ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែកនេះ ក្រុមហ៊ុនធំៗ ៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជាង ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA 

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ…

រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន ៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃទី ៣០ ខែវិច្ឆិកា ស្អែកនេះ ។ 

ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី ៣ ០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាស និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា ក្រោយពីចូលរួមក្នុងពិព័រណ៌ការងារជាមួយ NEA ម៉ាក្រូ ទទួលបានបេក្ខជនជាច្រើនមកដាក់ពាក្យធ្វើការ តែក៏មិនទាន់គ្រប់តម្រូវការរបស់ក្រុមហ៊ុនដែលមានភាពរីកចម្រើន និងមានការគាំទ្រពីអតិថិជនមកពីគ្រប់ទិសទីនោះដែរ ។ ហើយ ក្រុមហ៊ុននៅតែបន្តសហការជាមួយ NEA ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ថែមទៀត ពិសេសនៅក្នុងវេទិកាការងារនាថ្ងៃទី ៣០ ខែវិច្ឆិកា នេះតែម្តង ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA នេះនឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើឱ្យមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ។ 

លោកស្រី ពេជ្រ ធីតា បន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើបម៉ាក្រូ ក៏នាំឱ្យមានតម្រូវការបុគ្គលិកថ្មីៗជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែកសំខាន់ៗទៀតផងដែរ ដូច្នេះប្រសិនបើសិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប ម៉ាក្រូ ត្រូវមានបុគ្គលិកលក្ខណៈរួសរាយ និងមានភាពស្មោះត្រង់ នឹងរៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារ ។

គួរបញ្ជាក់ផងដែរថា សម្រាប់សប្តាហ៍នេះ NEA បានប្រមូល និងផ្សព្វផ្សាយឱកាសការងារនៅក្នុងប្រទេសបានចំនួនជាង ៤ ម៉ឺនកន្លែង។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕ អត្ថបទសហការ