ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​គម្រប​ដី ជួយ​លើកកម្ពស់​គុណភាព​ដី ជួយ​ទាំង​ជីវភាព​ប្រជាពលរដ្ឋ

4 ខែ មុន
  • ភ្នំពេញ

ដំណាំ​គម្រប​ដី ជា​ច្រើន​ប្រភេទ ដែល​បាន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តបាត់ដំបង ដាំ​ដុះ មិន​ត្រឹមតែ​ចូលរួម​លើកកម្ពស់​គុណភាព​ដី ឲ្យ​មាន​ជីវជាតិ​នោះ​ទេ វា​ក៏​បាន​ជួយ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដាំ​ដុះ​ដំណាំ​នោះ​ផង​ដែរ

ខេត្តបាត់ដំបង ៖ ដំណាំ​គម្រប​ដី ជា​ច្រើន​ប្រភេទ ដែល​បាន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តបាត់ដំបង ដាំ​ដុះ មិន​ត្រឹមតែ​ចូលរួម​លើកកម្ពស់​គុណភាព​ដី ឲ្យ​មាន​ជីវជាតិ​នោះ​ទេ វា​ក៏​បាន​ជួយ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដាំ​ដុះ​ដំណាំ​នោះ​ផង​ដែរ នេះ​បើ​តាម​អ្នកជំនាញ​កសិកម្ម ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ខណៈ​ចុះ​មើ​ផ្ទាល់​ប្រភេទ​ដំណាំ​គម្រប​ដី​នៅ​ខេត្តបាត់ដំបង លោក សរ វេ​ង ទីប្រឹក្សា​ផ្នែក​បច្ចេកទេស នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម នៅ​កម្ពុជា ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នាយករ​ដ្ឋា​ន​គ្រប់គ្រង​ធនធាន​ដី​កសិកម្ម និង​នៃ​អគ្គនាយករ​ដ្ឋា​ន​កសិកម្ម បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ កសិករ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាក់ទង​ជីវជាតិ​ដី ពិសេស​នោះ នៅ​តំបន់​ខ្ពស់​រាប នៅ​ពេល​កសិករ​ចាប់ផ្តើម​ដាំ​ដុះ គាត់​ត្រូវការ​ភ្ជួរ​ដី​ជា​ច្រើន​ដង ដែល​កត្តា​មក​ពី​ការ​ហូរ​ច្រោះ​ដោយ​ទឹក ។

លោក​លើក​ឡើង​ថា នៅ​ពេល ដែល​ដី​បាត់បង់​ជីវភាព​ធ្វើ​ឲ្យ​បាត់បង់​ទិន្នផល ជា​ហេតុ ធ្វើ​ឲ្យ​គាត់​ជំរុញ​ការ​ប្រើប្រាស់​ថ្នាំពុល កសិកម្ម ជីវ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ជាង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល បរិស្ថាន​ផង​ដែរ ។

លោក​បន្ត​ថា ដោយសារ​តែ​ឃើញ​ពី​ផល​ប៉ះពាល់ ដូច្នេះ​បាន​ទើប​អគ្គនាយករ​ដ្ឋា​ន​គ្រប់គ្រង​ដី​កសិកម្ម សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អន្តរជាតិ បាន​ចាប់ផ្តើម​អនុវត្តន៍​ការងារ អភិរក្ស ដែល​ការងារ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ដី​មាន​ជីវជាតិ​ប្រើ​ជាង​ជា​មុន​តាម​រយៈ​ប្រភេទ​ដំណាំ​គម្រប​ដី ដែល​មាន​ច្រើន​ប្រភេទ ។

លោក សរ វេ​ង បាន​បញ្ជាក់​ថា ៖ «​ដំណាំ​អភិរក្ស គឺ​យើង​ដាំ​តាម​បច្ចេកទេស​ដោយ​អត់​ភ្ជួរ​រាស់ មាន​ន័យ​យក​តាម​លំនាំ​ធម្មជាតិ​ដោយ​កាត់​បន្ថយ​ការ​ភ្ជួរ​រាស់​ដី អ៊ីចឹង​យើង​ថា ក្នុង​ដី​មាន​សត្វ​ជា​ច្រើន​ក្នុង​ដី រហូត​ដល់​មាន​រាប់​លាន​ប្រភេទ ដោយ​ខ្លះ​មើល​ឃើញនឹងភ្នែក ខ្លះ​ទៀត​មើល​មិនឃើញ​ក៏​មាន​» ។

បើ​តាម​អ្នកជំនាញ​បច្ចេកទេស​រូប​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដាំ​ដំណាំ​គម្រប​ដី អាច​ជួយ​ដល់​គុណភាព​ដី ដូច​ជា​ធ្វើ​ជា​ជី​ផង​ដែរ​។ ដំណាំ​ប្រភេទ​នេះ មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​មានគុណ​ភាព​ដី​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឲ្យ​កសិកម្ម​រក​ប្រាក់​ចំណូល​បាន​ច្រើន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ៖ «​បើសិន​កសិកម្ម​ដាំ​ដំណាំ​ដំណាំ​គម្រប​ដី​នេះ ដី​គាត់​អត់​មាន​ស្មៅ​ចង្រៃ​នោះ​ទេ អ៊ីចឹង​វា​មិន​អាច​បង្កើត​គ្រាប់ ដើម្បី​ដុះ​នៅ​ពេល​ក្រោយ​ទៀត​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក សរ វេ​ង ក៏​បាន​ឲ្យ​ដឹង​ថា ដំណាំ​គម្រប​ដី​ក៏​បាន​ចូលរួម​ដល់​បរិ ស្ថាន​ដោយ​ជួយ​ឲ្យ​ចាប់​យក​ឧ​ស្ម័យ​ផ្ទះ​កញ្ចប់​ចូល​ទៅ​ក្នុង​ដី លើស​ពី​នេះ ប្រភេទ​ដំណាំ​នេះ ជួយ​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច គឺ​ប្រជាពលរដ្ឋ​ទទួល​បាន​លុយ​ភ្លាម​ៗ​ផង​ដែរ ។

លោក​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​គាត់​ចាំ​ដំណាំ​ដូច​ជា​ពោត សណ្តែក​គាត់​ទទួល​បាន​លុយ​តិច ប៉ុន្តែ​បើ​គាត់​ដាំពោត ហើយ​ដាំ​ដំណាំ​គម្រប​ដី​នេះ គាត់​នឹង​ទទួល​បាន​លុយ​មួយ​ម្តងទៀត អី​ញ្ចឹ​ង​ដំណាំ​នេះ​មួយ​ហិតា​គាត់​ចំណេញ​លុយ​បាន​ប្រហែល​៥០០​ដុល្លារ​ទៅ​៦០០​ដុល្លារ លើ​នឹង​ទៀត​។ ដូច្នេះ​បើ​គាត់​ដាំពោត ចំណេញ​បាន​៥០០​ឬ​៦០០​ដុល្លារ ហើយ​គាត់​ដាំ​ដំណាំ​ទៀត​គាត់​ចំណេញ​ប្រហែល​១​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ការ​ចំណេញ​ក៏​ផ្តល់​ប្រយោជន៍​ដល់​គាត់​នៅ​ថ្នាំ​ក្រោយ​ទៀត​ផង​ដែរ​» ។

បើ​តាម​ការ​អះអាង​របស់​លោក សរ វេ​ង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផលិតផល​ដំណាំ​គម្រប ដី​បច្ចុប្បន្ន​មាន​ទីផ្សារ​ខ្លាំង នៅ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ផង​ដែរ ។

លោក​បន្ថែម​ថា ដំណាំ​គម្រប​ដី​នេះ មិន​ត្រឹមតែ​ត្រូវការ​នៅ​ក្នុង​ប្រទេស​យើង​ទេ គឺ​នៅ​សកលលោក​ក៏​គេ​យក​ប្រភេទ​ដំណាំ​ដី​នេះ ទៅ​កែប្រែ​គុណភាព​ដី​របស់​គេ​ដែរ ។

ទាក់ទិន​នឹង​តម្លៃ​វិញ លោក សរ វេ​ង បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ដាំ​ណាំ​ប្រភេទ​នេះ​ក៏​មានការ​ចរចា​ពី​តម្លៃ​ផង​ដែរ ជាមួយ​ក្រុមហ៊ុន អ្នកបញ្ជា​ទិញ នៅ​ពេល​ប្រជា​កសិករ​ដាំ​ដែរ ព្រោះថា ប្រភេទ​ដំណាំ​នេះ បើ​ដាំ​គ្មាន​អ្នកបញ្ជា​ទិញ​ក៏​ពិបាក​ដែរ ។

ចំណែក​លោក លាង សំរិត ជា​បុគ្គលិក​នៃ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង និង​ជា​អ្នកគ្រប់គ្រង​គម្រោង «​ការ​វិនិយោគ​លើ​ការ​គ្រប់គ្រង​សារធាតុសរីរាង្គ​ក្នុង​ដី ដើម្បី​និរន្តរភាព​នៃ​ការ​ធ្វើ​កសិកម្ម​នៅ​តំបន់​ខ្ពង់រាប (ISOC project)» ដែល​គម្រោង​នេះ ទទួល​បាន​មូលនិធិ​គាំទ្រ​ការ​អនុវត្តន៍​ពី​កម្មវិធី​សម្ព័ន្ធភាព​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​៣ របស់​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ការ​អនុវត្ត​កសិកម្ម​អភិរក្ស ដោយ​ការ​កាត់​បន្ថយ​ការ​ភ្ជួរ​រាស់​ដី និង​ការ​ដាំ​ណាំ​គម្រប​ដី បាន​ជួយ​កែ​លម្អ​គុណភាព​ដី​ដែល​ធ្វើ​ឲ្យ​ដំណាំ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​កាត់​បន្ថយ​ការ​លេច​ចេញ​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចប់​ពី​ដី​ទៅ​បរិយាកាស​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ លោក លឹ​ម សុខុម ជា​កសិករ​រស់នៅ​ក្នុងភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​គាត់​បាន​ដាំ​ដំណាំ​ដូច​ជា​ពោត សណ្តែក ដំឡូង ចំណែក​ដាំ​ណាំ​គម្រប​ដី មាន​ដូច​ជាស​ង្ក្រ​ង​ស្វា​ស្លឹក​តូច ស្លឹក​ធំ ស្នោ​ជាដើម​។

លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​ដំណាំ​នេះ នៅ​ពេល​ប្រមូល​ផង​ពោត យើង​ដាំ​វា​ជួយ​ធ្វើ​ឲ្យ​ដី​ធូរ ដី​មាន​ជីវជាតិ បាន​ចំណូល​ក្នុង​គ្រូ​សារ​។ យើង​ដាំពោត​រួច​ហើយ បាន​យើង​ដាំ​ដំណាំ​គម្រប​ដី អ៊ីចឹង ដំ​ដាំ​គម្រប​ដី​មាន​រយៈពេល​២​ខែ​ជាង ទើប​យើង​ប្រមូល​ផល ដូច្នេះ​មួយ​ឆ្នាំ​យើង​ប្រមូល​បាន​២​ដង​ដែរ​» ។

លោក​បាន​បន្ត​ថា ការ​ដាំ​ដំណាំ​គម្រប​ដី បាន​ជួយ​ដល់​គុណភាព​ដី ប្រៀប​ដូច​ជា​ជី ពោល​គឺ​នៅ​ពេល​ដាំ​ដំណាំ​គម្រប​ដី​រួច ដាំ​ណាំ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ​លឿន ។

បើ​តាម​កសិករ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គាត់​ដំណាំ​លើ​ផ្ទៃដី​ចំនួន​១០​ហិ​កតា ដោយ​ទទួល​បាន​ផល​ចំណូល​ក្នុង​គ្រួសារ ឧទាហរណ៍​ក្នុង​មួយ​ហិ​កតា អាច​ទទួល​បាន​ទិន្នផល​ពី​ចន្លោះ​ពី​៧ ទៅ​៨​តោន ។

លោក​បញ្ជាក់​ថា ៖ «​ចំពោះ​ដំណាំ​នេះ យើង​អាច​ទទួល​បាន​ផល​ជា​ប្រាក់ អាច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ពោល​គឺ​អាច​ប្រកប​ការ​ដាំ​ដុះ​បន្ត​ទៀត​បាន​» ។

សូម​ជម្រាប​ថា ដំណាំ​គម្រប​ដី​មាន​ដូច​ជា ៖ ចង្ក្រង់ស្វា​ស្លឹក​តូច មី​លែ​ក សង់​ត្រូ ស្លឹ​ឡូ ស​ណ្តែ​ង​អង្រែ ស្គួយ ចង្ក្រង់ស្វា​ស្លឹក​ធំ​ជាដើម ៕

អត្ថបទសរសេរ ដោយ