រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញ ធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាប នៅសួនច្បារមុខព្រះបរមរាជវាំង ដាក់ក្នុងទ្រង់ និងធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា ដោយមិនឲ្យមានសកម្មភាពបែបនេះតទៅទៀតឡើយ។ ហើយបើសិនជាក្នុងមិនរាងចាលនោះទេ អាជ្ញាធរនឹងលែងឲ្យលក់សត្វចាបនៅទីតាំងនោះបន្តទៀតឡើយ។

ក្រោយពីអាជ្ញាធរធ្វើការអប់រំណែនាំរួច ស្ត្រីវ័យចំណាស់រូបនោះ បានធ្វើការសុំទោសដល់សាធារណជន និងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ ហើយចំពោះការចាប់សត្វព្រាបនេះ មិនមែនយកទៅធ្វើម្ហូបនោះទេ គឺដោយសារមានម៉ូយកុម្មង់សត្វព្រាបចំនួន២ក្បាល និងឲ្យលុយគាត់ចំនួន២ម៉ឺនរៀល ដើម្បីយកសត្វព្រាបទៅលែង។

បន្ថែមពីនេះទៀតនោះ អាជ្ញាធរខណ្ឌដូនពេញ ក៏បានចុះមកដល់ទីតាំងសួនច្បារមុខព្រះបរមរាជវាំង និងធ្វើការអប់រំណែនាំដល់អ្នកប្រកបអាជីវកម្មលក់សត្វចាប និងលក់ផ្កា ដើម្បីឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអ៊ំស្រីម្នាក់នោះឡើយ។

គួរបញ្ជាក់ផងដែរថា សកម្មភាពរបស់ស្ត្រីវ័យចំណាស់ម្នាក់ចាប់សត្វព្រាបនោះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅចំណុចសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមបណ្ដាញសង្គមបានបង្ហោះវីដេអូឃ្លីបមួយ បានលើកឡើងថា «វាពិតជារឿងដែលគួរឲ្យហួសចិត្តនឹងទង្វើរបស់អ៊ុំស្រីម្នាក់ ជាអ្នកប្រកបរបរលក់សត្វចាប (រស់) ហើយស្ត្រីវ័យចំណាស់រូបនេះបានធ្វើសកម្មភាពបាចចំណីសត្វ រួចចាប់សត្វព្រាបជាច្រើនក្បាលយកទៅដាក់ក្នុងទ្រុងដាក់សត្វចាបទៅវិញ៕ អត្ថបទដោយ ៖ រដ្ឋា
https://www.tiktok.com/@kpov1998/video/7310008487759711506?is_from_webapp=1&sender_device=pc&web_id=7218866622958110210
ចែករំលែកព័តមាននេះ