រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រប់ស្វាយចន្ទី ជាង៣៨ម៉ឺនតោន ទៅកាន់ទីផ្សាក្រៅប្រទេស ខណៈដែលដំណាំនេះ កំពុងមានសក្តានុពលខ្លាំង នេះបើរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រាជ រ៉ា ថ្លែងកិច្ចប្រជុំរៀបចំដំណើរទស្សនកិច្ចសិក្សា ស្តីពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅតាមបណ្តារាជធានី និងខេត្តចំនួន៣ ដោយមានការសហការរវាងក្រសួងពាណិជ្ជកម្ម និងគាំទ្រដោយសហភាពអឺរ៉ុប នាព្រឹកថ្ងៃពុធទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ នឹងផ្តិតយករូបភាព រួមទាំងខ្លឹមសារល្អៗ អំពីស្វាយចន្ទី ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយធ្វើឱ្យការនាំចេញស្វាយចន្ទី នៅកាន់ពិភពលោក កាន់តែមានភាពល្អប្រសើរ នាពេលអនាគត ដោយសារដំណាំស្វាយចន្ទី គឺជាដំណាំកសិកឧស្សាហ៏កម្ម ដែលមានសក្ដានុពលខ្ពស់ ក្នុងចំណោមដំណាំកសិឧស្សាហ៏កម្ម ទាំង១២មុខ ដែលរាជរដ្ឋាភិបាល កំពុងផ្ដោតការយកចិត្ដទុក្ខដាក់បង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងសម្មភាព ដែលមានតម្លៃខ្ពស់ ក្នុងអាណត្តិទី៦ កន្លងទៅ ។
ឯកឧត្ដមបញ្ជាក់ថា “ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបាននាំចេញគ្រប់ស្វាយចន្ទី ជាង៣៨ម៉ឺនតោន ក្នុងនោះមានប្រទេស ៖ ចិន ជប៉ុន បង់ក្លាដេស វៀតណាម និងថៃ ហើយគ្រប់ស្វាយចន្ទី កែច្នៃមានចំនួន១៥៦តោន បាននាំចេញទៅចិន សាធារណៈរដ្ឋឆេក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ តៃវ៉ាន និងសហរដ្ឋអាមេរិច” ។
ឯកឧត្ដម បន្តទៀតថា តម្លៃគ្រប់ស្វាយចន្ទីស្ងួត ជាមធ្យមមានតម្លៃនៅចន្លោះពី១,៧០០ដុល្លារ ទៅ១,៩០០ដុល្លារ នៅក្នុងមួយតោន ហើយជាមធ្យមប្រមូលផល បានពីចន្លោះ ៦០ម៉ឺនតោន ទៅ៨០ម៉ឺនតាន ជាប្រចាំឆ្នាំ ខណៈបច្ចុប្បន្ននេះ ការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងស្រុក បានចន្លោះពី៥% ទៅ១០% ចំណែក ៩០%ទៀត កម្ពុជាលក់គ្រាប់ស្វាយចន្ទីស្រស់ (ជាវត្ថុធាតុដើម) ទៅក្រៅប្រទេស ដែលធ្វើឱ្យកម្ពុជា បាត់បង់តម្លៃបន្ថែមជាច្រើន ។
ចំណែករដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម តូច ប៊ុនហួរ តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្ម កំពុងតែមានសក្តានុពល សម្រាប់កម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់ និងសិរីរាង្គ តាមបែបប្រពៃណី ។
ឯកឧត្តម បន្តថា ដំណាំស្វាយចន្ទីនេះ ស្ថិតនៅក្នុងដំណាំអាទិភាព បន្ទាប់ពីដំណាំស្រូវ ដោយសារដំណាំស្វាយចន្ទី ងាយស្រួលដាំដុះ ត្រូវការទឹកតិចតួច សម្រាប់ការលូតលាស់ ធន់នឹងអាកាសធាតុរាំងស្ងួត សមស្របទៅនឹងអាកាសធាតុ និងសណ្ឋានដីនៅកម្ពុជា បើប្រៀបធ្រៀបជាមួយដំណាំផ្សេងៗទៀត ។
ឯកឧត្តម បានបញ្ជាក់ថា “បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ឆ្នាំង។ តាមរយៈការវាយតម្លៃ បង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដី សមស្របសម្រាប់ដំណាំស្វាយចន្ទី មានប្រមាណ២,៣៨លានហិកតា” ។
ជាមួយគ្នានេះ ឯកឧត្តម តូច ប៊ុនហួរ ថ្លែងទៀតថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ស្តីពីការលើកស្ទួយផលិតកម្ម កសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហរិញ្ញប្បទាន ១០០លានដុល្លារអាមេរិក ការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ-សង្កាត់ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបថែមទៀតផង ។
ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ទៅកាន់អ្នកសារព័ត៌មាន អំពីដំណើរដើមទង ដែលជំរុញឱ្យក្រសួងផ្ដួចផ្ដើមឱ្យមានដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា នៅតាមបណ្តារាជធានី និងខេត្តចំនួន៤ សម្រាប់អ្នកសារព័ត៌មាន៤០នាក់ មកពី៣០ស្ថាប័ន ។
លោកជំទាវ ថា ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ផ្ដួចផ្ដើមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា និងឈានទៅពង្រីកសក្តានុពល នៃវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយ ។
លោកជំទាវ អ៊ឹម រចនា ថ្លែងបន្តថា ដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីខ្សែច្រវាក់ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជា ធ្វើឡើងស្របស្របពេលជាមួយវេទិកាស្វាយចន្ទី ដែលនឹងរៀបចំធ្វើនៅខេត្តកំពង់ធំ នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងឱកាសសម្រាប់ការវិនិយោគវិស័យស្វាយចន្ទីរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ