ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ឆ្នាំ​២០២៣ នឹង​ចាក​ចេញពី​ជើង​នៅ​រយៈ​ពេល​មិន​ដល់​១០​ថ្ងៃ​ទៀត​នោះ​ទេ ហើយ​វា​ជា​ឆ្នាំ​ដែល​ប្រជា​ជន​​កម្ពុជា​ជា​ច្រើន​ឈឺចាប់ ដោយសារ​បំណុល បាត់បង់​ការងារ រកស៊ី​ខាត​ជាដើម ក្រោម​សម្ពាធ

ឆ្នាំ​២០២៣ នឹង​ចាក​ចេញពី​ជើង​នៅ​រយៈ​ពេល​មិន​ដល់​១០​ថ្ងៃ​ទៀត​នោះ​ទេ ហើយ​វា​ជា​ឆ្នាំ​ដែល​ប្រជា​ជន​​កម្ពុជា​ជា​ច្រើន​ឈឺចាប់ ដោយសារ​បំណុល បាត់បង់​ការងារ រកស៊ី​ខាត​ជាដើម ក្រោម​សម្ពាធ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។ យើង​រំពឹង​ឆ្នាំ​២០២៤ គឺជា​ឆ្នាំ​ដ៏​ល្អ ដ៏​ជោគជ័យ និង​ដ៏​រីករាយ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

ប៉ុន្តែ​យើង​ក៏​ត្រូវ​ទទួលស្គាល់​ថា យើង​ប្រហែលជា​មិន​បាន​ត្រៀមខ្លួន​មុន​សម្រាប់​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០២៣​។ ដូច្នេះ​ឆ្នាំ​២០២៤ យើង​ត្រូវ​តែ​ចេះ​គិត​ជាង​មុន និង​ចេះ​មាន​ផែនការ​ជីវិត​ដ៏​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​កុំអោយ​ការ​ឈឺចាប់​ឆ្នាំ​២០២៣ តាម​លង​យើង​ទាំងអស់​គ្នា​។

ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និង​អង្គការក្រៅរដ្ឋាភិបាល កំពុង​តែ​ប្រញាប់​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​ហើយ​នៅ​ពេល​នេះ​។ ប៉ុន្តែ​សម្រាប់​បុគ្គល​យើង​ក៏​គួរតែ​បូក​សរុប និង​ពិនិត្យ​រក​សមិទ្ធផល ក៏​ដូច​ជា​សមិទ្ធកម្ម​ផ្ទាល់ខ្លួន​ផង​ដែរ ។

ការងារ​ប្រចាំ​ថ្ងៃ វា​គឺជា​កាតព្វកិច្ច និង​ភារៈកិច្ច​ដែល​យើង​ត្រូវ​បំពេញ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​រិះគិត និង​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​យើង​ផង​ដែរ ។ ការ​រិះគិត​អំពី​សមិទ្ធកម្ម និង​លទ្ធផល​ការងារ​ដែល​យើង​​បាន​ធ្វើ​កន្លង​មក នៅ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ គឺជា​រឿង​ចាំបាច់​ណាស់ ដើម្បី​យើង​ដឹង​ថា យើង​បាន​ធ្វើ​អ្វីខ្លះ សម្រេច​អ្វីខ្លះ ហើយ​រៀបចំ​ផែនការ​ការងារ​ផ្ទាល់ខ្លួន សម្រាប់​ដាក់​ផែនការ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​បន្ថែម​ទៀត​យ៉ាងណា ។

នៅ​ក្នុង​មួយ​ឆ្នាំ មាន​១២​ខែ ៥២​ស​ប្តា​ហ៍ ៣៦៥​ថ្ងៃ ៨.៧៦០​ម៉ោង ឬ​៥២៥ ៦០០​នាទី គឺ​មិន​តិច​នោះ​ទេ។ ប៉ុន្តែ​តើ​យើង​បាន​ធ្វើ​អ្វីខ្លះ​ជា​ផល​ល្អ​សម្រាប់​ខ្លួន​យើង ក្នុង​រយៈពេល​ដ៏​វែង​នេះ?

ប្រសិនបើ​យើង​មិន​រិះគិត​ឡើង​វិញ​ថា យើង​បាន​ធ្វើ​អ្វីខ្លះ យើង​ពិតជា​មិន​អាច​រក​ឃើញ​នូវ​សមិទ្ធកម្ម និង​សមិទ្ធផល​ការងារ ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​រយៈពេល​នេះ​បាន​ឡើយ ។ ដូច្នេះ យើង​ក៏​ពិបាក​នឹង​សិក្សា ក៏​ដូច​ជា​ដាក់​ផែនការ​ដែល​យើង​ត្រូវធ្វើ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ដែរ ។

សូម​ទម្លាប់​រិះគិត និង​ចងក្រង​កិច្ចការ​ទាំងនេះ ហើយ​កុំ​សើច​នៅ​ពេល​ដែល​យើង​ឃើញ​គេ​សិក្សា​តាម​របៀប​នេះ ។ ការ​ដែល​គេ​ម្នាក់​ៗ​មាន​ទម្លាប់​បែប​នេះ បុគ្គល​ម្នាក់​នោះ​ច្រើន​តែ​ជោគជ័យ ពីព្រោះ​គេ​អាច​គ្រប់គ្រង និង​មាន​ផែនការ​នៅ​ក្នុង​ជីវិត​របស់​គេ ។

នៅ​ក្នុង​មួយ​ថ្ងៃ​ៗ គេ​នឹង​ដឹង​ថា គេ​មាន​ភារៈកិច្ច​ត្រូវធ្វើ​អ្វីខ្លះ តាំងពី​ការងារ​នៅ​ក្នុង​គ្រួសារ កន្លែង​ការងារ ភារៈកិច្ច​ប្រចាំ​ថ្ងៃ ដូច្នេះ​គេ​អាច​នឹង​នៅ​សេសសល់​ពេលវេលា​ដើម្បី​គេ​រិះគិត​ថា គេ​អាច​នឹង​មាន​ពេល​ដែល​ត្រូវធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​បន្ថែម សម្រាប់​ខ្លួន​គេ គ្រួសារ​គេ និង​អនាគត​ទៅ​មុខ​របស់​គេ ។

មនុស្ស​ម្នាក់​ៗ​មាន​ផែនការ និង​មាន​គោលដៅ​មិន​ដូច​គ្នា​ឡើយ ហើយ​រាល់​ការ​បូក​សរុប​ការងារ និង​សមិទ្ធកម្ម​ដែល​គេ​បាន​បំពេញ​ប្រចាំឆ្នាំ​នឹង​អាច​អោយ​គេ​ដឹង​ថា តើ​គោលដៅ​ដែល​គេ​បាន​កំណត់​នេះ​ដើរ​ដល់​កម្រិត​ណា? ហើយ​នៅ​ពេល​ដែល​ដឹង​នូវ​គោលដៅ​ទាំងនោះ​ហើយ គេ​អាច​នឹង​ដាក់​ចេញ​នូវ​ផែនការ​នៅ​ក្នុង​ឆ្នាំ​ក្រោយ​ថា ត្រូវ​បន្ត​ខំប្រឹង​ប្រែង ឬ​ក៏​បន្ធូ​ដៃ ឬ​មួយ​ក៏​កំណត់​គោលដៅ​ថ្មី​សម្រាប់​ជីវិត ។

តាម​ការ​រៀបរាប់​បែប​នេះ ប្រសិនបើ​យើង​ស្តាប់​មើលទៅ​ពិតជា​ចម្លែក ហើយ​គួប​ផ្សំ​នឹង​ពលរដ្ឋ​យើង​មិនសូវ​ជា​យកចិត្តទុកដាក់​ចំណុច​នេះ​ថែម​ទៀត បុគ្គល​ដែល​កំណត់ និង​រិះគិត​បែប​នេះ ច្រើន​តែ​ត្រូវ​គេ​សើចចំអក ហើយ​រហូត​ដល់​អ្នកខ្លះ​អាច​រិះគន់ និង​វា​.​យ​ប្រ​.​ហា​.​រថា ជា​មនុស្ស​រិះ​ល្អិតល្អន់ ស្វិត​កំណាញ់ ហើយ​ពេបជ្រាយ​ដាក់​ថែម​ទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ បុគ្គល​បែប​នេះ គឺ​ច្រើន​តែ​ជា​អ្នក​ដែល​ទទួល​ជោគជ័យ ហើយ​តែងតែ​សម្រេច​នូវ​គោលដៅ​ជីវិត​ដែល​គេ​បាន​កំណត់​។

ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ករណី​ដែល​យើង​គ្មាន​គោលដៅ គ្មាន​ការ​កត់ត្រា គ្មាន​ការ​រិះគិត​នោះ យើង​គឺ​បាន​ត្រឹមតែ​ធ្វើការ​មួយ​ថ្ងៃ​រួច​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ដល់​វ័យ​មួយ ដែល​លទ្ធភាព​ការងារ​របស់​យើង​ចុះ​ខ្សោយ​នោះ យើង​នឹង​មាន​ស្ថានភាព​ហេងហាង ពិបាក​នឹង​ពិពណ៌នា ។

សូម​ទម្លាប់​រិះគិត​តាំងពី​ស្ថានភាព​នៃ​ការងារ ការ​ចំណាយ និង​ត្រួតពិនិត្យ​ប្រាក់​សន្សំ នៅ​ក្នុង​ករណី​ប្រាក់​សន្សំ​ដល់​ការ​កំណត់ ក៏​គួរ​ដាក់​ចេញ​យក​ចំណែក​នៃ​ប្រាក់​សន្សំ​មួយ​ភាគ​ណាមួយ ដាក់​ចេញ​កម្មវិធី​សប្បាយ​រីករាយ​ជួបជុំ​គ្រួសារ ដើម្បី​បង្កើន​សុភមង្គល​។ នៅ​ក្នុង​ករណី​ថា ប្រាក់​សន្សំ​មិន​ដល់​គោលដៅ ក៏​ត្រូវ​តែ​ទទួលយក​ហើយ​ច្នៃ​ចេញ​ជា​សកម្មភាព​ដែល​ចំណាយ​តិច​តែ​រីករាយ​នៅ​ក្នុង​គ្រួសារ ។ ចំណែកឯ​ការងារ​វិញ ក៏​ត្រូវ​ពិនិត្យ​មើល តើ​លទ្ធផល​ដែល​យើង​ខំ​នេះ សម្រេច​បាន​ប៉ុន្មាន? ហើយ​បើ​សម្រេច​បាន​ឆ្នាំ​ក្រោយ​ត្រូវ​កំណត់​យ៉ាងណា​ទៀត? ហើយ​ប្រសិនបើ​មិន​ពេញចិត្ត​ទេ គឺ​ត្រូវ​តែ​ដាក់​ផែន​ការ​កែ​លម្អ និង​បង្កើន​ប្រសិទ្ធភាព​យ៉ាងណា ដើម្បី​ជោគជ័យ​នៅ​ឆ្នាំ​ក្រោយ ។

សរុប​មក​វិញ ការ​ត្រួតពិនិត្យ​ផ្ទាល់ខ្លួន​គួរតែ​ធ្វើ ហើយ​នៅ​ពេល​ដែល​ដឹង​លទ្ធផល គឺ​ដើម្បី​យើង​ងាយស្រួល​កំណត់​គោលដៅ​ត្រូវធ្វើ​នៅ​ឆ្នាំ​បន្ទាប់ ។ ប្រសិនបើ​យើង​មិន​ធ្វើ គឺ​ការងារ​យើង​នៅ​តែ​ប៉ុណ្ណឹង​។ តែបើ​យើង​ធ្វើ​វិញ យើង​នឹង​ដឹង​ខ្លួនឯង​ថា យើង​ខ្លាំង ឫ​ខ្សោយ ហើយ​ក៏​យើង​អាច​នឹង​ដឹង​អំពី​សមត្ថភាព​របស់​យើង​ផង​ដែរ​។ ដូច្នេះ​គួរតែ​សិក្សា និង​រៀបចំ​រិះគិត​បែប​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ និង​ការងារ​ដែល​យើង​ម្នាក់​ៗ​កំពុង​តែ​ធ្វើ ។

សូម​អោយ​ឆ្នាំ​២០២៤ ក្លាយជា​ឆ្នាំ​ដ៏​រីករាយ និង​ជោគជ័យ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​៕

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ