អុំទូកថ្ងៃទី១ បន្សល់ទុកគំនរសំរាមលើសួនច្បារកើនលើស២ដង បើប្រៀបធៀបថ្ងៃទី១ឆ្នាំមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោមម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ ជាពិសេសសម្បូរការហូបចុក ជាក់ស្តែងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់ ហើយបន្សល់នូវសំរាមគរលើសួនច្បារយ៉ាងច្រើន គឺកើនលើស២ដង បើប្រៀបធៀបថ្ងៃទី១ដូចគ្នា នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំមុនៗ។
លោក ស៊ូ សារ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យកោះសន្តិភាពដឹងមុននេះថា «ក្រោយពីព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ បានបព្ចាប់កាលពីយប់មិញថ្ងៃទី២៦ ខែវិច្ឆិកាកន្លងមកនេះ បានពិនិត្យឃើញតាមទីតាំងសប្បាយនានា មានគំនរសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើសួនច្បារ គឺច្រើនលើស២ដង បើប្រៀបធៀបថ្ងៃទី១ដូចគ្នា នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំមុន»។
លោកបន្តថា «សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ កម្លាំងដែលប្រចាំការសម្រាប់ការងារបោសសំអាត និងអនាម័យ មានចំនួន៣០៨នាក់ ក្នុងនោះក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ»។
លោក ស៊ូ សារ៉ន បានបញ្ជាក់ថា «កម្លាំងរបស់លោក បានពង្រាយធ្វើការបោសសំអាត ចាប់តាំងពីម៉ោង១២យប់ ថ្ងៃទី២៦ ខែវិច្ឆិកា និងបញ្ចប់នៅម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ទើបស្អាតរួចរាល់»។
លោកបន្តថា «សម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងខ្ពស់ក្នុងការទុកដាក់សំរាមបានល្អប្រសើរ»៕
ចែករំលែកព័តមាននេះ