សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានសនិ្នបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនបោះឆ្នោតកាលពីថៃទី១០ ខែធ្នូ អោយក្លាយទៅជាអនុប្រធានម្នាក់ទៀត នៃគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមប្រភពមួយនៅក្នុងគណបក្ស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអនុប្រធានមួយរូបបន្ថែមទៀត របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសម្តេច ស ខេង, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃគណបក្សកាន់អំណាច ឈានចូលថ្ងៃទីពីរ នាថ្ងៃអាទិត្យនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេច ហ៊ុន សែន ប្រធានគណបក្ស។
មហាសន្និបាតកាលពីថ្ងៃសៅរ៍ ទី៩ ខែធ្នូ សមាជិកចំនួន៤៩៦នាក់បន្ថែមទៀត ត្រូវបានសម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា ដែលធ្វើឲ្យចំនួន សរុបឡើងដល់ ១ ៣១២នាក់។

ជាមួយគ្នានេះ មហាសន្និបាត ក៏បានបញ្ចូលសមាជិកថ្មី២៣រូប ជាសមាជិកអចិន្ត្រៃយ៍ផងដែរ។ សមាជិកថ្មីនោះរួមមាន ៖ លោក វង សូត, លោក ស៊ុន ចាន់ថុល, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, បណ្ឌិត សាយ សំអាល់, អភិសន្តិបណ្ឌិត ស សុខា, លោក ទៀ សីហា, លោក កើត រិទ្ធ, លោក សុខ ចិន្តាសោភា, លោក វង្សី វិស្សុត, កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, លោក ជីវ កេង, លោក អ៊ុច បូររិទ្ធ, លោក អូស្មាន ហាស្សាន់, កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ម៉ៅ សុផាន់, លោក ទៀ វិញ, លោក សឹង សំណាង, លោក ស ថេត, អ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, លោក សោម សឿន, លោក ហ៊ុន ម៉ានី និងលោក ប៉េង ពោធិ៍នា៕
អត្ថបទដោយ ៖ សា រ៉ាន់









ចែករំលែកព័តមាននេះ