ខេត្តកំពត ៖ សិស្សវិទ្យាល័យអង្គសូរភី ម្នាក់បានធ្លាក់ពីលើចុងត្នោតស្លាប់កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២០ ឧសភា ខណៈឡើងកាប់ស្លឹកត្នោត ។ តាមមន្ត្រីនគរបាលប៉ុសិ៍្តឃុំអង្គសូរភីនិយាយថា សិស្សដែលធ្លាក់ពីលើចុងត្នោតស្លាប់នេះឈ្មោះចាន់ ដា អាយុ១៩ឆ្នាំ រស់នៅភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស តែបានមករៀននៅវិទ្យាល័យអង្គសូរភី ហើយដោយពិបាកធ្វើដំណើរចុះឡើងព្រោះផ្ទះនៅឆ្ងាយក៏មកស្នាក់នៅផ្ទះគេម្នាក់នៅភូមិដើមពោធិ៍ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច អស់រយៈពេល២ឆ្នាំ មកហើយ និងកំពុងរៀននៅថ្នាក់ទី១០។ ដោយឡែកនៅថ្ងៃទី២០ ឧសភា នោះ សិស្សឈ្មោះចាន់ ដា នេះ បានឡើងកាប់ស្លឹកត្នោតមានកម្ពស់ប្រមាណ១៥ម៉ែត្រ ស្រាប់តែធ្លាក់បាក់កស្លាប់ក្បែរភ្លឺស្រែដោយគ្មានអ្នកណាអាចជួយសង្គ្រោះបាន ។
ក្រុមសិស្សសាលាជាច្រើននាក់បានមកចូលរួមកាន់ទុក្ខ ហើយបើតាមបុរសជាឪពុកនិយាយថា គាត់ឱ្យតែកូនខំប្រឹងប្រែងរៀនសូត្រមិនឱ្យធ្វើអ្វីទេ ស្រាប់តែឡើងកាប់ស្លឹកត្នោតបណ្តាលឱ្យធ្លាក់ស្លាប់គួរឱ្យសោកស្តាយ ។ សពសិស្សរូបនេះត្រូវក្រុមគ្រួសារដឹកតាមគោយន្តយកទៅធ្វើបុណ្យនៅភូមិពងទឹកជាស្រុកកំណើតរបស់ខ្លួន ។ លោកមេភូមិពងទឹកនិយាយថា សិស្សដែលធ្លាក់ពីលើចុងត្នោតស្លាប់នេះនៅតែឪពុកទេ ឯម្តាយរបស់គេបានស្លាប់ចោលជាយូរឆ្នាំហើយ ៕
ចែករំលែកព័តមាននេះ