រាជធានីភ្នំពេញ ៖ ត្រៀមក្រុមគ្រូពេទ្យជាង២ពាន់នាក់ រថយន្តសង្គ្រោះ៧០គ្រឿង រថយន្តគ្លីនិកចល័តចំនួន៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១៥កន្លែងសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ។
លោក ងី មានហេង ប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញបានអោយកោះសន្តិភាពដឹង នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៣នេះថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យរបស់ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បានត្រៀមសរុបជាង២ពាន់នាក់ និងរថយន្តសង្គ្រោះតាមគោលដៅចំនួន៧០គ្រឿង រថយន្តគ្លីនិកចល័តចំនួន៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា២៤ម៉ោងចំនួន១៥កន្លែង ផ្សេងៗគ្នានៅតាមទីតាំងកំណត់ដូចជា ១. រថយន្តគ្លីនិកចល័ត ៤ គ្រឿង នៅទីតាំងបរិវេណរង្វង់មូលនាងមច្ឆាមណ្ឌល OCIC នៅទីតាំងជ្រោយ ចង្វា នៅទីតាំងសួនច្បារ ជិតស្ពានបាឡេចាស់ និងនៅទីតាំងវត្តភ្នំ។
ចំណែកលោកស្រី យ៉ាន់ ស្រីរ័ត្ន ជាគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែកចតុមុខ ប្រចាំការនៅខាងមុខវត្តឧណ្ណាលោម បានឱ្យដឹងថា ក្រុមការងាររបស់លោកស្រី បានរៀបចំទីតាំងសង្គ្រោះបញ្ហាសុខភាព គ្រោះថ្នាក់ផ្សេងៗនិងឡានសង្គ្រោះចំនួន៤គ្រឿង និងក្រុមគ្រូពេទ្យប្រចាំការប្រមាណជិត២០នាក់ សម្រាប់ប្រចាំការនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែ អកអំបុក ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមគោលដៅនីមួយៗ។
លោកស្រីបន្តថា ការត្រៀមផ្តល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធី បុណ្យអុំទូកនេះ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពល រដ្ឋ និងកីឡាករ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះដ៏សែនសប្បាយរីករាយនេះ។
លោកស្រី បានឱ្យដឹងទៀតថា ក្នុងករណីប្រជាពលរដ្ឋមានបញ្ហាសុខភាព គឺអាចស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃនៅតាមទីតាំង ឬអាចទាក់ទងតាមទូរស័ព្ទដែលក្រសួងបានប្រកាសជូន ហើយបើករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្ទាល់តែម្តង។
លោកស្រីអំពាវនាវឱ្យបងប្អូនដែលមកចូលរួម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នេះ សូមថែរក្សាសុខភាពទាំងអស់គ្នា សូមពាក់ម៉ាស់ ញាំទឹកឱ្យបានច្រើន ព្យាយាមនៅកន្លែងដែលមានសុវត្ថិភាព ក្រោមម្លប់ឈើ ដើម្បីបង្ការកុំឱ្យមានបញ្ហាសុខភាពណាមួយកើតឡើង ហើយប្រសិនបើមានបញ្ហាមិនស្រួលខ្លួនប្រញ៉ាប់ស្វែងរកក្រុមគ្រូពេទ្យដែលប្រចាំការនៅក្បែរនោះ ៕
ចែករំលែកព័តមាននេះ