រាជធានីភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានរៀបចំកិច្ចប្រជុំ លើកទី៣០ ដើម្បីជួយត្រួសត្រាយផ្លូវដល់អង្គភាព ដែលទទួលបានទំនុកចិត្ត ក្នុងការថែទាំការពារទន្លេដ៏សំខាន់បំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងអំឡុងពេល ដែលការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នាំមកនូវបញ្ហាប្រឈមជាច្រើន ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣០ នៃក្រុមប្រឹក្សា MRC បានធ្វើនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២៣ និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ ប្រទេសកម្ពុជា បានលើកឡើងថា កិច្ចប្រជុំ នឹងត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាព នាប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់មកនឹងផ្តល់ការណែនាំផ្នែកគោលនយោបាយដល់ភ្នាក់ងារអន្តររដ្ឋាភិបាលនេះ ដែលបានជំរុញលើកកម្ពស់កិច្ច សហប្រតិបត្តិការ និង “ការទូតទឹក” ក្នុងចំណោមប្រទេសជា សមាជិក រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រៅពីសមាជិកស្នូលទាំងបួនប្រទេស ក្រុមប្រឹក្សា MRC ក៏នឹងជួយធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូគាំទ្រអន្តរជាតិកាន់តែស៊ីជម្រៅ ដោយហេតុថា ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ នឹងរួមបញ្ចូលកិច្ចប្រជុំក្រុមពិភាក្សា ដៃគូអភិវឌ្ឍន៍លើកទី ២៨ ផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា “នៅក្រោមស្មារតីកិច្ចសហប្រតិបត្តិការ យើងស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដែលមានជាបន្តបន្ទាប់ ព្រមទាំងសកម្មភាពនានា ដើម្បីថែរក្សាអាង ទន្លេមេគង្គឲ្យមានចីរភាព” ។
សូមជម្រាបថា នៅឯ កិច្ចប្រជុំកំពូលលើកទី៤ របស់ MRC កាលពីខែមេសា នាយកប្រតិបត្តិ MRC លោកបណ្ឌិត អានុល័ក គិធិឃួន បានថ្លែងការណ៍ពីស្ថានភាព នៃដំណោះស្រាយទន្លេមេគង្គ ដែលក្នុងនោះ លោកបណ្ឌិត បានរៀបរាប់ពីនិន្នាការ “គួរឲ្យបារម្ភ” ចំនួនប្រាំ ដែលទន្លេនេះកំពុងជួបប្រទះ ពោលគឺរបបរំហូរទឹក ដីល្បាប់ ដែលមានជីវជាតិ ការលុកលុយទឹកប្រៃ ការបំពុលដោយកាកសំណល់ផ្លាស្ទិក ព្រមទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបណ្តាលមកពីអាកាសធាតុ ។
ទោះបីជាយ៉ាងនេះក្តី MRC និងប្រទេសជាសមាជិក បានសម្រេច នូវសមិទ្ធិផលជាច្រើន ក្នុងឆ្នាំ២០២៣ ដោយសារទីភ្នាក់ងារនេះ បានខិតខំប្រឹងប្រែង សម្រេចឲ្យបាននូវរាល់គោលដៅទាំងឡាយ ដែលបានដាក់ចេញនៅក្នុងឯកសារបង្កើតស្ថាប័ននេះ នោះគឺកិច្ចព្រមព្រៀងទន្លេមេគង្គ ឆ្នាំ១៩៩៥ ដោយចែងថា ៖ ខិតខំប្រឹងប្រែងបង្កើតតុល្យភាពរវាងការអភិវឌ្ឍធនធានសំខាន់ៗ របស់ទន្លេមេគង្គ និងកាត់បន្ថយផលប៉ះពាល់ទាំងលើបរិស្ថាន និងអាយុជីវិតរបស់ប្រជាជនរស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងអាស្រ័យលើទន្លេនេះ សម្រាប់ស្បៀងអាហារ និងការចិញ្ចឹមជីវិត ។
ជាមួយនឹងគោលដៅដ៍សំខាន់នេះ កិច្ចប្រជុំក្រុមប្រឹក្សា លើកទី៣០ របស់ MRC នឹងគ្របដណ្តប់លើបញ្ហាមួយចំនួន រួមទាំងការវិវត្តន៍ឆ្ពោះទៅកាន់ការរៀបចំរបាយការណ៍ ស្តីពី ស្ថានភាពអាងទន្លេ សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ ក៏ដូចជាការដាក់សាកល្បងដំណើរការមូលនិធិទន្លេមេគង្គ ដែលមានគោលបំណងជួយគាំទ្រគាំពារ និងកែលំអប្រព័ន្ធអេកូឡេស៊ី និងការរស់នៅរបស់សហគមន៍ តាមដងទន្លេ ដែលពឹងផ្អែកលើធនធានទឹកទន្លេមេគង្គ ប៉ុន្តែបានរងគ្រោះដោយសារការអភិវឌ្ឍ បើទោះជាដោយផ្ទាល់ ឬដោយប្រយោលក្តី ៕
ចែករំលែកព័តមាននេះ