ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយចន្ទី ជា​ដំណាំ​កសិកម្ម​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា

4 ខែ មុន

ខេត្តកំពង់ធំ ៖ ស្វាយចន្ទី ជា​ដំណាំ​កសិកម្ម ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ដំណាំ ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​នេះ​មាន​ដូច​ជា​ស្រូវ និង​ស្វាយចន្ទី បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ចេញ​គោលនយោបាយ​អាទិភាព…

ខេត្តកំពង់ធំ ៖ ស្វាយចន្ទី ជា​ដំណាំ​កសិកម្ម ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ដំណាំ ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​នេះ​មាន​ដូច​ជា​ស្រូវ និង​ស្វាយចន្ទី បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ចេញ​គោលនយោបាយ​អាទិភាព លើក​ស្ទួយ​ការ​ផលិតផល​សម្រាប់​ផ្ត​ត់​ផ្គង់​នាំ​ចេញ​ទៅ​កាន់​ទីផ្សា​ក្រៅប្រទេស ។

ទោះបី​យ៉ាងណា ដំណាំ​មួយ​ប្រភេទ​នេះ ក៏​ទាមទារ​ឱ្យ​មានការ​ថែទាំ និង​បច្ចេកទេស ក្នុង​ការ​ដាំ​ទើប​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​ប្រាក់​កម្រៃ ក៏​ទទួល​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ​។ យ៉ាងណា​ក្តី​អ្នកជំនាញ​បាន​ក្រើន រំលឹក​ថា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ក៏​ដូច​ជា​ការ​ខាតបង់​លើ​ដំណាំ​ស្វាយចន្ទី កសិករ ត្រូវ​អនុវត្ត​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន រាប់​ចាប់ពី​ការ​ជ្រើសរើស​ពូជ ការ​រៀបចំ​ដី ការ​ដាំ​ដុះ ការ​ថែទាំ ក៏​ដូច​ជា​ការ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ និង​ជំងឺ ។

លោក សូ សៅ​ឌី ទីប្រឹក្សាបច្ចេកទេស​កសិកម្ម នៃ​គម្រោង GIZ CRAS ដែល​ជា​អ្នកបច្ចេកទេស​ដល់​ប្រជា​កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី បានឱ្យ​ដឹង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន និង​ទស្សនកិច្ច​សិក្សា​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សភាព​អឺរ៉ុប អំពី​ខ្សែ​ច្រវាក់ ផលិតកម្ម ស្វាយចន្ទី នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៣ ថា ជា​ទូទៅ​បញ្ហា ដែល​ប្រឈម​ដល់​កសិករ​នោះ គឺ​សត្វល្អិត និង​រោគ​ជំងឺ​។ សម្រាប់​សត្វល្អិត ដែល​ផ្ទុះ​ខ្លាំង ចាំបាច់​ត្រូវ​មានការ​គ្រប់គ្រង ហើយ​ទាំង​អស់នេះ សុទ្ធ​សឹង​ជា​បញ្ហា​ប្រឈម ដែល​ធ្វើ​ឱ្យ​ទិន្នផល​ថយ​ចុះ​។ ចំពោះ​សត្វ ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង គឺ​មូស និង​ក្រៅពី​នេះ ក៏​មាន​ចៃ​ម្សៅ (​ចៃ​ស​) ឬ​ពពួក​ស្រមើល​។ ក្រៅពី​នេះ ក៏​មាន​ដង្កូវឌួង ដង្កូវ​ស៊ី​ត្រួយ ដង្កូវ​មូរ​ស្លឹក​ផ្សេង​ៗ​ទៀត​។ ក្រៅពី​នេះ ក៏​អាច​បង្ក​មក​ពី​ជំងឺផ្សិត ដែល​បណ្តាល​មក​ពី​សន្សើម​ប្រៃ ជំងឺផ្សិត នៅ​ទង​ផ្កា​ជាដើម ។

លោក​បាន​បញ្ជាក់​ថា ៖ «​ដើម្បី​ចៀសវាង​ការ​ដាំ​ដំណាំ​ស្វាយចន្ទី ហើយ​ទទួលផល​លំបាក កសិករ​ចាំបាច់​ត្រូវ​ចេះ​មាន​ប្រក្រតិទិន​សម្រាប់​ការ​ថែទាំ​ស្វាយចន្ទី ក្នុង​នេះ​កសិករ ត្រូវ​ដឹង​ថា ខែ​ណា​មាន​បញ្ហា​អ្វី មាន​សត្វល្អិត​ប្រភេទ​ណាខ្លះ វា​ចូល​មក​បំផ្លាញ នៅ​ពេល​គាត់​ដឹង​ច្បាស់លាស់ គឺ​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ហើយ​» ។

លោក​បាន​បញ្ជាក់​ប្រាប់​ថា សម្រាប់​កសិករ ដែល​ចេះ​ថែទាំ​ត្រឹមត្រូវ​ស្វាយចន្ទី នឹង​ហុច​ផល​ក្នុង​មួយ​ហិ​កតា ចាប់ពី​២​តោន​ឡើង​ទៅ​។ ដោយឡែក​កសិករ ដែល​ធ្វើ​តាម​ទន្លាប់ អាច​ទទួល​បាន​ផល​ចាប់ពី​១​តោន​កន្លះ ចុះ​មក​ក្រោម ក្នុង​មួយ​ហិ​កតា ។

ដោយឡែក លោក លី គី​ម​ស៊ុ​យ ជា​គ្រូ​បង្គោល​ដាំ​ណាំ​ស្វាយចន្ទី នៅ​ខេត្តកំពង់ធំ បានឱ្យ​ដឹង​ថា ការ​ដាំ​ស្វាយចន្ទី​របស់​លោក​ក្នុង​មួយ​ហិ​កតា ដែល​ហុច​ផល​៣​ដង ក្នុង​មួយ​ឆ្នាំ​នោះ ទទួល​បាន​ផល​ចំណេញ ៦​លាន​រៀល ។

ម្ចាស់​ចំការ ដែល​មាន​ផ្ទៃដី​១៩​ហិ​កតា និង​បាន​ចាប់​ផ្តើ​ស្វាយចន្ទី ឆ្នាំ​២០០៦​រូប​នេះ បានឱ្យ​ដឹង​ដែរ​ថា បើ​ធ្វើការ​ប្រៀបធៀប​ដំណាំ​ផ្សេង​ៗ​ទៀត ខ្ញុំ​ឃើញ​ថា ដំណាំ​ស្វាយចន្ទី ទទួល​បាន​ផល​កម្រៃ​ខ្ពស់​ជាង ហើយ​ការ​ថែ​ទាំង​ងាយស្រួល​ផង បើ​យើង​ដឹង​ពី​វិធី​ថែទាំ​របស់​វា ។

អ្នកចំការ​ស្វាយចន្ទី ដែល​ទទួល​បាន​ផល​កម្រៃ​ខ្ពស់​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការ​ដាំ​ស្វាយចន្ទី ដើម្បី​ទទួល​ជោគជ័យ​ខ្ពស់​នោះ គឺ ទី​១៖ ការ​រៀបចំ​ដី និ​បច្ចេក​ទេ​ល​ដាំ​ដុះ​, ទី​២៖ ការ​ជ្រើសរើស​ពូជ​, ទី​៣៖ ការ​គ្រប់គ្រង​ជីវជាតិ​ដី និង​ការ​ផលិត​ជី​ទឹកធម្មជាតិ​, ទី​៤៖ ការ​តាក់តែង​មែក និង​ធ្វើ​អនាម័យ​ចម្ការ និង​ទី​៥៖ ការ​ត្រួតពិនិត្យ ។

បើ​តាម​លោក លី គី​ម​ស៊ុ​យ បានឱ្យ​ដឹងផង​ថា ចំពោះ​ការ​អនុវត្តន៍​ត្រឹមត្រូវ ក្នុង​ការ​ដាំ​ដំណាំ​ស្វាយចន្ទី គឺ​គេ​នឹង​ទទួល​បាន​ទិន្នផល​ចន្លោះ​ទៅ ២.៥​តោន ក្នុង​មួយ​ហិច​តា សម្រាប់​គ្រាប់ស្វាយចន្ទី​ស្រស់​។ ជាមួយ​គ្នា​នេះ កាលពី​ឆ្នាំ ២០២២-២០២៣ លោក​បាន​បង្កើត​ចម្ការ​បង្ហាញ​ចំនួន​៥ និង​បណ្តុះបណ្តាល​កសិក​បាន ២៥០​នាក់ មក​ពី ៥​ភូមិ ឃុំ​ទីពោ ឃុំ​កកោះ ឃុំ​ក្រយា លើ​ផលិតកម្ម​ស្វាយចន្ទី ។

ឯកឧត្តម តូច ប៊ុ​ន​ហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​ថ្លែង​ដោយ​បញ្ជាក់​ថា សម្រាប់​ផ្ទៃដី ដែល​សម​ស្រប​ក្នុង​ការ​ដាំ​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា​មាន​ប្រមាណ​២,៣៨​លាន​ហិ​កតា​។ ក្នុង​ខណៈ​ផ្ទៃដី​សម​ស្រប ជាមួយ​ការ​ដាំ​ដំណាំ​កសិកម្ម​ជាង​៣​លាន​២​សែន​ហិ​កតា​។ ក្រៅពី​នេះ ដំណាំ​ផ្លែ​ចន្ទី មាន​ជិត​៧០​ម៉ឺន​ហិ​កតា ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្នុង​ចំណោម​ផ្ទៃដី​កសិកម្ម ជាង​៣​លាន​២​សែន​ហិ​កតា​នេះ ។

គួរ​បញ្ជាក់​ថា សម្រាប់​ខេត្ត ដែល​សម្បូរ​ទៅ​ដោយ​ដំណាំ​ស្វាយចន្ទី មាន​ដូច​ជា​ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះ​វិហារ ស្ទឹង​ត្រែង ឧត្តរមានជ័យ សៀមរាប និង​ខេត្តកំពង់ឆ្នាំង ។

សូម​ជម្រាប​ថា រយៈពេល​១០​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ជាង​៦១​ម៉ឺន​តោន ទទួល​បាន​ទឹកប្រាក់ ៨៣១​លាន​ដុល្លារ ថយ​ចុះ​ជិត ១៦.៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា ។

សមាគម​ស្វាយចន្ទី​កម្ពុជា បាន​គូសបញ្ជាក់​ថា តម្លៃ​មធ្យម​គ្រាប់ស្វាយចន្ទី ស្ងួត​តម្លៃ ១,៦៥៨​ដុល្លារ ក្នុង​១​តោន​។ សម្រាប់​ខែតុលា គ្រាប់​ស្ងួត តម្លៃ ៧,០០០​រៀល ទៅ​៧,៥០០​រៀល ក្នុង​១​គីឡូក្រាម ឬ ១,៩០០​ដុល្លារ ក្នុង​១​តោន ។

ស្វាយចន្ទី គឺ​ដំណាំ​យុទ្ធសាស្ត្រ ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​យកចិត្តទុកដាក់ និង​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​បាន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ឬ​អាច​និយាយ​បាន​ថា «​ជា​អធិរាជ​» នាំ​ចេញ​គ្រប់​ស្វាយចន្ទី នា​ពេល​ខាង​មុខ ។

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ នូវ​គោលនយោបាយ​ជាតិ ស្តី​ពី​ស្វាយចន្ទី ២០២២-២០២៧ ដែល​ជា​ផែនទី​ចង្អុល​ផ្លូវ ដែល​បាន​ផ្តោត ទៅ​លើ​គោលដៅ​យុទ្ធសាស្ត្រ​ធំ​ៗ​ចំនួន​៣ គឺ​យុទ្ធសាស្ត្រ​នៃ​ការ​ផលិត យុទ្ធសាស្ត្រ​នៃ​ការ​កែ​ច្នៃ និង​យុទ្ធសាស្ត្រ​នៃ​ការ​នាំ​ចេញ ប្រកបដោយ​និរន្ត​ភាព ភាព​ប្រកួតប្រជែង និង​ឈានមុខ​គេ​លើ​ទីផ្សារ ។

គោលនយោបាយ​នេះ នឹង​រួមចំណែក​សំខាន់ ក្នុង​ការ​សម្រេច​បាន​គោលដៅ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រែក្លាយ​កម្ពុជា ជា​អធិរាជ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​គោលនយោបាយ​នេះ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់លាក់ និង​គ្រប់​ជ្រុងជ្រោយ ដែល​មាន​ក្រសួង ស្ថាប័ន ទទួល​បន្ទុក និង​ពេលវេលា​អនុវត្ត​ច្បាស់លាស់ ។

យោង​តាម​ទិន្នន័យ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ន ផ្ទៃដី​ដាំ​ដុះ​គ្រាប់ស្វាយចន្ទី សរុប​ប្រមាណ​៧០​ម៉ឺន​ហិ​កតា​។ កាលពី​ឆ្នាំ​២០២១ ផលិតកម្ម​គ្រាប់ស្វាយចន្ទី​ឆៅ នៅ​លើ​ពិភពលោក​មាន​ប្រមាណ ៥​លាន​តោន ក្នុង​នោះ​កម្ពុជា ផលិត​បាន ១,១៨០,០០០​តោន ស្មើនឹង​២៤% នៃ​ការ​ផលិត​សរុប ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ដែល​ផលិត​គ្រាប់ស្វាយចន្ទី បាន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​។ ចំណែក​នៅ​ឆ្នាំ​២០២២ កម្ពុជា​ផលិត​បាន ៦៩​ម៉ឺន​តោន ជាប់​លេខ​ពីរ​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ