ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយ​រីករាយ នាពេលនេះ!

10 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានា ក៏ទទួលបានភ្ញៀវជាតិ និងបរទេសយ៉ាងច្រើនដែរ។…

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានា ក៏ទទួលបានភ្ញៀវជាតិ និងបរទេសយ៉ាងច្រើនដែរ។

ពិធីបុណ្យប្រពៃណីដ៏ធំនេះ ធ្វើឡើង ដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គា និងព្រះធរណី។ ប៉ុន្តែ បច្ចុប្បន្ន បុណ្យអុំទូក ក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរ ពីព្រោះពិធីបុណ្យដ៏ធំ និងដ៏សប្បាយរីករាយនេះ មិនអាចប្រារព្ធធ្វើបានទេ ក្នុងកំឡុងពេល ដែលប្រទេសកើតសង្គ្រាម និងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយ កើតមានតែនៅក្រោមម្លប់​សុខសន្តិភាពតែប៉ុណ្ណោះ។

ជាក់ស្តែង ពិធីបុណ្យអុំទូក ឆ្នាំនេះ អាចរៀបចំធ្វើបាន ដោយសារតែរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ធានាការពារបាននូវសុខសន្តិភាព ដែលរកបាន​ដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ខណៈដែលពលរដ្ឋខ្មែរ កំពុងសប្បាយ​រីករាយ មនុស្សរាប់រយលាននាក់ លើពិភពលោក គ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនា ដោយសារការបាត់បង់សន្តិភាព ហើយសង្គ្រាម កំពុងកើតឡើង នៅក្នុងប្រទេសរបស់ខ្លួន។

ឆ្លៀតឱកាសនេះ យើងក្រឡេកថយក្រោយបន្តិច ទៅមើលអតីតកាលរបស់កម្ពុជា៖ ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដ នៅថ្ងៃទី ១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះ​ចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ ៧មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ ស្ទឹងឈាម សមុទ្រទឹកភ្នែក អស់ជិត ៤ឆ្នាំ ដោយក្នុងកំឡុងពេលនោះ ជីវិតខ្មែរប្រមាណ ៣លាននាក់ បានបាត់បង់។

ក្រោយថ្ងៃរំដោះ ៧មករា ដំណើរការស្តារប្រទេសឡើងវិញ និងការស្វែងរកសន្តិភាព ត្រូវបានធ្វើជាបន្តបន្ទាប់ រហូតទីបំផុតសន្តិភាព ត្រូវបានរកឃើញពិតប្រាកដ នៅថ្ងៃទី ២៩ ធ្នូ ១៩៩៨ ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ដូច្នេះ អំណឹះតទៅ មេដឹកនាំថ្មីរូបណាក៏ដោយ ដែលរក្សាការពារបាននូវសុខសន្តិភាព ត្រូវចាត់ទុកជា​សមិទ្ធផលធំទី១ដ៏សំខាន់ជាងគេបង្អស់ មុននឹងនិយាយពីស្នាដៃផ្សេងទៀត ពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់កម្ពុជា។

ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញ ដោយប្រការណាមួយ យើងមិនដឹងជាត្រូវចំណាយ​ពេលប៉ុន្មាន​ទសវត្សរ៍ និងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេ ទើបរកបានសន្តិភាព​មកវិញ? ហើយជួនកាលទោះជាចំណាយធំយ៉ាងណា ក៏មិនប្រាកដថា អាចរកសន្តិភាព​បានមកវិញនោះដែរ។

នេះគឺជាហេតុផល ដែលត្រូវចាត់ទុក ការធានាការពារបាននូវសន្តិភាព គឺជាសមិទ្ធផលទី១របស់​រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕ ( អត្ថបទដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ