តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ លោកស្រី CATHERINE ASHTON កាលពីថ្ងៃទី២២ ឧសភា បានសម្តែងការគាំទ្ររបស់លោកស្រីចំពោះក្រុមប្រឆាំងលីប៊ី គឺក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ីក្នុងឱកាសនៃទស្សនកិច្ចរបស់លោកស្រីនៅក្រុងបេនហ្គាហ្ស៊ី ជាទីតាំងបង្អែករបស់ពួកបះបោរ។
បន្ទាប់ពីជួបពិភាក្សារយៈពេលខ្លីជាមួយប្រធានក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី លោក MOUSTAFA ABDEL JALIL លោកស្រី CATHERINE ASHTON អះអាងទៅកាន់ក្រុមអ្នកកាសែតថា ខ្ញុំមកកាន់ទីនេះ ដើម្បីពន្យល់ និងបញ្ជាក់ពុំត្រឹមតែការទ្រទ្រង់រយៈខ្លីរបស់សហភាពអឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីពង្រីក និងធ្វើឱ្យស៊ីជម្រៅដល់ការគាំទ្ររបស់យើងទៀតផង ។
លោកស្រី ASHTON ប្រកាសថា សហភាពអឺរ៉ុបនឹងជួយដល់ពួកប្រឆាំងលីប៊ី ក្នុងការគ្រប់គ្រងព្រំដែនព្រមទាំងការកែទម្រង់ទាំងឡាយក្នុងផ្នែកសេដ្ឋកិច្ច ជួយដល់ផ្នែកសុខាភិបាល និងប្រព័ន្ធអប់រំ ។ លោកស្រីបន្តថា សភាពអឺរ៉ុបក៏ជួយទ្រទ្រង់ផងដែរដល់សង្គមស៊ីវិល។
លោក JALIL អះអាងទៅកាន់សារព័ត៌មានថា ពួកប្រឆាំងនឹងគោរពរាល់ច្បាប់ និងអនុសញ្ញាអន្តរជាតិនានា ហើយនឹងប្រមូលកម្លាំងរបស់ប្រជាជនលីប៊ីទាំងមូលដើម្បីកសាងប្រទេសឡើងវិញ ។
លោកស្រី ASHTON បានមកកាន់ទីលានសេរីភាពក្រុងបេនហ្គាហ្ស៊ី ក្រោយពីលោកស្រីមកដល់ក្រុងបេនហ្គាហ្ស៊ី កាលពីព្រឹកថ្ងៃទី២២ ឧសភា ។ នារសៀលថ្ងៃនោះ លោកស្រីបានចូលរួមក្នុងពិធីបើកស្ថានតំណាងសហភាពអឺរ៉ុបក្នុងទីក្រុងនេះ បន្ទាប់មកធ្វើសន្និសីទសារព័ត៌មានមួយ ៕
ចែករំលែកព័តមាននេះ