ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិសេធ​ចំពោះ​សារព័ត៌មាន​ថៃ ដែលផ្សាយ​ថា ជនជាតិ​ថៃ​៩​នាក់ ត្រូវ​ចាប់​បង្ខាំង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

4 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ចេញ​បដិសេធ​ចំពោះ​សារព័ត៌មាន​ថៃ ដែល​ផ្សាយ​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា…

ខេត្តបន្ទាយមានជ័យ ៖ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ បាន​ចេញ​បដិសេធ​ចំពោះ​សារព័ត៌មាន​ថៃ ដែល​ផ្សាយ​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា និង​បង្ខាំង​ទៅ​លើ​ជនជាតិ​ថៃ​០៩​នាក់​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ គឺ​សមត្ថកិច្ច​រក​ពុំ​ទាន់​ឃើញ​មាន​ភស្តុ​តាង​ពាក់ព័ន្ធ​ដូច​ការ​ចោទប្រកាន់​របស់​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​នោះ​ទេ ។

អ្នកនាំពាក្យ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ មាន​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​ថា «​ជនជាតិ​ថៃ ចំនួន​០៩​នាក់ បាន​រត់​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​សង្គ្រោះ ដោយ​ពួក​គេ​អះអាង​ថា ត្រូវ​ចាញ់បោក​ក្រុមបងធំ នាំ​ទៅ​ធ្វើការ នៅ​ក្នុង​កាស៊ីណូ​ខុសច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​» និង​សារព័ត៌មាន​មួយ​ចំនួន​ទៀត ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ​ថៃ​ទាំង​០៩​នាក់​នេះ ផង​ដែរ ។

អ្នកនាំពាក្យ បាន​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ផ្សព្វផ្សាយ​នេះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​ជ័យ ដឹកនាំ​សមត្ថកិច្ច​ចំរុះ​មាន​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ​ក្រុង និង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ដល់​អាគារ​មួយ​កន្លែង ចំណុច​អាគារ​ថ្មី ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​រក​ឃើញ​ជនជាតិ​ថៃ​១៧​នាក់ (​ស្រី​១០​នាក់​) រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត នឹង​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ករណី​ឆេះ​បន្ទប់ដេក​ស្នាក់​នៅ​របស់​បុគ្គលិក​លេខ A7 ស្ថិត​ក្នុង​អគារ​ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ពូ​លី មាន​ទីតាំង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជនជាតិ​ថៃ ចំនួន​០៩​នាក់ ដែល​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ ។

អ្នកនាំពាក្យ បន្ត​ទៀត​ថា យោង​តាម​លទ្ធផល​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ និង​ស្ដាប់​ការ​បំភ្លឺ​របស់​អ្នក​ពាក់​ព័ទ្ធ​ជុំវិញ​រឿងហេតុ​ខាងលើ​ឃើញ​ថា ជនជាតិ​ថៃ​០៩​នាក់ បាន​ឈ្លោះប្រកែក​គ្នា ដុត​ឆេះ​បន្ទប់ដេក និង​បាន​បើ​អំពើ​ហិង្សា​លើ​សន្តិសុខ ពេល​ចូល​ឃាត់ ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់ ទើប​នាំ​គ្នា​រត់គេច​ខ្លួន​លោត​ផ្លោះ​របង បន្លា​លួស​បណ្ដាល​អោយ​មាន​របួស ហើយ​បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ ២០២៣​។

អ្នកនាំពាក្យ ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា និង​បង្ខាំង​ទៅ​លើ​ជនជាតិ​ថៃ​០៩​នាក់​នោះ គឺ​សមត្ថកិច្ច​យើង​រក​ពុំ​ទាន់​ឃើញ មាន​ភស្តុ​តាង​ពាក់ព័ន្ធ​ដូច​ការ​ចោទប្រកាន់​របស់​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ