ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កំលោះ​ថៃ​ប្រ.ល័.យ​មនុស្ស​៤​នាក់​ ​និង​បា.ញ់​ខ្លួន​ឯង​នៅ​ថ្ងៃ​រៀប​ការ

7 ខែ មុន

ទី​ក្រុង​បាងកក៖ មាន​ករណី​កូន​កំលោះ​បាញ់​សម្លាប់​កូន​ក្រមុំ ម្ដាយ​ក្មេក ប្អូន​ស្រី​ថ្លៃ ភ្ញៀវ​ដែល​ទៅចូល​រួម​ពិធី​មង្គល​ការ​ម្នាក់​ និង​បាញ់​សម្លាប់​ខ្លួន​​ឯង​តាម​ក្រោយ​។​ ហេតុ​ការណ៍​​​នេះ​កើត​ឡើង​​នៅ​ប្រទេស​ថៃ​​​។​ ​​សមត្ថ​កិច្ច​​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់​ឈ្មោះ​ចតុរង្គ (Chaturong)​ ធ្លាប់​ជា​អតីត​យុទ្ធ​ជន​​​…

ទី​ក្រុង​បាងកក៖ មាន​ករណី​កូន​កំលោះ​បាញ់​សម្លាប់​កូន​ក្រមុំ ម្ដាយ​ក្មេក ប្អូន​ស្រី​ថ្លៃ ភ្ញៀវ​ដែល​ទៅចូល​រួម​ពិធី​មង្គល​ការ​ម្នាក់​ និង​បាញ់​សម្លាប់​ខ្លួន​​ឯង​តាម​ក្រោយ​។​ ហេតុ​ការណ៍​​​នេះ​កើត​ឡើង​​នៅ​ប្រទេស​ថៃ​​​។​ ​​សមត្ថ​កិច្ច​​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់​ឈ្មោះ​ចតុរង្គ (Chaturong)​ ធ្លាប់​ជា​អតីត​យុទ្ធ​ជន​​​ ​និង​​ជា​អត្ត​ពលិក​​​កីឡា​ប៉ារ៉ា​ឡាំពិច​​​។ ​ចតុរង្គ​​មាន​វ័យ​២៩​ឆ្នាំ​ រី​ឯ​​​កូន​ក្រមុំ​ឈ្មោះ​កញ្ចនា​​ ​(Kanchana)​ ​អាយុ​៤៤​ឆ្នាំ​ ​​រស់​នៅ​​ជា​មួយ​​គ្នា​​បី​ឆ្នាំ ​មុន​នឹង​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​​កាល​ពី​ថ្ងៃ​សៅរ៍​។​

ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​​​សង្កេត​ឃើញ​ភាព​ខុស​ប្រក្រតី​​​មួយ​កើត​ឡើង​។ កូន​កំលោះ​ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​​។ គាត់​​ធ្វើ​មុខ​​​ក្រម៉ូវ​ចង​ចិញ្ចើម​ជា​ប់​ជា​និច្ច​។​ ​​​សមត្ថ​កិច្ច​​ក៏​និយាយ​ដូច​គ្នា​ថា​​​​នៅ​ថ្ងៃ​​​​នោះ កូន​កំលោះ​​ហាក់​ដូច​ជា​ក្រពុល​មុខ​​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​គេ​​មិន​ទាន់​ដឹង​ថា​តើ​គាត់​មាន​រឿង​​ធំ​ដល់​ថ្នាក់​ណា​ទើប​បាន​ជា​​ដាច់​ចិត្ត​ធ្វើ​ដល់​ថ្នាក់​នេះ​។​ សមត្ថ​កិច្ច​រក​ឃើញ​​កាំ​ភ្លើង​ និង​គ្រាប់​កាំ​ភ្លើង​ចំនួន​​​១១​គ្រាប់​​ដែល​គាត់​​​​បាន​ទិញ​ដោយ​ស្រប​ច្បាប់​តាំង​ពី​ឆ្នាំ​២០២២​។​

ចតុ​រង្គ​ធ្លាប់​ជា​ទាហាន​ម៉ារីន​ថៃ​ប្រចាំ​ការ​នៅ​ឯ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​សត្ថា​ហ៊ីប​ (Sattahip) នៃ​ខេត្ត​ឈុន​បុរី។ ​ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ នៅ​ថ្ងៃ​មួយ​នោះ​គាត់​ជួប​នឹង​គ្រោះ​អកុសល​នៅ​ពេល​ចុះ​បំពេញ​ការ​ងារ​​ ត្រូវ​រថ​ភ្លើង​កិន​ដាច់​ជើង​​ម្ខាង​​ ​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ខ្លួន​ពិការ​​​។ ​​គាត់​ក៏​ធ្លាប់​បាន​កសាង​ស្នា​ដៃ​​១​ចំនួន​ផង​ដែរ​។ គាត់​​​ធ្លាប់​ប្រកួត​​កីឡា​​​ប៉ារ៉ា​ឡាំ​ពិច​​​លើក​ទី​១១​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី​កាល​ពី​ឆ្នាំ​២០២២​ និង​​ធ្លាប់​​ឈ្នះ​មេ​ដាយ​ប្រាក់​នៅ​ក្នុង​​វិញ្ញា​សា​​ហែល​ទឹក​។​ គាត់​ក៏​ជា​បេក្ខជន​ត្រូវ​ចូល​រួម​ប្រកួត​កីឡា​ជន​ពិការ​លំដាប់​ពិភព​លោក​ឆ្នាំ​២០២៣​ដែល​នឹង​រៀប​ចំ​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៣​នៅ​ខេត្ត​នគរ​រាជ​សីមា​។​

អ្នក​ខ្លះ​និយាយ​ថា​​កូន​កំលោះ​​ហាក់​ដូច​ជា​មាន​អ្វី​លាក់​ទុក​នៅ​ក្នុង​ចិត្ត​ ហើយ​ចេះ​តែ​​​​​សង្ស័យ​ចំពោះ​​ភរិយា​របស់​ខ្លួន​​​។ ​​សាក្សី​​ខ្លះ​​ទៀត​​ប្រាប់​​​ថា​​កូន​កំលោះ​ឈ្មោះ​ចតុរង្គ​ដោយ​ហេតុ​​តែ​គាត់​ជួប​នឹង​គ្រោះ​អកុសល​ធ្លាក់​ខ្លួន​ពិការ​ ម៉្លោះ​ហើយ​ គាត់​មាន​អារម្មណ៍​តូច​ចិត្ត​ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​​។​​​ គាត់​ចេះ​តែ​បារម្ភ​ថា​ថ្ងៃ​ណា​មួយ​ប្រពន្ធ​របស់​គាត់​នឹង​បែក​បែរ​ចិត្ត​​ទៅ​រក​​អ្នក​ថ្មី​។​​​

​នៅ​ថ្ងៃ​រៀប​ការ​ គេ​រៀប​ចំ​ពិធី​សំពះ​ផ្ទឹម​ និង​ពិធី​ដទៃទៀត​តាម​ប្រពៃណី​នៅ​ពេល​ព្រឹក​។ ​បន្ទាប់​មក​ នៅ​ពេល​រសៀល​រហូត​ដល់​យប់​ជ្រៅ​មាន​​​​ពិធី​ជប់​លៀង និង​​ពិសា​ភោជនា​ហារ​។ ​សាក្សី​និយាយ​ថា​​នៅ​ពេល​បាញ់​ប្រហារ​នោះ កូន​កំលោះ​​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​។​​​​ គេ​ឃើញ​កូន​កំលោះ​ កូន​ក្រមុំ​ ម្ដាយ​ក្មេក និង​​ប្អូន​ថ្លៃ​ស្រី​ ​រួម​ជា​មួយ​ភ្ញៀវ​ដ​ទៃ​ទៀត​​អង្គុយ​ញ៉ាំ​អាហារ និង​ទទួល​ទាន​​គ្រឿង​ស្រវឹង​ជុំ​​គ្នា​។ កំពុង​សប្បាយ​​​សុខ​ៗ​​ស្រាប់​តែ​កូន​កំលោះ និ​ងកូន​ក្រមុំ​ចាប់​ផ្ដើម​​​ទាស់​​ពាក្យ​សម្ដី​គ្នា​​។

​​មិន​យូរ​ប៉ុន្មាន​ ចតុរង្គ​​​ដើរ​​​​​សំដៅ​ទៅ​រក​ឡាន​របស់​គាត់​ដែល​ចត​ទុក​ចោល​​​​​។ ពេល​ត្រឡប់​ទៅ​​វិញ​​ ​គាត់​កាន់​កាំ​ភ្លើង​ខ្លី​១​​ដើម​នៅ​​ក្នុង​​ដៃ​​​។ គាត់​ចាប់​ផ្ដើម​​រើ​​ម្ហូប​អាហារ​នៅ​លើ​តុ​បោះ​ចោល​ ​ធ្វើ​ឱ្យ​​​កូន​ក្រមុំ​ រួម​ទាំង​សាច់​ញាតិ​​ និង​ភ្ញៀវ​ដែល​អង្គុយ​នៅ​ក្បែរ​នោះ​ដោយ​សារ​មើល​​ឃើញ​ស្ថាន​ភាព​មិន​ស្រួល​​​ក៏​ចាប់​ផ្ដើម​​​ជម្លៀស​ខ្លួន​​​ថយ​ឱ្យ​ឆ្ងាយ​​។​ ចតុរង្គ​​​ក៏​លើក​កាំ​ភ្លើង​ខ្លី​បាញ់​កូន​ក្រមុំ​​ជា​ច្រើន​គ្រាប់​​​​។ បន្ទាប់​មក​​ ​បាញ់​ម្ដាយ​ក្មេក​ ​​​ប្អូន​​ស្រី​​ថ្លៃ និង​បាញ់​​​ក្បាល​ខ្លួន​ឯង​មួយ​គ្រាប់​​​ស្លាប់​ភ្លាម​​ៗនៅ​នឹង​កន្លែង​កើត​ហេតុ​​​។​​

សាក្សី​និយាយ​ថា​​ចតុរង្គ​​គ្មាន​ចេតនា​បាញ់​ភ្ញៀវ​២​នាក់​ទៀត​​បណ្ដាល​ឱ្យ​​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់នោះ​ទេ​​​​។ ប៉ុន្តែ​ដោយ​សារ​គាត់​បាញ់​​ជា​ច្រើន​គ្រាប់​ ធ្វើ​ឱ្យ​គ្រាប់​កាំ​ភ្លើង​ខ្លះ​ប្លាត​ត្រូវ​​ពួក​គេ​​។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​​​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​​ថ្មី​មួយ​ដើម្បី​ព្យួរ​ទុក​រាល់​ការ​ផ្ដល់​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង​គ្រប់​ប្រភេទ​រយៈ​ពេល​មួយ​ឆ្នាំ​។​​​ សមត្ថ​កិច្ច​បន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ដើម្បី​ចង់​ដឹង​អំពី​​មូល​ហេតុ​ដែល​នាំ​ឱ្យ​គាត់​​បាញ់​សម្លាប់​មនុស្ស​ឆៅ​ៗ​បែប​នេះ​​​៕​​

ប្រភព៖ Bangkok Post, ​The Independent និង​The Nation
https://www.independent.co.uk/asia/southeast-asia/thailand-wedding-shooting-paralympian-b2454560.html
https://www.bangkokpost.com/thailand/general/2692584/5-killed-1-wounded-by-bridegroom-at-korat-wedding-party
https://www.nationthailand.com/thailand/general/40033229

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ