នាយករដ្ឋមន្ត្រីចិនលោកវេនជាបាវបានអំពាវនាវកាលពីថ្ងៃទី២២ ឧសភា នៅក្រុងតូក្យូក្នុងឱកាសនៃកិច្ចប្រជុំកំពូលត្រីភាគីចិន-ជប៉ុន កូរ៉េខាងត្បូងដល់ប្រទេសទាំង៣ឱ្យថែរក្សាផលប្រយោជន៍រួមហើយជំរុញសន្តិភាព ស្ថេរភាព និងភាពរុងរឿងនៅអាស៊ីខាងកើត។ លោកវេនបានធ្វើការអំពាវនាវនេះក្នុងកិច្ចប្រជុំកំពូលត្រីភាគីចិន-ជប៉ុន កូរ៉េខាងត្បូងលើកទី៤ដែលកិច្ចប្រជុំនោះដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុនលោកណាអូតូកាន។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកលី ម្យុងបាក់ ក៏ចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ ពេលចាប់ផ្តើមកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ឧសភា មេដឹកនាំទាំង៣បានសំដែងពីការចូលរួមមរណទុក្ខចំពោះបណ្តាជនរងគ្រោះដោយការរញ្ជួយដី និងស៊ូណាមីកាលពីថ្ងៃទី១១ មីនា នៅជប៉ុនដោយធ្វើការស្មឹងស្មាធិរយៈពេល១នាទី។
លោកវេន គូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា ចាប់តាំងពីបង្កើតភាពជាដៃគូនឹងគ្នាកាលពី៣ឆ្នាំមុននេះមក ចិន ជប៉ុន និងកូរ៉េខាងត្បូងបានពុះពារឧបសគ្គផ្សេងៗក្នុងនោះរួមមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរទាំងឡាយ និងសភាពការណ៍តំបន់ និងអន្តរជាតិដែលស្មុគ្រស្មាញ។ ការប្រាស្រ័យទាក់ទងគ្នា និងការសម្របសម្រួលគ្នារវាងប្រទេសទាំង៣ត្រូវបានពង្រឹង ហើយបណ្តាវិស័យកិច្ចសហប្រតិបត្តិការត្រូវបានពង្រីក។ លោកបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចត្រូវបានពង្រឹង ហើយសន្តិភាព និងស្ថេរភាពតំបន់ត្រូវបានថែរក្សា។ លោកបានលើកពីសំណើមួយមាន៧ចំណុចដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ៕
ចែករំលែកព័តមាននេះ