ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ ចន្ទ មុនី វេរ​បច្ច័យ​ជាង​១​ម៉ឺន​ដុល្លារ​ចូលរួម​កសាង​ព្រះពុទ្ធ​បដិមា​លើ​ភ្នំ​បូកគោ

1 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​ធម្ម​វន វា​សី ចន្ទ មុនី បាន​និមន្ត​ប្រោះព្រំ​នៅ​ភូមិ​គ្រឹះ អ្នកឧកញ៉ា សុខ គង់ ហើយ​ព្រះ​អង្គ​មាន​សទ្ធា​ជ្រះថ្លា​បាន​វេរ​បច្ច័យ​សរុប​ជាង​១​ម៉ឺន​ដុល្លារ ចូលរួម​កសាង​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ​លើ​ភ្នំ​បូកគោ

រាជធានី​ភ្នំពេញ ៖ ព្រះ​ធម្ម​វន វា​សី ចន្ទ មុនី បាន​និមន្ត​ប្រោះព្រំ​នៅ​ភូមិ​គ្រឹះ អ្នកឧកញ៉ា សុខ គង់ ហើយ​ព្រះ​អង្គ​មាន​សទ្ធា​ជ្រះថ្លា​បាន​វេរ​បច្ច័យ​សរុប​ជាង​១​ម៉ឺន​ដុល្លារ ចូលរួម​កសាង​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ​លើ​ភ្នំ​បូកគោ​។

កាល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ព្រះ​ធម្ម​វន វា​សី ចន្ទ មុនី បាន​និមន្ត​ប្រោះព្រំ​នៅ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ គង់ បន្ទាប់​មក​និមន្ត​ទត​ការដ្ឋាន​សាងសង់​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ​នៅ​លើ​ភ្នំ​បូកគោ និង​ព្រះ​អង្គ​បាន​ប្រោះព្រំ​ពុទ្ធបរិស័ទ​មក​ពី​ទី​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​ដែល​បាន​ឡើង​មក​ជួប​ព្រះ​អង្គ​នៅ​លើ​ភ្នំ​បូកគោ ក្នុង​នោះ​ព្រះ​អង្គ​មាន​សទ្ធា​ជ្រះថ្លា​បាន​វេរ​បច្ច័យ​សរុប​ចំនួន​១៤,៥០០​ដុល្លារ​អា​មេ​រិ​ក និង​៣​លាន​រៀល ដើម្បី​ចូលរួម​កសាង​ព្រះពុទ្ធ​បដិមា កម្ពស់​១០៨​ម៉ែត្រ​លើ​ភ្នំ​បូកគោ​។

ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ហើយ​ថា ព្រះ​ធម្ម​វន វា​សី ចន្ទ មុនី មាន​ភាព​ល្បីល្បាញ​ខ្លាំង គេ​កត់​ស​ម្គា​ស់​ឃើញ​ថា វត្តមាន​របស់​ព្រះ​អង្គ​បាន​និមន្ត​ទៅ​ទីណា​តែងតែមាន​ប្រជា​ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​រង់ចាំ ដើម្បី​ទទួល​ស្វាគមន៍​ព្រះ​អង្គ​។ មិនតែប៉ុណ្ណោះ ព្រះ​ធម្ម​វន វា​សី ចន្ទ មានទឹក​ផ្ទៃ​ល្អ​តែងតែ​ចែករំលែក​ទាន​ដល់​អ្នក​ខ្វះខាត​ជា​រឿយ​ៗ ហើយ​ព្រះ​អង្គ​បាន​ចូលរួម​ចំណែក​សប្បុរស និង​ជួយ​សង្គម​ផង​ដែរ ដូច​ជា ៖ កាកបាទក្រហមកម្ពុជា មន្ទីរ​គន្ធ​បុ​ប្ឆា និង​មន្ទីរ​កុមារ​អង្គរ​ជាដើម​។

យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម ជា សុ​ផា​រ៉ា ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា ព្រះពុទ្ធ​បដិមា​លើ​កំពូលភ្នំ​បូកគោ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​សាសនា​ដ៏​ធំ​នៅ​កម្ពុជា និង​ពិភព​លោក នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្រោយ​សាងសង់​រួច​។

ឯកឧត្តម ជា សុ​ផា​រ៉ា បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍​លើ​ភ្នំ​បូកគោ ក្រុមហ៊ុន​សុខា បាន​យកចិត្តទុកដាក់​លើ​វិស័យ​ជំនឿ​សាសនា ដែល​ជា​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​យូរលង់​ណាស់​មក​ហើយ ។ ការ​ផ្តួចផ្តើម​សាងសង់​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​អង្គ នៅ​លើ​ខ្នងភ្នំ​បូកគោ​នេះ ដើម្បី​ជាទី​សក្ការៈ​សម្រាប់​ពុទ្ធសាសនិក ប្រតិបត្តិ​ធម៌ ឧទ្ទិស​សុំ​សេចក្តីសុខ សន្តិភាព សេចក្តីចម្រើន​រុងរឿង​។

ឯកឧត្តម បាន​បញ្ជាក់​ថា ព្រះពុទ្ធ​បដិមា ដែល​សាងសង់​នេះ មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ព្រះពុទ្ធ​បដិមា​ដ៏​ខ្ពស់​ៗ​នៅ​លើ​ពិភពលោក​ផង​ដែរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សុខា​អូ​តែ​ល ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​បូកគោ និង​បាន​ផ្តួចផ្តើម​សាងសង់​ព្រះពុទ្ធ​បដិមា​នេះ​ឡើង ដែល​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក ។

អ្នកឧកញ៉ា​បណ្ឌិត សុខ គង់ មាន​ចក្ខុវិស័យ និង​សទ្ធា​ជ្រះថ្លា​យ៉ាង​មុតមាំ​ក្នុង​ការ​កសាង​ព្រះពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ ហើយ​ព្រះពុទ្ធ​បដិមា​អង្គ​នេះ នឹង​គង់នៅ​ជា​សម្បត្តិ​វប្បធម៌​ជាតិ ត​.​ជំនាន់​សម្រាប់​ជាទី​សក្ការ​:​ដ៏​ឧត្តុ​ង​ឧត្តម​របស់​ពុទ្ធសាសនិកជន​ទាំងអស់​គ្នា និង​ទុកជា​ស្នាដៃ​នៃ​កេរ្តិ៍​មរកត​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ