រាជធានីភ្នំពេញ ៖ ក្រុមបដិមារឿងរាមកេរ្តិ៍ ជាចម្លាក់ទោលឆ្លាក់ចេញពីផ្ទាំងថ្មតែមួយដុំ មានរំលេចក្បាច់រចនាឥតខ្ចោះប្រកបដោយកាយវិការរស់រវើកនាពាក់កណ្តាលសតវត្សរ៍ទី១០ នៃគ្រឹស្តសករាជ ក្នុងសម័យអង្គរ ។ ក្រុមបដិមាទាំងនេះ មានទីតាំងដើមនៅខ្លោងទ្វារខាងកើតនៃប្រាសាទចិន ដែលជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍ ។
បើតាមឯកសារសារមន្ទីរជាតិ លក្ខណៈសម្គាល់មួយនៃសិល្បៈរចនាបថកោះកេរ ដែលប្លែកពីសិល្បៈតំបន់ផ្សេងៗ គឺការបង្ហាញឈុតឆាករឿង តាមរយៈចម្លាក់ជាបដិមាទោលក្នុងលក្ខណៈ (3D) ដែលហាក់ពុំឃើញលេចឡើងនៅក្នុងសិល្បៈមុនៗ និងសិល្បៈ ក្រោយៗមកទៀតឡើយ ។ ជាក់ស្តែងបដិមាពាលី និងសុគ្រីពដ៏វិចិត្រនេះ ឆ្លាក់ចេញពីថ្មភក់តែមួយដុំភ្ជាប់ជាមួយជើងទម្រ ។ ប៉ុន្តែការបង្ហាញជាទម្រង់ក្បាច់ក្រឡោតនៅតាមហោជាង ផ្តែរ និងជញ្ជាំងប្រាសាទនានា នៅរក្សាដូចសិល្បៈផ្សេងៗដែរ ។
ក្រុមបដិមារឿងរាមកេរ្តិ៍ ដែលលើកយកមកបង្ហាញនេះ ជាឈុតមួយនៅក្នុងរឿងរាមកេរ្តិ៍ត្រង់ឆាកប្រយុទ្ធគ្នារវាងបងប្អូនស្វាពីរនាក់ អមដោយតួអង្គសំខាន់ៗផ្សេងទៀតនៅក្នុងរឿងដូចជា ព្រះរាម ហនុមាន ព្រះលក្ម្សណ៍ដែលសល់ត្រឹមតែប្រថែន ។ ប្រថែនដែលមានចុះបញ្ជីសារពើភណ្ឌលេខ (សជក.279) នេះ មានរាងបួនជ្រុង ចែកជាពីរថ្នាក់ ផ្ទៃលាត និងសល់ជាប់តែត្រង់ជើងបន្តិច ។
យោងតាមភស្តុតាងដែលនៅសេសសល់ជាប់ប្រថែននេះ អ្នកស្រាវជ្រាវយល់ឃើញថា ប្រហែលជាជើងទម្ររបស់ព្រះលក្ម្សណ៍ (EFEO-APSARA : 2014) ។ ប្រថែនដែលកំពុងរៀបរាប់នេះបានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ដោយអាជ្ញាធរជាតិអប្សរា ។
ប្រតិមាពាលី និងសុគ្រីព បានប្រទះឃើញនៅជិតជញ្ជាំងខាងជើងនៃប្រាសាទចិន នាឆ្នាំ១៩៥០ ។ លុះដល់ឆ្នាំ១៩៥២ លោក Jean Boisselier ដឹកយកមកសារមន្ទីរជាតិ ដើម្បីជួសជុល និងដាក់តាំងបង្ហាញជាសាធារណៈ ។ រីឯប្រតិមា ផ្សេងៗទៀត មានខ្លះជាអំណោយ និងខ្លះទៀតបានមកពីការទាមទារត្រឡប់មកវិញ ដ្បិតប្រតិមាទាំងនេះបានលួចយកចេញពីតំបន់កោះកេរ ក្នុងអំឡុងឆ្នាំ១៩៩៧ រួចបញ្ជូនទៅលក់បន្តនៅបរទេស ហើយរក្សាទុកជាសមុច្ច័យរបស់សារមន្ទីរនៅសហរដ្ឋអាមេរិក។
ប្រតិមាព្រះរាម បានប្រគល់ត្រឡប់មកពីសារមន្ទីរ Denver Art នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ចំណែកប្រតិមាហនុមាន បានប្រគល់ត្រឡប់មកពីសារមន្ទីរ Cleverland Museum of Art នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។
ប្រាសាទចិន គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅតំបន់កោះកេរ ខេត្តព្រះវិហារ ដែលទើបចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០២៣កន្លងទៅ ថ្មីៗនេះ ។ អ្នកស្រុកតែងហៅប្រាសាទនេះថា «ប្រាសាទចិនវ៉ៃគ្នា»ដោយសារគេឃើញប្រតិមាពាលី និងសុគ្រីពប្រយុទ្ធគ្នានៅច្រកចូលទី១នៃប្រាសាទ ហើយក្រោយមកហៅខ្លីថា «ប្រាសាទចិន» រហូតមក។
ប្រាសាទនេះតម្កល់ប្រតិមាច្រើនជាងគេ ហើយក៏រងការលួចជីកកកាយយកប្រតិមាចេញទៅក្រៅប្រទេសច្រើនជាងគេដែរ ។ ប្រតិមាមួយចំនួនបានបាក់បែកសល់ត្រឹមបំណែក និងប្រតិមាខ្លះទៀតបាត់ចេញពីទីតាំងដើមនៅសល់ត្រឹមបល្ល័ង្ក ។ ជាក់ស្តែងក្រុមប្រតិមារឿងមហាភារត ស្ថិតនៅខ្លោងទ្វារខាងលិច និងប្រតិមាក្រុមរឿងរាមកេរ្តិ៍ នៅខ្លោងទ្វារខាងកើត ដែលបានដាប់ចេញពីជើងទម្រយកទៅជួញដូរនៅក្រៅប្រទេសក្នុងកំឡុងឆ្នាំ១៩៧០-១៩៨០ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ