ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចម្លែក​នៅ​សិង្ហបុរី, កុមារី​ម្នាក់​ស.ម្លា.​ប់​ជីតា រួច​ស.ម្លា.ប់​ខ្លួន​ឯង

1 ឆ្នាំ មុន

សិង្ហបុរី៖ មាន​ហេតុ​ការណ៍​ចម្លែក​មួយ​កើត​ឡើង​នៅ​ប្រទេស​សិង្ហបុរី​។ នារី​វ័យ​ជំទង់​អាយុ​​១៥​ឆ្នាំ​​​ចាប់​សម្លាប់​​ជីតា​​​របស់​ខ្លួន​ រួច​ហើយ​​​​លោត​ពី​លើ​ផ្ទះ​កម្ពស់​២៥​ជាន់​សម្លាប់​ខ្លួន​ឯង​ថែម​ទៀត​​។ ​ស្ត្រី​ជា​ម្ដាយ​ជន​ដៃ​ដល់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឃើញ​​​ឪពុក​ក្មេក​របស់​ខ្លួន​​វ័យ​៨៤​ឆ្នាំ​ដេក​​ស្លាប់​​​ និង​ឃើញ​កូន​កាំបិត​ប្រឡាក់​សុទ្ធ​តែ​ឈាម​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​ត្រូវ​តុលាការ​បើក​សវនា​ការ​​ប្រកាស​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ក្រោយ​ការ​ស៊ើប​អង្កេត​ដ៏​យូរ​។​…

សិង្ហបុរី៖ មាន​ហេតុ​ការណ៍​ចម្លែក​មួយ​កើត​ឡើង​នៅ​ប្រទេស​សិង្ហបុរី​។ នារី​វ័យ​ជំទង់​អាយុ​​១៥​ឆ្នាំ​​​ចាប់​សម្លាប់​​ជីតា​​​របស់​ខ្លួន​ រួច​ហើយ​​​​លោត​ពី​លើ​ផ្ទះ​កម្ពស់​២៥​ជាន់​សម្លាប់​ខ្លួន​ឯង​ថែម​ទៀត​​។ ​ស្ត្រី​ជា​ម្ដាយ​ជន​ដៃ​ដល់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឃើញ​​​ឪពុក​ក្មេក​របស់​ខ្លួន​​វ័យ​៨៤​ឆ្នាំ​ដេក​​ស្លាប់​​​ និង​ឃើញ​កូន​កាំបិត​ប្រឡាក់​សុទ្ធ​តែ​ឈាម​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​ត្រូវ​តុលាការ​បើក​សវនា​ការ​​ប្រកាស​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ក្រោយ​ការ​ស៊ើប​អង្កេត​ដ៏​យូរ​។​

​លោក​​តា​ធីវ​អាន​នី (Teo An Nee)​ ត្រូវ​ចៅ​ស្រី​​​ចាក់​​ឡើង​សុស​ពេញ​ខ្លួន​ ហើយ​ដេក​ស្លាប់​​ច្រងាង​ផ្ងារ​ខ្លួន​ឡើង​លើ​នៅ​ក្នុង​ផ្ទះ​ល្វែង​ដែល​គាត់​រស់​នៅ​ជុំ​គ្នា​ជា​មួយ​កូន​ប្រុស​ កូន​ប្រសា​ស្រី និង​ចៅ​ស្រី​ដែល​យក​កាំបិត​ចាក់​សម្លាប់​គាត់​។​​​ នេះ​ជា​សោក​នាដ​កម្ម​ទ្វេ​គ្រោះ​​ព្រោះ​​នៅ​ថ្ងៃ​​នោះ បន្ទាប់​ពី​ចាក់​សម្លាប់​ជីតា​របស់​ខ្លួន​រួច​ កុមារី​​ឈ្មោះ​​អេលីស ធីវ​ (Ellis Teo) ក៏​ធ្វើ​អត្ត​ឃាត​តាម​ក្រោយ​​​។ គេ​ប្រទះ​ឃើញ​សាក​សព​របស់​នាង​​នៅ​លើ​វាល​​ស្មៅ​​ដែលឃ្លាត​ឆ្ងាយ​ត្រឹម​តែ​ប៉ុន្មាន​ខុន​ដូ​ប៉ុណ្ណោះ​​​ពី​​ផ្ទះ​របស់​នាង​​​។

​​យោង​តាម​ការ​​ស៊ើប​អង្កេត ​រឿង​នេះ​ពាក់​ព័ន្ធ​តែ​២​នាក់​ជីតា និង​ចៅ​ស្រី​ប៉ុណ្ណោះ មិន​មាន​​​ឡូក​ឡំ​ជា​មួយ​​​ភាគី​ទី​បី​​ទេ​។ ​​នាង​​អេលីស ធីវ​​​ រស់​នៅ​ជា​មួយ​ប៉ាម៉ាក់​ និង​ជីតា​​​ក្នុង​ផ្ទះ​ល្វែង​​​តាម​បណ្ដោយ​ផ្លូវ​៣១​។ នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ ប៉ាម៉ាក់​ចេញ​ទៅ​ធ្វើ​ការ​អស់​។ ជីតា​របស់​នាង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ផ្ទះ​នៅ​​ម៉ោង​២:៣០​រសៀល​។ ​​នៅ​ម៉ោង​​​៥​រសៀល​ នាង​​ធីវ​ដើរ​ចេញ​​ពីក្នុង​ផ្ទះ​ល្វែង​​ដោយ​​មាន​​កាន់​របស់​អ្វី​​ម៉្យាង​​​​នៅ​ដៃ​ខាង​ឆ្វេង​។​ នេះ​បើ​យោង​តាម​រូប​វីឌីអូ​ឃ្លីប​ដែល​ទាញ​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​។​

តាម​រយៈ​​កំណត់​ត្រា​របស់​ការិយាល័យ​ដឹក​ជញ្ជូន​សាធារណៈ​ គេ​ដឹង​ថា​នាង​​ធីវ​បាន​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​​​ទៅ​ប្លុក​១១៥​ តាម​បណ្ដោយផ្លូវ​​លេខ​៦​​។ បន្ទាប់​មក​ នាង​ឡើង​តាម​​​ជណ្ដើរយន្ត​​ទៅ​ជាន់​ទី​២៥​ ​និង​​លោត​​​សម្លាប់​ខ្លួន​តែ​ម្ដង​។​ ម្ដាយ​​ប្រាប់​ថា​កូន​​ស្រី​​បាន​​និយាយ​​ទូរ​ស័ព្ទ​ទៅ​​ខ្លួន​ចំនួន​​២​ដង​​​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​​​។​ ​នាង​ប្រាប់​ម្ដាយ​ថា​​កុំ​ទិញ​​ទឹក​ដោះ​គោ​​ឱ្យ​នាង​អី​ព្រោះ​​​ថ្ងៃ​នេះ​នាង​​​មិន​​ចូល​​ផ្ទះ​ទេ​។ នាង​ថា​នាង​បាន​​ប្រព្រឹត្ត​ទង្វើ​ដ៏​អាក្រក់​មួយ​។ បើ​ម៉ាក់​ដឹង​ការ​ពិត​ ម៉ាក់​​ប្រាកដ​ជា​ខឹង​នឹង​នាង​ហើយ​។​​

​គ្រាន់​តែ​ស្ដាប់​ឮ​ពាក្យ​បែប​ហ្នឹង ម្ដាយ​មាន​អារម្មណ៍​ថា​កូន​ស្រី​ហាក់​ដូច​ជា​ប្លែក​ខុស​ពី​ធម្ម​តា​។ ប៉ុន្តែ​ម្ដាយ​​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​​។ ​​ម្ដាយ​​​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​ដល់​ផ្ទះ​វិញ​នៅ​ម្ដុំ​ម៉ោង​​​៥:៣០​ល្ងាច​ ហើយ​​ឃើញ​ឆ្កែ​មួយ​ក្បាល​រត់​ទៅ​បក់​កន្ទុយ​ទទួល​ដោយ​មាន​ប្រឡាក់​ឈាម​នៅ​នឹង​មាត់​របស់​ឆ្កែ​​។​ ម្ដាយ​ក៏​ចូល​ឆែក​មើល​​ក្នុង​បន្ទប់​របស់​ប៉ា​ក្មេក​ ឃើញ​គាត់​ដេក​ស្លាប់​​ក្បែរ​បង្គន់​ ជា​លក្ខណៈ​ផ្ងារ​ខ្លួន​ឡើង​លើ​។ ​នៅ​ខាង​ស្ដាំ​សាក​សព ម្ដាយ​រក​ឃើញ​​កូន​កាំ​បិត​​​មួយ​នៅ​ក្បែរ​ចាន​បង្គន់​។​

​​នៅ​ពេល​​​ឪពុក​របស់​នាង​តូច​ទាក់​ទង​ហៅ​ឡាន​ពេទ្យ​ ម្ដាយ​របស់​នាង​ក៏​គិត​ថា​ត្រូវ​តែ​រើស​កំាបិត​ប្រឡាក់​ឈាម​លាង​ទឹក​ឱ្យ​ស្អាត​ ហើយ​យក​ទៅ​សៀត​នៅ​លើ​ធ្នើ​ផ្ទះ​បាយ​​។ លទ្ធផល​ពិនិត្យ​សាក​សព​បង្ហាញ​ថា​លោក​តា​​ធីវ​ត្រូវ​ចៅ​ស្រី​ចាក់​ឡើង​សុស​សាច់​​មិន​ក្រោម​​៧​កាំបិត​ទេ​​។ អាវ​សិស្ស​សាលា​របស់​​នាង​​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​​​ក្នុង​​ធុង​ទឹក​​ជូត​ឥដ្ឋ​​ដែល​​ប្រឡាក់​សុទ្ធ​តែ​ឈាម​របស់​ជីតា​។​​ ​គេ​យក​កាំ​បិត​មក​ពិនិត្យ​ឌីអឹន​អេ​ឃើញ​ថា​មាន​ឌីអឹនអេ​របស់​លោក​តា​​ធីវ​។​ ប៉ុន្តែ​ឌីអឹន​អេ​របស់​កុមារី​នោះ​ពិនិត្យ​មិន​ឃើញ​ទេ​។​ ប្រហែល​ជា​មក​ពី​ម្ដាយ​នាង​លាង​សម្អាត​កាំបិត​នោះ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​បាត់​ដាន​ឌីអឹន​អេ​អស់​រលីង​។​

​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​​​គម្រោង​ធ្វើ​អត្ត​ឃាត​
បន្ទាប់​ពី​រក​ឃើញ​សាក​សព​មនុស្ស​ទាំង​២​នាក់​នេះ​ សមត្ថ​កិច្ច​​ឆែក​ឆេរ​បន្ទប់​របស់​កុមារី​​ធីវ​ និង​រក​ឃើញ​សៀវភៅ​កំណត់​ហេតុ​របស់​នាង​ដែល​កត់​ត្រា​ប្រវត្តិ​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​របស់​នាង​ និង​គម្រោង​ធ្វើ​អត្ត​ឃាត​។​ នៅ​ក្នុង​កំណត់​ហេតុ​ចុះ​ឆ្នាំ​២០២១​នោះ​ នាង​សរសេរ​រៀប​រាប់​​អំពី​​​អារម្មណ៍​ឯកោ​ និង​ផែន​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​។ នាង​​ចង់​សម្លាប់​ខ្លួន​ដោយ​លោត​ពី​លើ​ផ្ទះ​ថ្ម​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​បង​ប្អូន​ជីដូន​មួយ​។ ទី​នោះ​ស្ថិត​នៅ​កៀក​នឹង​កន្លែង​ដែល​គេ​រក​ឃើញ​​សាក​សព​របស់​នាង​​​។​

​សៀវភៅ​កំណត់​​ហេតុ​នោះ​មិន​បាន​និយាយ​អំពី​គម្រោង​មិន​ល្អ​ដែល​នាង​ប្រុង​ធ្វើ​ចំពោះ​ជីតា​របស់​នាង​ទេ​។ គ្រាន់​តែ​ថា​នៅ​ក្នុង​សៀវភៅ​នោះ​មាន​ចំណុច​មួយ​បង្ហាញ​ថា​នាង​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ជីតា​ និង​ចៅ​ស្រី​។​ នាង​សរ​សេរ​រៀប​រាប់​ថា​នាង​ពិបាក​និយាយ​ជា​មួយ​គាត់​ និង​ពិបាក​បង្រៀន​គាត់​ឱ្យ​ចេះ​និយាយ​ទូរ​ស័ព្ទ​។ នាង​មិន​សូវ​ចេះ​និយាយ​ភាសា​ចិន​កុក​ងឺ​ទេ​។ បញ្ហា​នេះ​ទោះ​បី​នាង​ខិត​ខំ​យ៉ាង​ណា​ក៏​មិន​អាច​ជម្នះ​ឧបសគ្គ​នេះ​បាន​ឡើយ​។​​

នៅ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ​នោះ​ នាង​សរ​សេរ​រៀប​រាប់​ថា​នាង​មាន​ប៉ាម៉ាក់​ដ៏​ល្អ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូប​នាង​ ហើយ​នាង​ក៏​ស្រឡាញ់​ពួក​គេ​ផង​ដែរ​។ សាច់​ញាតិ​​ម្នាក់​របស់​កុមារី​រូប​នេះ​​ប្រាប់​ថា​​នាង​ប្រហែល​ជា​​​​ទ្រាំ​លែង​បាន​ត​ទៅ​ទៀត​នឹង​សំឡេង​​​​ទូរ​ស័ព្ទ​​រោទិ៍​មិន​ចេះ​ឈប់​​របស់​ជីតា​​នាង​។ ​​​នាង​​ជា​មនុស្ស​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ ហើយ​ពិបាក​ទ្រាំ​នឹង​សំឡេង​រំខាន​។​​

ក៏​ប៉ុន្តែ​នៅ​ពេល​សមត្ថ​កិច្ច​ឆែក​មើល​ទូរ​ស័ព្ទ​ជីតា​របស់​នាង ពួក​គេ​​មិន​បាន​រក​ឃើញ​​ការ​ផ្ញើ​សារ​, ការ​ហៅ​ទូរ​ស័ព្ទ​ ឬ​​ការ​ដាក់​​ម៉ោង​​រោទិ៍​នៅ​អំឡុង​ពេល​​កើត​ហេតុ​នោះ​ទេ​​។​ ​សមត្ថ​កិច្ច​គ្មាន​ព័ត៌មាន​នៅ​ក្នុង​ដៃ​ដើម្បី​ជម្រាប​ជូន​​តុលាការ​​អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង​មុន​ពេល​កើត​ហេតុ​នៅ​ពេល​ដែល​មាន​តែ​ចៅ​ស្រី និង​ជីតា​វ័យ​ចាស់​ជរា​នៅ​ក្នុង​ផ្ទះ​ល្វែង​នោះ​តែ​ពីរ​នាក់​។​​

ឧប​មា​ថា​មាន​ចោរ​ចូល​លួច​ ចូល​ប្លន់​ក៏​មិន​ត្រូវ​ ព្រោះ​សមត្ថ​កិច្ច​ធ្វើ​កោសល្យ​វិច័យ​ក្នុង​ផ្ទះ​ និង​រក​ឃើញ​ថា​គ្មាន​ករណី​អ្នក​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ទេ​​។​​ នៅ​ក្នុង​ផ្ទះ​ គេ​​ឃើញ​តែ​ដាន​ជើង​ និង​ឌីអឹន​អេ​របស់​ជីតា​ និង​ចៅ​តែ​ប៉ុណ្ណោះ​។​ សមត្ថ​កិច្ច​យល់​ថា​ប្រហែល​ជា​មាន​អំពើ​ហិង្សា​កើត​ឡើង​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កុមារី​ទៅ​លើ​ជីតា​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​របស់​ជីតា​ក្បែរ​មាត់​ច្រក​ចូល​បង្គន់​។ ប៉ុន្តែ​​គេ​មិន​យល់​សោះ​ថា​កត្តា​អ្វី​ដែល​ជំរុញ​ឱ្យ​នាង​ធ្វើ​បែប​នេះ​។

មិត្ត​ភក្តិ​របស់​នាង​មាន​តម្រុយ​ខ្លះ​ៗ​តាំង​ពី​ដំបូង​ដៃ​​អំពី​គម្រោង​ធ្វើ​អត្ត​ឃាត​​​។ ប៉ុន្តែ​ប៉ា​ម៉ាក់​របស់​នាង​ដែល​រស់​នៅ​ក្បែរ​គ្នា​​​បែរ​ជា​មិន​អាច​កាត់​យល់​ ឬ​មាន​ចិត្ត​សង្ស័យ​ចំពោះ​រឿង​នេះ​​សូម្បី​តែ​បន្តិច​។ ​ឥឡូវ​នេះ សមាជិក​គ្រួសារ​ខាង​ប្រពន្ធ និង​ខាង​ប្ដី​សុខ​ចិត្ត​រក្សា​ភាព​ស្ងប់​​ស្ងាត់​។ ពួក​គេ​​​ហាក់​ដូច​ជា​​មិនចង់​ចូល​រួម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ក្រុម​​កោ​សល្យ​​វិច័យ​ទេ​។ ​ប៉ុន្តែ​​សមត្ថ​កិច្ច​បាន​ព្រមានពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ថា​ពួក​គេ​អាច​នឹង​មាន​បញ្ហា​បើ​​​​មិនព្រម​​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ដើម្បី​ស្វែង​រក​ការ​ពិត​​​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/singapore/girl-killed-grandfather-bukit-batok-deaths-suicide-coroner-3952941

អត្ថ​បទ​ដទៃ​ទៀត​ដែល​ស្រដៀងនឹង​រឿង​នេះ​
វៀតណាម​ចា.ប់​.ខ្លួ.ន​ក្មេង​អាយុ​១៤​ឆ្នាំ​ដាក់​ថ្នាំ.​ពុ.ល​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​ស.ម្លា.ប់​ឪពុក និង​ជីដូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ