អ្នកឯកទេសខាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថា មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតរងរបួស ក្នុងអំឡុងពេលនៃការបះបោរក្នុងប្រទេសទុយនីស៊ី ។ អ្នកឯកទេសខាងសិទ្ធិមនុស្សរូបនេះ លោក Juan Medez បានទៅកាន់ប្រទេសទុយនីស៊ី ដើម្បីសិក្សាអំពីបញ្ហានានាដែលរដ្ឋាភិបាលបណ្តោះអាសន្នប្រទេសនេះកំពុងប្រឈមមុខ ហើយលោកត្រូវបានជូនដំណឹងអំពីចំនួនអ្នកស្លាប់នោះ ដោយបេសកកម្មស្វែងរកការពិតមួយដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដែលកើតឡើងក្នុងប្រទេសទុយនីស៊ី ចាប់តាំងពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១០ កន្លងមក ។
លោក Mendez ថ្លែងថា រូបលោករំពឹងថា ចំនួនអ្នកស្លាប់នោះនឹងកើនឡើងថែមទៀត ខណៈពេលការស៊ើបអង្កេតកំពុងបន្តធ្វើ ។ លោក Mendez ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកទារុណកម្ម។
បាតុកម្មនៅក្នុងប្រទេសទុយនីស៊ីបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១០ កន្លងមក ដែលការធ្វើបាតុកម្មនេះ ជំរុញដោយការធុញទ្រាន់នឹងអំពើពុករលួយ អត្រាអ្នកអត់ការងារធ្វើខ្ពស់ និងការដំឡើងថ្លៃម្ហូបអាហារ ។
បាតុកម្មនេះបានទម្លាក់ប្រធានាធិបតីប្រទេសនោះចេញពីតំណែង៕
ចែករំលែកព័តមាននេះ