យោគិនី មានឥទ្ធិពលអំណាចខ្លាំង ជាអ្នករាំបង្ក្រាបភាពអាក្រក់លើលោក
- ភ្នំពេញ
«យោគិនី» ជាពាក្យសំស្ក្រឹតមានន័យថាអ្នកធ្វើយោគ ដែលមានមុខងារជានារីរបាំសម្រាប់រាំថ្វាយទេព
«យោគិនី» ជាពាក្យសំស្ក្រឹតមានន័យថាអ្នកធ្វើយោគ ដែលមានមុខងារជានារីរបាំសម្រាប់រាំថ្វាយទេព
រាជធានីភ្នំពេញ ៖ «យោគិនី» ជាពាក្យសំស្ក្រឹតមានន័យថាអ្នកធ្វើយោគ ដែលមានមុខងារជានារីរបាំសម្រាប់រាំថ្វាយទេព ។
បើតាមឯកសារសារមន្ទីរជាតិ ក្នុងគម្ពីរព្រហ្មញ្ញសាសនា «យោគិនី» ជាមនុស្សស្រី ឬទេពស្រី បង្កើតឡើងដោយព្រះនាងទុគ៌ា ឬព្រះឥសូរ ហើយមានថាមពលខ្លាំងពូកែ ។
រីឯក្នុងព្រះពុទ្ធសាសនាមហាយាន និកាយតន្ត្រ(Tantra)វិញ យោគិនីជាមនុស្សស្រី មានឥទ្ធិពលអំណាចខ្លាំងក្លា ដ្បិតទ្រង់ទទួលបានពរពីទេព ផ្សេងៗដោយផ្ទាល់ ហើយបានរាំដើម្បីបង្ក្រាបភាពអាក្រក់នៅលើលោក ។
ជាក់ស្តែង ផ្អែកលើសមុច្ច័យសារមន្ទីរ បង្ហាញរូបយោគិនីចំនួន៨អង្គ រាំព័ទ្ធជុំវិញព្រះហេវជ្រដែលកំពុងតែរាំជាន់ពីលើមារទាំងបួនតំណាងឲ្យភាពអាក្រក់លើលោក ។
បដិមាយោគិនីដែលលើកយកមកបរិយាយនេះ ធ្វើពីសំរឹទិ្ធ ក្នុងកាយវិការឈររាំលើបល្ល័ង្ករាងមូល លើកដៃស្តាំខ្ពស់ឡើងទៅលើ ផ្អៀងស្មាឆ្វេងបន្តិច ដៃឆ្វេងបត់កំភួនដៃមកត្រឹមផ្ចិត ជើងស្តាំលើកផ្ទុចទៅគន្លាក់ជើងឆ្វេងដែលបត់សំយុងម្រាមជើងចុចជំទើតលើបល្ល័ង្ក ។
លើសពីនេះប្រតិមានេះមានទ្រង់គ្រឿង មកុដក្បាំង ក្រវិល កងដៃ ស្នាប់ដៃ ស្រងក កងជើង និងលែងខ្លួនទទេ ស្លៀកសំពត់ចងក្បិនពាក់ខ្សែក្រវាត់ទម្លាក់រំយោល ចាប់ផ្នត់ខើចលើភ្លៅ ទម្លាក់ជាយរាងកន្ទុយត្រីពីរជាន់ចន្លោះជើងទាំងសងខាង រីឯសំយុងកន្ទុយត្រីខាងក្រោយមានរាងមេអំបៅ ។
ប្រតិមាទោលសំរឹទ្ធិនេះ ស្ថិតក្នុងរចនាបថបាភួន ក្នុងសម័យអង្គរ នាសតវត្សទី១១ ដែលមានលក្ខណៈពិសេសនៃការសិតអាចរក្សាលំនឹងរូបឲ្យឈរត្រង់បានយ៉ាងល្អវិចិត្រ ។ ចំណែកឯនៅលើផ្ទៃនៃប្រតិមាមានស្នាមទឹបសន្លឹកមាសដោយ អន្លើៗ ។
ប្រតិមាយោគិនី បានវិលត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០២០ រួមជាមួយសមុច្ច័យជាច្រើនផ្សេងទៀតពីសហរដ្ឋអាមេរិក ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ