នានា ដោយ​ធានា​ឲ្យ​បាន​នូវ​ការ​ប្រមូល ទិន្នន័យ ដែល​មាន​លក្ខណៈ​ជា​តំណាង​ពិតប្រាកដ នៃ​បញ្ហា ដែល​ចង់​សិក្សា​ស្វែង​យល់ ដើម្បី​ជា​ប្រយោជន៍ និង​ធាតុ​ចូល សម្រាប់​ការងារ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ​។ ដើម្បី​ធានា​បាន នូវ​ភាព​តំណាង​ល្អ សំណាក​គំរូ ត្រូវ​រៀបចំ​ឱ្យ​បាន​ល្អ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ស្ថិតិ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សំណាក​គំរូ​សម​ស្រប ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បន្ថែម​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជាមួយនឹង​ក្រសួងផែនការ​ក្នុង​ការ​ធ្វើ​ជំរឿន និង​ការ​អង្កេត​ចាំបាច់​នានា ដោយហេតុ​ថា ក្រសួងផែនការ គឺជា​ស្ថាប័នរដ្ឋ ដែល​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់ ទទួល​បន្ទុក​លើ​ការងារ​ប្រមូល​ទិន្នន័យ ម្យ៉ាង​ដើម្បី​លើកកម្ពស់ ការងារ​ជំរឿន​សង្គម​-​សេដ្ឋកិច្ច​ជា​រួម និង​ម្យ៉ាងទៀត ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​គ្រប់ ក្រសួង​-​ស្ថាប័ន យក​ទៅ​អនុវត្ត​ការងារ​រៀង​ៗ​ខ្លួន ។

សម្ដេច​ធិ​បតី បន្ដ​ទៀត​ថា ក្រសួងផែនការ ត្រូវ​បន្ត​បង្កើន​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​ជា​ប្រចាំ​ជាប់​មិន​ដាច់​សម្រាប់ ការងារ​អង្កេត និង ជំរឿន​ចាំបាច់​នានា ព្រមទាំង​ការងារ​ប្រែក្លាយ​ទិន្នន័យ​ឲ្យ​ទៅ​ជា​ព័ត៌មាន គ្រប់គ្រាន់​សម្រាប់​រាជរដ្ឋាភិបាល​ប្រើប្រាស់​ទាន់​ពេល​។

សម្ដេច​ធិ​បតី បាន​ឲ្យ​ដឹង​ថា ក្រសួងផែនការ ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ទាក់ទាញ និង​កៀរគរ ធនធានមនុស្ស ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ខាង​ផ្នែក​ស្ថិតិ និង​ការ​វិភាគ​ស្ថិតិ ទាំង​ក្នុងស្រុក និង​ពី​បរទេស សម្រាប់​ការងារ​ដ៏​សំខាន់​របស់​ក្រសួង​។ ជាមួយ​គ្នា​នេះ ការ​ធ្វើ​វិភា​ជន៍​ឡើង​វិញ នៃ​ធនធានមនុស្ស ដែល​មាន​ស្រាប់ ឲ្យ​ចំ​ជំនាញ ឬ​ក្បែរ​ជំនាញ​ឯកទេស នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ ។

សម្ដេច​ធិ​បតី បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ការ​ប្រើប្រាស់​ទិន្នន័យ​មាន​សារៈសំខាន់ ចំពោះ​គ្រប់​ការងារ និង​គ្រប់​វិស័យ​ទាំងអស់ សម្តេច ស្នើ​ឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បណ្តុះបណ្តាល​មន្ត្រី​របស់​ខ្លួន នូវ​ចំណេះដឹង​ផ្នែក​ការ​ប្រើប្រាស់​ស្ថិតិ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​មាន​សមត្ថភាព​សមរម្យ​ក្នុង​ការ​ប្រើប្រាស់​ស្ថិតិ និង​របកគំហើញ ពី​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​នានា សម្រាប់​ការងារ​រៀង​ៗ​ខ្លួន ។

លើស​ពី​នេះ សម្ដេច នាយក​រដ្ឋមន្ដ្រី ក៏​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​បែងចែក​ធនធាន​ថវិកា​សម្រាប់​វិនិយោគ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បង្កើន​មូលធន​មនុស្ស ដែល​បាន​ចង្អុលបង្ហាញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​សម្រាប់​ការ​យោគ​លើ​ឧបករណ៍​បរិក្ខារ​បច្ចេកវិទ្យា សម​ស្រប​សម្រាប់​ក្រសួងផែនការ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ ក្នុង​វិស័យ​ស្ថិតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ មានគុណ​ភាពល្អ និង​រហ័ស​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ