រាជធានីភ្នំពេញ ៖ ប្រធានវង់ល្ខោនអុលសំអាងទី១ រាជធានីភ្នំពេញ លោក អុល សំអាង បានលើកឡើង២ចំណុច ពាក់ព័ន្ធទៅនឹងករណីសមត្ថកិច្ចចុះទៅឃាត់ក្រុមវង់ល្ខោនបាសាក់មួយកន្លែងដែលកំពុងសម្តែងបានពាក់កណ្តាលទី ដោយសួររកច្បាប់អនុញ្ញាត ក្នុងពេលដែលករណីមួយនេះ កំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។
ក្នុងនាមអ្នកប្រតិបត្តិករផ្នែកល្ខោនបាសាក់ម្នាក់ដែរ លោក អុល សំណាង បានលើកឡើងដោយដាក់ជាសំណួរថា «ក្នុងករណីនេះ តើបងៗសមត្ថកិច្ចសួរកច្បាប់ប្រកបអាជីវកម្មរបស់ក្រុមសិល្បៈ? ឬសួរកច្បាប់អនុញ្ញាតឱ្យធ្វើបុណ្យ? ឬម្ចាស់កម្មវិធីបុណ្យ មិនបានជម្រាបសមត្ថកិច្ចឱ្យបានលម្អិត?»។
លោកបញ្ជាក់ថា «ជាធម្មតា ម្ចាស់កម្មពិធីបុណ្យ គណៈកម្មការ និងព្រះចៅអធិការវត្ត ឬបុណ្យឯកជន ត្រូវតែសុំច្បាប់ពីអាជ្ញាធរដែនដីភូមិ-សង្កាត់-ស្រុក និងសុំកម្លាំងសមត្ថកិច្ច ដើម្បីការពារសុវត្ថិភាព សន្តិសុខ ជូនកម្មពិធី និងទស្សនិជន»។
លោកបន្តថា «បើច្បាប់ប្រកបអាជីវកម្មសិល្បៈវិញ គ្រប់ក្រុមល្ខោន ឬវង់ល្ខោននីមួយៗក្នុងប្រទេស ត្រូវតែមានច្បាប់ចេញដោយក្រសួងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអនុញ្ញាតឱ្យ សម្គាល់ឈ្មោះក្រុមល្ខោនបាសាក់នោះ ឬក្រុមតន្ត្រីនោះ ឬក៏ក្រុមភ្លេងការនោះ ដើម្បីដាក់តាមខ្លួន នៅពេលសមត្ថកិច្ចចុះសួររក យើងមាន ។ និយាយរួមទៅ ម្ចាស់កម្មវិធីបុណ្យ ត្រូវតែសុំច្បាប់កម្មវិធីបុណ្យហើយពិធីនោះ បានរាយកម្មពិធីមាន ក្រុងពលី សូត្រមន្ត ទេសនា។ បើពេលរាត្រីមានសម្តែងសិល្បៈ ដាក់សិល្បៈល្ខោនបាសាក់ក្រុមណា ឬតន្ត្រីក្រុមណា ឬក៏ដាក់ ចាប៉ី ឬមួយអាយ៉ៃដែលគេចែកធៀបអញ្ជើញចូលរួមពិធីបុណ្យនោះ ជាភារៈម្ចាស់ដើមទាន ប្រធានដើមបុណ្យ គឺជាអ្នកទទួលខុសត្រូវហើយ»។
លោកបន្តទៀតថា «ហើយបើបានអនុញ្ញាតិពីស្រុកហើយ ត្រូវប្រាប់មូលដ្ឋានបន្ថែមទៀត ដើម្បីមេភូមិ មេប៉ុស្តិ៍ មេឃុំ លោកកាន់តែជ្រាប ហើយសម្រួលសន្តិសុខការពារ ព្រោះពេលសម្តែងសិល្បៈល្ខោនម្តង ប្រជាជនមកទស្សនារាប់ពាន់នាក់ កន្លែងខ្លះឈានដល់ម៉ឺននាក់ ដូច្នេះត្រូវការពារសុវត្ថិភាព និងសន្តិសុខណាស់។ រួមគ្នាគោរពច្បាប់ ហើយរួមគ្នាលើកស្ទួយវិស័យសិល្បៈល្ខោនបុរាណជាតិ កុំឱ្យបាត់បង់ធ្លាក់ចុះ ឱ្យស្ថិតស្ថេរជានិរន្តន៍»។
គួរបញ្ជាក់ថា មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល និងនាំគ្នារិះគន់យ៉ាងចាស់ដៃ ក្រោយពេលឃើញរូបភាពវីដេអូមួយដែលត្រូវបានគេបង្ហោះពីសកម្មភាពយ៉ាងចម្រូងចម្រាស់មួយរវាងសមត្ថិកច្ច និងក្រុមវង់ល្ខោន ខណៈពេលករណីនេះ បានកើតឡើងនៅភូមិអូរលុង ស្ថិតក្នុងឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។
តាមរយៈវីដេអូនោះ បានបង្ហាញថា មានសមត្ថកិច្ចមួយរូបដែលគេអះអាងថា មានតួនាទីជាមេប៉ុស្តិ៍ បានចុះទៅឃាត់វង់ល្ខោនរបស់នាយប្រិមប្រិយ ខណៈកំពុងតែសម្តែងបានពាក់កណ្តាលទី ដើម្បីសួរនាំរកលិខិតអនុញ្ញាត ដែលករណីនេះក៏មានការជជែកយ៉ាងតឹងសរសៃ.កដាក់គ្នាផងដែរ ។
យ៉ាងណាម៉ិញ មហាជនបានដាក់បន្ទុកធ្ងន់ទៅលើសមត្ថកិច្ចដែលមិនគួរណាធ្វើបែបនេះឡើយ ព្រោះថា សិល្បៈគេកំពុងសម្តែងសម្រាប់មហាជនទស្សនា ហើយការសម្តែងនោះទៀតសោត គឺធ្វើឡើងដោយមានការជួលត្រឹមត្រូវ ចំណែកច្បាប់អនុញ្ញាត គឺត្រូវសួរនាំអ្នកដែលបានជួលនោះ មិនមែនមកសួរម្ចាស់ល្ខោន ហើយកំពុងសម្តែងនោះឡើយ។
គួររំលឹកថា ៖ ផ្ទុះការរិះគន់! លោកមេប៉ុស្តិ៍ឡើងលើឆាក ហាមឃាត់ក្រុមល្ខោន មិនឱ្យសម្តែង ។ គួររំលឹកទៀតថា ៖ ក្រសួងមហាផ្ទៃតាមដានលើករណីលោកមេប៉ុស្តិ៍មកបញ្ឈប់ល្ខោនបាសាក់ទាំងកណ្តាលទី ៕
ចែករំលែកព័តមាននេះ