ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

តើ​ឆ្នាំ​២០២៣ កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​អ្វីខ្លះ? ឆ្លើយ​សំណួរ​នេះ​បាន មិន​ត្រឹម​ធ្វើ​ឱ្យ​កម្ពុជា រក​ឃើញ​ពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នោះ​ទេ​។ តែ​វា​ជា​ត្រីវិស័យ សម្រាប់​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​

តើ​ឆ្នាំ​២០២៣ កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​អ្វីខ្លះ? ឆ្លើយ​សំណួរ​នេះ​បាន មិន​ត្រឹម​ធ្វើ​ឱ្យ​កម្ពុជា រក​ឃើញ​ពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នោះ​ទេ​។ តែ​វា​ជា​ត្រីវិស័យ សម្រាប់​ការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ទម្លាក់​ចោល​នូវ​ចំណុច​អវិជ្ជមាន ពង្រីក​សកម្ម​វិជ្ជមាន ដើម្បី​ការ​រីក​ចម្រើន​របស់​ជាតិ​សាសន៍​ដ៏​ចំណាស់​មួយ​នេះ​។

សម្រាប់​បញ្ហា​ប្រទេស​ជាតិ ឆ្នាំ​២០២៣ គឺជា​ប្រវត្តិសាស្ត្រ​មួយ ដែល​កម្ពុជា​បាន​ផ្លាស់​ប្តូរ​មេដឹកនាំ ប្រទេស​​ដែល​បាន​កាន់កា​.​ប់​អំណាច​ប្រមាណ​ជា​៤០​ឆ្នាំ ទៅ​ឱ្យ​អ្នក​បន្តវេន​ជំនាន់​ថ្មី​។ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា តាំងពី​ឆ្នាំ​១៩៨៥ បាន​ផ្ទេរអំណាច​ទៅ​កូនប្រុស​ច្បង​របស់​សម្តេច គឺ​សម្តេច​ធិ​បតី ហ៊ុន ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ថ្មី នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដា ហើយ​រដ្ឋាភិបាល​ពោរពេញ​ទៅ​ដោយ​មនុស្ស​វ័យក្មេង​ក៏​ត្រូវ​បង្កើត​ឡើង​។

ដូច្នេះ​ឆ្នាំ​២០២៣ អ្វី​ដែល​ថ្មី និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់​មួយ​នោះ គឺ​កម្ពុជា មាន​នាយក​រដ្ឋមន្ត្រី​ថ្មី មាន​វ័យ​កេ្ម​ង គឺ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​រហូត​មក​ដល់​ដំណាច់ឆ្នាំ ២០២៣​នេះ បាន​ដឹកនាំ​កម្ពុជា ប្រមាណ​៤​ខែ​មក​ហើយ​។

និយាយ​ពី​សេដ្ឋកិច្ច​ឆ្នាំ​២០២៣ មិនមែន​ជា​ឆ្នាំ​ដែល​ល្អ​នោះ​ទេ​។ មែនទែន​ទៅ​សេដ្ឋកិច្ច​សកល​ឆ្នាំ​២០២៣ បាន​គ្របដណ្តប់​ដោយ​ពពក​ខ្មៅ​តែ​ម្តង​។ ២០២៣ កម្ពុជា​ក៏​ដូច​ជា​ប្រទេស​នានា​នៅ​លើ​ពិភពលោក បាន​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​រង​ឥទ្ធិពល​មិនល្អ​ពី​សង្គ្រាម​រុ​ស្ស៊ី អ៊ុយ​ក្រែង និង​សង្គ្រាម​ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែ​ល​។

ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​បាន​ថ្ងូរ​ពី​បញ្ហា​សេដ្ឋកិច្ច ការ​រក​ចំណូល​ធ្លាក់​ចុះ ហើយ​បំណុល​ធនាគារ បាន​កើនឡើង​។ វិបត្តិ​សេដ្ឋកិច្ច​ជាស​កល បាន​ធ្វើ​ឱ្យ​សសរស្តម្ភ​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា​វិស័យ​សំណង់ ទេសចរណ៍ បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ​។ វិស័យ​អចលនទ្រព្យ សឹងតែ​ជាប់​គាំង ១០០%​តែ​ម្តង​។

រដ្ឋាភិបាល​ថ្មី បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​សុខភាព​ពលរដ្ឋ ជា​អាទិភាព ការ​កសាង​មូលធន​មនុស្ស​ជា​គន្លឹះ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ វិស័យ​កសិកម្ម ដែល​ជា​សសរស្តម្ភ សំខាន់​មួយ រួម​ជាមួយ​វិស័យ​ទេសចរណ៍ ដែល​កម្ពុជា ចាត់​ទុក​ថា ជា​មាស​ប៉ៃ​តង បាន​កំពុង​ស្តារ និង​កែ​លម្អ។

ទោះបី​យ៉ាងណា ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​កើន​ដល់​៥,៨​ភាគរយ ក្នុង​ឆ្នាំ​២០២៤ និង​៦,១​ភាគរយ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​ការ​រំពឹង​ទុក​អំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​។

នាយិកា​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ា​រី​យ៉ា​ម សាលី​ម (Maryam Salim) លើក​ឡើង​ថា ដើម្បី​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យ​ឯកជន​ឲ្យ​បំពេញ​មុខងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ចការ​នេះ អាច​សម្រេច​បាន ដោយ​ធ្វើ​សកម្មភាព​ភ្លាម​ៗ ក្នុង​ការ​កែ​លម្អ​ការ​បំពេញ​កិច្ច​របស់​វិស័យ​សាធារណៈ​។

អ្នកស្រី​បន្ថែម​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​កើនឡើង​នៅ​ឆ្នាំ​២០២៣ ក្នុង​អត្រា​៥,៤​ភាគរយ តែ​ថា​កំណើន​នេះ កើន​យឺត​ជាង​ការ​រំពឹង​ទុក ដោយសារ​បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ​។

នៅ​ពេល​គេ​និយាយ​ពី​សេដ្ឋកិច្ច​នៅ​កម្ពុជា គេ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ដឹកនាំ​របស់​ប្រទេស​នេះ នោះ​ទេ​។ កម្ពុជា ជា​ប្រទេស​ដែល​រង​គ្រោះ​ពី​សង្គ្រាម​ផ្ទៃក្នុង​ផង និង​ឥទ្ធិពល​សង្គ្រាម​បរទេស​ផង​។ ដើម្បី​បញ្ចប់សង្គ្រាម​ពី​ទឹកដី​តូច នៅ​ជាប់​ទន្លេមេគង្គ​មួយ​នេះ មានការ​ចូលរួម​ពី​អន្តរជាតិ ជា​ច្រើន​។ កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ស្តី​ពី​ការ​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា មាន​១៨​ប្រទេស​បាន​ចុះហត្ថលេខា​។ ជំនួយ និង​ការ​អនុគ្រោះ​ពន្ធ​នានា ពី​ការ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​បរទេស បាន​ផ្តល់​មក​ដល់​ពលរដ្ឋ​ខ្មែរ ចាប់ពី​ឆ្នាំ​១៩៩១​មក ដោយ​បាន​ភ្ជាប់​ជាមួយ​ដំណើរ​លិទ្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។

សេដ្ឋកិច្ច​កម្ពុជា មិន​ទាន់​អាច​កាត់​ផ្តាច់​ពី​ការ​វាយតម្លៃ​របស់​ប្រទេស​ម្ចាស់​ជំនួយ ជា​ពិសេស​ក្រុម​ប្រទេស​លោក​ខាងលិច​នោះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ តិច ឬ​ច្រើន គេ​តែងតែ​បានឮ​ប្រទេស មួយ​ចំនួន​ដូច​ជា អា​មេ​រិ​ក និង​ប្រទេស​នៅ​អឺរ៉ុប និយាយ​ពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ដំណើរ លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។

ការ​បោះ​ឆ្នោត​ជា​ទៀងទាត់​៥​ឆ្នាំ​ម្តង នៅ​កម្ពុជា គឺ​ការ​វាស់វែង​អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​រហូត​មក​ដល់​នេះ ការ​វាយតម្លៃ​លើ​បញ្ហា​នេះ ឃើញ​ថា នៅ​តែ​ខុស​គ្នា​រវាង​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​អន្តរជាតិ និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា​។

ការ​វាយតម្លៃ​ខុស​គ្នា​បែប​នេះ តិច​ឬ​ច្រើន​បាន​ជះ​ឥទ្ធិពល​ដល់​ជីវពល​រដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​តាមដាន​នយោបាយ​នៅ​កម្ពុជា​។

តាម​ពិត​ទៅ ពលរដ្ឋ​កម្ពុជា​ចង់បាន​សន្តិភាព ចង់បាន​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ទទួល​បាន​​ផល​ពី​ការ​អភិវឌ្ឍន៍​ស្មើភាព មាន​យុត្តិធម៌​ក្នុង​សង្គម​។ តើ​ឆ្នាំ​២០២៤​ខាង​មុខ បញ្ហា​ជីវភាព និង​បញ្ហា​ប្រទេស​ជាតិ ដែល​នៅ​សេសសល់​អាច​ដោះស្រាយ​ឱ្យ​បាន​ប្រសើរ​ជាង​ឆ្នាំ​២០២៣​ឬ​យ៉ាងណា? គេ​រង់ចាំ​មើល​ការ​អនុវត្ត​កម្មវិធី​នយោបាយ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​បាន​ដាក់​ចេញ ហើយ​ការ​ចូលរួម​របស់​ពលរដ្ឋ​ក៏​ជា​ការ​សំខាន់​ដែរ​។ ពលរដ្ឋ​ចូលរួម​ឱ្យ សកម្មភាព​លើ​បញ្ហា​សង្គម ស្រប​តាម​ច្បាប់​ធម្មនុញ្ញ គឺជា​ការ​រួមចំណែក​ដល់​ការ​កសាង និង អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​ខ្លួន​៕

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ