ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ឲ្យ​និស្សិត​ខ្មែរ សិក្សា​នៅ​ប្រទេស​ឡាវ ខិតខំ​រៀនសូត្រ កសាង​សមត្ថភាព សីលធម៌ និង​មាន​វិជ្ជាជីវៈ ច្បាស់លាស់​ដើម្បី​បម្រើ​ប្រទេស​ជាតិ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ឡាវ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ឡាវ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​និស្សិត និង​មន្ត្រី​ការទូត​កម្ពុជា ដែល​កំពុង​សិក្សា និង​បំពេញបេសកកម្ម​ការងារ​នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​នោះ​សម្តេច​បាន​ជំរុញ​ឲ្យ​និស្សិត​ខ្មែរ សិក្សា​នៅ​ប្រទេស​ឡាវ ខិតខំ​រៀនសូត្រ កសាង​សមត្ថភាព សីលធម៌ និង​មាន​វិជ្ជាជីវៈ ច្បាស់លាស់​ដើម្បី​បម្រើ​ប្រទេស​ជាតិ ។

ពិធី​សំណេះសំណាល​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ ដែល​សម្តេច​ស្នាក់​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​រដ្ឋសភាធិបតី បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ជូន​និស្សិត និង​មន្ត្រី​ការទូត​ទាំងអស់​ដែល​មាន​វត្តមាន​នា​ឱកាស​នោះ ។

សម្តេច​រដ្ឋសភាធិបតី បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្ត​ជំរុញ​ក្មួយ​ៗ​និស្សិត​ទាំងអស់​ខិត ខំ​សិក្សា​រៀនសូត្រ ប្រកាន់ខ្ជាប់ នូវ​សីលធម៌ ចូលរួម​ចំណែក​កសាង​ពង្រឹង​ចំណង មិត្តភាព​ជាមួយ​ប្រជាជន​ឡាវ ដែល​ជា​មិត្ត ជា​បងប្អូន​មាន​ទំនាក់​ទំនងជា​ប្រពៃណី ជាមួយ​កម្ពុជា​តាំងពីរ​យូរលង់​មក​ហើយ ។

សម្តេច​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​អាទិភាព​លើ​ការ​កសាង​ធនធានមនុស្ស ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ដូច្នេះ សមត្ថភាព និង​សីលធម៌​របស់​យុវជន​ជា​ធនធាន​សំខាន់​ប្រកបដោយ​គុណភាព ក្នុង​ការ​ចូលរួម អភិវឌ្ឍន៍​សង្គម​ជាតិ​យើង ។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​ជម្រាប​ក្មួយ​ៗ និស្សិត​ពី​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​ផ្តោត​សំខាន់​លើ​ការ​ថែរក្សា​ការពារ​សុខ​សន្តិភាព និង​ការ​លើកកម្ពស់​ជីវភាព​ល​រដ្ឋ​ប្រកប​ចីរភាព ។

សម្តេច បាន​គូសបញ្ជាក់​ថា ៖ «​សន្តិភាព​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​យុវជន​ជំនាន់ ក្រោយ​មាន​កាតព្វកិច្ច​ចូលរួម​ថែរក្សា​ការពារ កុំ​ចាំ​ដល់​ពេល​បាត់បង់​សន្តិភាព ទើប​ស្វែងរក​នោះ​មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​។ សន្តិភាព​នៅ​កម្ពុជា ទទួល​បាន​ដោយ​លំបាក បាន​មក​ពី​ការ​លះបង់​ធ្វើ​ពលិកម្ម​របស់​ឥស្សរជន​ជំនាន់​មុន មាន​សម្តេច​តេ​ជោ ហ៊ុន សែន មួយ​រូប​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់សង្គ្រាម​ទាំងស្រុង​ពី ទឹកដី​របស់​កម្ពុជា​» ។

តាម​របាយការណ៍​របស់ ឯកឧត្តម ហ៊ុ​ល​ក្រង ផា​ណ​ង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឡាវ និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​ឡាវ​មាន​ចំនួន​៦៧​នាក់ ក្នុង​នោះ​៣០​នាក់​ជា​ស្ត្រី​។ សិក្ខាកាម​យោធា​ផ្លាស់​ប្តូរ​មាន​ចំនួន​២៥​នាក់ បួន​នាក់​ជា​ស្ត្រី ចំណែក​សិក្ខាកាម​នគរបាល​មាន​ចំនួន​៤​នាក់​ម្នាក់​ជា​ស្ត្រី​។ និស្សិត​កម្ពុជា សិក្សា​នៅ​ប្រទេស​ឡាវ សិក្សា​លើ​ជំនាញ​ជា​ច្រើន ដូច​ជា​អក្សរ សាស្ត្រ​ឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសា​អង់គ្លេស​ជាដើម ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​និស្សិត​និង ពលរដ្ឋ​ខ្មែរ ដែល​សិក្សា និង​ធ្វើការ​នៅ​ក្រៅប្រទេស​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ