ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ រាជរដ្ឋាភិបាល មិន​កសាង​វា​រី​អគ្គិសនី នៅ​លើ​ដង​ទន្លេមេគង្គ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន

4 ខែ មុន

ខេត្តកោះកុង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកោះកុង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧…

ខេត្តកោះកុង ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្តកោះកុង សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​បញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ មិន​ធ្វើ​វា​រី​អគ្គិសនី នៅ​លើ​ដង​ទន្លេមេគង្គ​នោះ​ទេ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​អេកូឡូស៊ី តាម​ដង​ទន្លេ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់ ទំនប់​វា​រី​អគ្គិសនី តា​តៃ​លើ អានុភាព ១៥០​មេ​ហ្គា​វ៉ា​ត់ ស្ថិត​នៅ​ស្រុក​ថ្ម​បាំង ខេត្តកោះកុង នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា រាល់​គម្រោង​វា​រី​អគ្គិសនី នីមួយ​ៗ គឺ​ត្រូវ​ប្រើប្រាស់​ពេលវេលា​យ៉ាងតិច ២-៤​ឆ្នាំ ដើម្បី​សិក្សា​ពី​ផល​ប៉ះពាល់ រួម​មាន ៖ បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​វា​រី​អគ្គិសនី តាម​បណ្ដា​យ​ដង​ទន្លេ​មេ​ង្គ នឹង​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ចំពោះ​បរិស្ថាន ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ «​រាជរដ្ឋាភិបាល បាន​សម្រេច​រួច​ហើយ ហើយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ ក៏​បាន​បន្ដ​នឹង​អនុវត្ត​គោលការណ៍​នេះ កាលពី​អាណត្តិ​ទី​៦ សម្ដេច​តេ​ជោ ហ៊ុន សែន​។ យើង​នឹង​មិន​ធ្វើ​វា​រី​អគ្គិសនី ដែល​នៅ​លើ​ផ្ទាល់​នៅ​លើ​ដង​ទន្លេមេគង្គ​នោះ​ទេ ទោះជា​កន្លែង នឹង​មាន​អំ​ណាយ​ផល ក៏​យើង​នឹង​មិន​ធ្វើ​ដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទៅ​បរិស្ថាន អេកូឡូស៊ី នៅ​តាម​បណ្ដា​យ​ទន្លេ​មេ​ង្គ និង​ទន្លេសាប​។ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នឹង​មិន​កសាង​អភិវឌ្ឍ​វា​រី​អគ្គិសនី តាម​បណ្ដា​យ​ទន្លេ​មេ​ង្គ​នោះ​ទេ​» ។

ឆ្លៀតឱកាស​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​កសាង​ទំនប់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ​លើ​នេះ គឺជា​អាទិភាព​គន្លឹះ​ទី​៤ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ហើយ​វិស័យ​ថាមពល គឺជា​កិច្ចការ​អាទិភាព​ទី​២ នៃ​កិច្ចការ​អាទិភាព​ទាំង​៥ នៅ​ក្នុង​បញ្ច​កោណ​ទី​២ ដែល​មាន​គោលដៅ​យុទ្ធសាស្ត្រ ផ្ដោត​លើ​ការ​បន្ត​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ និង​បុ​រេ​លក្ខខណ្ឌ​គន្លឹះ​ៗ សម្រាប់​បង្កើន​ផលិតភាព លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ជំរុញ​ពិពិធ​កម្ម តាម​រយៈ ការ​បង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, ការ​កសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ