រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១១បានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពីបានធ្វើឡើងអស់រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ។
តាមរបាយការណ៍របស់លោកណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះមានក្លឹបចូលរួមទាំងអស់ចំនួន១២ កីឡាករ១៨២នាក់ កីឡាការិនី១០៨នាក់ សរុប២៩០នាក់ ។ ការប្រកួតចែកចេញជា២ប្រភេទ វិញ្ញាសា គឺទី១-ការប្រកួតកាយសម្ព័ន្ធអាទីស្ទិក ក្របខណ្ឌ ក១ និង ក២ (បុរស-នារី) លើឧបករណ៍ចំនួន៥ មានកម្រាល, សេះលោត, សេះកង, របារស្រប និងកង ។ ទី២-កាយសម្ព័ន្ធអាអេរូប៊ិក ក្របខណ្ឌ ក១, ក២ បុរស-នារីដូចគ្នា និងសម្តែងលើឧបករណ៍ ដូចគ្នា ។
លោកឡាក់ សំអាត អគ្គនាយកអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានផ្តាំផ្ញើដល់កីឡាករ-កីឡាការិនីទាំងអស់ឱ្យខិតខំហ្វឹកហាត់បន្ថែមទៀតទាំងអ្នកទទួលបានជ័យលាភីក៏ដូចជាអ្នកមិនបានជ័យលាភី ព្រោះទៅថ្ងៃអនាគតគឺ ក្មួយៗទាំងអស់នេះហើយជាអ្នកលើកស្ទួយមុខមាត់ប្រទេស ជាតិ ៕
ចែករំលែកព័តមាននេះ