ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវប៉ាន់​! មាស​ឡើងថ្លៃ​ខ្លាំង និង​រំពឹង​រក្សា​តម្លៃ​នៅ​កម្រិត​ខ្ពស់​រហូត​ដល់​ឆ្នាំ​ក្រោយ

10 ខែ មុន

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី ស្រប​ពេល​ដែល​តម្លៃ​នៃ​រូបិយប័ណ្ណ​គ្រីប​តូ

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី ស្រប​ពេល​ដែល​តម្លៃ​នៃ​រូបិយប័ណ្ណ​គ្រីប​តូ (Cryptocurrency) Bitcoin ក៏​បាន​ហក់​ឡើង​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៣​។

ការ​កើនឡើង​នេះ កើតឡើង​នៅ​ពេល​ដែល​ពាណិជ្ជករ​បាន​ប្តូរ​យុទ្ធសាស្ត្រ​វិនិយោគ បន្ទាប់​ពី​រយៈពេល​ជិត​ពីរ​ឆ្នាំ នៃ​ការ​កើនឡើង​អត្រា​ការ​ប្រាក់​បាន​ជួយ​ដល់​តម្រូវការ​ប្រេងឥន្ធនៈ​ទូទាត់​សម្រាប់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ប្រភេទ​បំណុល​មួយ​ចំនួន​ទៀត​។

យ៉ាងណាមិញ ឥឡូវនេះ វិនិយោគិន​មើលឃើញ​ពី​ការ​កើនឡើង​នូវ​ឱកាស​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដែល​បាន​បង្វែរ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ទ្រព្យសកម្ម​ផ្សេង​ទៀត ចំ​ពេល​ដែល​ទីផ្សារ​អាស៊ី​បាន​ចាប់ផ្តើម​ការ​ជួញដូរ​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ កន្លង​ទៅ ដោយ​ឃើញ​តម្លៃ​មាស​កើនឡើង​ខ្ពស់​បំផុត ២,១៤៨​ដុល្លារ​ក្នុង​១​អោន​ស៍ មុន​ពេល​ធ្លាក់​ចុះ​បន្តិច​មក​នៅ ២,០៥០​ដុល្លារ​ក្នុង​១​អោន​ស៍​។

ការ​ហក់​ឡើងថ្លៃ​មាស​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ចំ​ពេល​ដែល​អតិផរណា​ពិភពលោក​បាន​ថយ​ចុះ គួប​ផ្សំ​ជាមួយនឹង​ទីផ្សារ​ការងារ​មាន​ភាព​ប្រសើរ ខណៈ​ដែល​មួយ​ផ្នែក​ទៀត​កើតឡើង​ជុំវិញ​ការ​ផ្ទុះ​ព័ត៌មាន​អំពី​ធនាគារកណ្តាល​សហរដ្ឋអាមេរិក (Fed) ផ្តល់​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​នៅ​ឆ្នាំ​ក្រោយ​។

យោង​តាម​ទូរទស្សន៍​អា​មេ​រិ​ក 22 News ផ្អែក​តាម​ការ​លើក​ឡើង​របស់​អ្នកជំនាញ​បានឱ្យ​ដឹង​ថា តម្លៃ​មាស​កំពុង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ហើយ​រំពឹង​ថា​នឹង​នៅ​រក្សា​កម្រិត​ខ្ពស់​រហូត​ដល់​ឆ្នាំ​ក្រោយ ហើយ​ប្រសិនបើ​អ្នកមាន​មាស​ឥឡូវនេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​លក់​ចេញ​។ ចំណែក​ប្រភព​ពី CNBC ឯណោះ​វិញ ក៏​បាន​រាយការណ៍​ថា តម្លៃ​មាស​ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​លើស​ពី​កម្រិត ២,០០០​ដុល្លារ​ក្នុង​១​អោន​ស៍ នៅ​ឆ្នាំ​ក្រោយ​។

ក្រ​ឡែក​ទៅ​តម្លៃ​រូបិយប័ណ្ណ​គ្រីប​តូ (Cryptocurrency) Bitcoin ក៏​បន្ត​ងើបឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ តម្លៃ​ទ្រព្យសកម្ម​ឌី​ជី​ថ​ល​ដ៏​ល្បី​បំផុត​មួយ​នេះ បាន​កើនឡើង​លើស ៤២,០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០២២ ដោយ​តម្លៃ​បាន​កើនឡើង​ច្រើន​ជាង​២​ដង​ចាប់តាំងពី​ដើមឆ្នាំ​នេះ​។

Bitcoin ក៏​សង្ឃឹមថា វិនិយោគិន​នឹង​ចាប់ផ្តើម​សកម្មភាព​បន្តបន្ទាប់​ទៀត បន្ទាប់​ពី​និយតករ​អា​មេ​រិ​កបាន​ចាត់វិធានការ​ប្រឆាំង​នឹង​ប្រធាន​ក្រុមហ៊ុន​ជួញដូរ​គ្រីប​តូ​ធំ​ជាងគេ​ចំនួន​២​គឺ FTX និង Binance ខណៈ​ដែល​និយតករ​អា​មេ​រិ​ក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុម័ត​ប្រភេទ​ថ្មី​នៃ​ការ​ជួញដូរ​ដែល​ភ្ជាប់​ទៅ​នឹង Bitcoin នៅ​ដើមខែ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ