ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ប្រទេស​តួ​ក​គី ដំឡើង​អត្រា​ការ​ប្រាក់​ ៤០% យ៉ាង​ភ្ញាក់ផ្អើល

1 ឆ្នាំ មុន

តួ​ក​គី ៖ ធនាគារកណ្តាល​របស់​ប្រទេស​តួ​ក​គី បាន​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​

តួ​ក​គី ៖ ធនាគារកណ្តាល​របស់​ប្រទេស​តួ​ក​គី បាន​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ខ្លួន​យ៉ាង​ភ្ញាក់ផ្អើល​រហូត​ដល់ ៤០% ដែល​ជា​ផ្នែក​នៃ​យុទ្ធនាការ​រួម​គ្នា ដើម្បី​ដោះស្រាយ​អតិផរណា​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ​។

ការ​ដំឡើង​អត្រា​ការ​ប្រាក់​ពី​មុន​ចំនួន ៣៥% គឺជា​តួលេខ​ធំ​ជាង​ការ​រំពឹង​ទុក​រួច​ទៅ​ហើយ ប៉ុន្តែ​ទោះ​យ៉ាងណា ធនាគារកណ្តាល​ប្រទេស​តួ​ក​គី​បាន​ណែនាំ​ថា អត្រា​ការ​ប្រាក់​កំពុង​ខិត​ជិត​ដល់​កម្រិត​ដែល​ត្រូវការ​ចាំបាច់ ដើម្បី​ចាប់ផ្តើម​កាត់​បន្ថយ​លើ​វិបត្តិ​អតិផរណា ហើយ​អ្នកជំនាញ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​បន្ថែម​ទៀត និង​ខ្ពស់​បំផុត​នៅ​ក្នុង​ខែឧសភា​ឆ្នាំ​ក្រោយ​ប្រហែល ៧០-៧៥% ខណៈ​ដែល​ធនាគារកណ្តាល​នៅ​ទូ​ទាំង​ពិភពលោក បាន​ដំឡើង​អត្រា​ការ​ប្រាក់​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ទប់ស្កាត់​បញ្ហា​អតិផរណា​។

លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ទប់ទល់​នឹង​ទម្លាប់​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពី​មុន ដោយ​លើក​ហេតុផល​ថា អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​នឹង​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង ប៉ុន្តែ​ទោះជា​យ៉ាងណា ចាប់តាំងពី​ការ​បោះ​ឆ្នោត​ឡើង​វិញ​កាលពី​ខែឧសភា ជំហរ​របស់​លោក​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​។

ធនាគារកណ្តាល​តួ​ក​គី ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី Hafize Gaye Erkan ទេសាភិបាល​ថ្មី បាន​អះអាង​ថា «​ល្បឿន​នៃ​ការ​រឹត​បន្តឹង​រូបិយ​វត្ថុ​នឹង​ថយ​ចុះ ហើយ​ការ​រឹត​បន្តឹង​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​ដ៏​ខ្លី​។ អត្រា​ការ​ប្រាក់​នឹង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់ ដរាបណា​ចាំបាច់​ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ​ប្រកបដោយ​និរន្តរភាព​»​។

សេដ្ឋកិច្ច​របស់​ប្រទេស​តួ​ក​គី បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Recep Tayyip Erdogan ប៉ុន្តែ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ សេដ្ឋកិច្ច​ប្រទេស​ស្ថិត​នៅ​ចំណុចប្រសព្វ​នៃ​អឺរ៉ុប​អាគ្នេយ៍ និង​អាស៊ី​ខាងលិច​មួយ​នេះ បាន​រង្គោះរង្គើ​តាម​រយៈ​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ