ខេត្តកែប ៖ ពីរនាក់ប្ដីប្រពន្ធខណៈជិះម៉ូតូឌុបគ្នាត្រឡប់មកពីលេងតន្ត្រីអកកាដង់ក្នុងពិធីមង្គលការមួយនៅភូមិអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏ត្រូវបានរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-4165បុកពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង២នាក់ប្តី-ប្រពន្ធ ស្ថិតកំណាត់ផ្លូវជាតិលេខ33 ត្រង់ចំណុចផ្លូវកោងខាងកើតស្ពានពងទឹក ទល់មុខប៉ុស្លិរនគរបាលពងទឹក ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប រីឯអ្នកបើកបរបង្កបានរត់បាត់ស្រមោលឈឹង បន្សល់ទុកតែរថយន្តចតចោលលើផ្លូវ ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ធ្នូ ២០២៣ ។ បើយោងតាមការអោយដឹងពីនគរបាលស្រុកដំណាក់ចង្អើរបាននិយាយអោយដឹងថា បុរសនិងស្ត្រីទាំងពីនាក់ប្ដីប្រពន្ធនេះ គឺជិះម៉ូតូម៉ាកហុងដា125 ពណ៌ខ្មៅ ពាក់ស្លាក់លេខកំពត1-P6067 ជិះឌុបគ្នាពីលិចទៅកើត ។ លុះមកដល់ចំណុចផ្លូវកោងហួសស្ពានបន្តិច មុខប៉ុស្លិរនគរបាលក៏ត្រូវបានរថយន្តម៉ាសស្តាបើកមកពីកើតទៅលិចបុកចំម៉ូតូតែម្ដង បណ្ដាលអោយបាត់បង់ជីវិតទាំងពីនាក់នៅនិងកន្លែង។

រីឯរថយន្តបង្កត្រូវបានបើកចេញពីកន្លែងកើតហេតុប្រហែល៣០០ម៉ែត្រតែទៅមុខលែងរួច ក៏ទុកចោលនៅមុខផ្លូវបំបែកទៅព្រែកចាក ។ នគរបាលបានដឹងថា ជនរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធ័មនេះ គឺបុរសជាប្ដីឈ្មោះស៊ីវ អូន អាយុ52ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះង៉ែត មុំ អាយុ45ឆ្នាំ មានកូន3នាក់រស់នៅភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត ។

បើតាមការអះអាងពីយុវជនម្នាក់ទៀតបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី25 ខែធ្នូ ថា ជនរងគ្រោះទាំងពីរនាក់នោះជាប្ដីប្រពន្ធនិងគ្នា ហើយក៏ជាថៅកែអកកាដង់ដែរ ។ យុវជនរូបនោះបាននិយាយប្រាប់ថា ក្រុមតន្ត្រីយីហោ«អូនមុំ» នេះ បានទៅលេងក្នុងមង្គលការនៅភូមិអង្កោល ជិតសមុទ្រកែប ។ លុះពេលចប់ទាំងពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូចេញមកមុន ហើយខ្លួនជាកូនចៅបានជិះម៉ូតូតាមក្រោយ ស្រាប់តែជិះម៉ូតូឡើងមកដល់ជាតិប្រទះឃើញរថយន្តមួយគ្រឿងចោលនៅលើផ្លូវជាតិ ថែមទាំងខូចខាតទៀត ។ ស្រាប់តែជិះបន្តមកមុខបន្តិចក៏ឃើញទិដ្ឋភាពដ៏រន្ធត់ដោយថៅកែភ្លេងសម័យ ត្រូវបានរថយន្តបុកស្លាប់ទាំងពីនាក់ ។

ទោះជាបែបណា គេមិនទាន់ស្គាល់អ្នកសញ្ញាណអ្នកបើកបររថយន្តទេរហូតមកទល់ថ្ងៃទី២៥ ធ្នូ នេះ ។ បច្ចុប្បន្ន ស.ពត្រូវរថយន្តសង្គ្រោះមណ្ឌលសុខភាពពងទឹកដឹកទៅដល់លំនៅឋានរៀបចំធ្វើបុណ្យនិងរថយន្តត្រូវបានរក្សាទុកនៅអធិការដ្ឋានស្រុកដំណាក់ចង្អើរ។
ព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ