ហ្កាហ្សា៖ ក្រោយពេលពួកហាម៉ាស់ចាប់ពង្រត់ចំណាប់ខ្មាំងជាច្រើននាក់កាលពីថ្ងៃទី៧ ខែតុលា ប្រទេសកាតាក៏ប្រញាប់ទាក់ទង់ជាមួយសេតវិមានដោយមានសំណើមួយនៅក្នុងដៃ «បង្កើតក្រុមប្រឹក្សាយោបល់ដើម្បីរំដោះចំណាប់ខ្មាំងត្រឡប់មកវិញដោយសុវត្ថិភាព»។ ផែនការនេះរៀបចំឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការចាប់ពង្រត់ចំណាប់ខ្មាំង។ ប្រទេសកាតា និងអេហ្ស៊ីបដើរតួជាអ្នកសម្រុះសម្រួលរហូតដល់អ៊ីស្រាអែល, ហាម៉ាស់ និងអាមេរិកនិយាយត្រូវរ៉ូវគ្នា។
ទម្រាំឈានដល់ការស្រុះស្រួលគ្នានេះ មានកិច្ចខិតខំប្រឹងប្រែង និងការចរចាគ្នាយ៉ាងដុតដៃដុតជើង។ លោកបៃដិននិយាយទូរស័ព្ទជាច្រើនដងជាមួយព្រះមហាក្សត្រប្រទេសកាតា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ ចំណែកមន្ត្រីថ្នាក់ក្រោមៗក៏ខិតខំចរចាគ្នាយ៉ាងស្វិតស្វាញ។ ជាពិសេសរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រធានស៊ើបការណ៍សម្ងាត់ស៊ីអាយអេ (CIA) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ឧបការីរបស់គាត់ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា និងភាគីដទៃទៀត។
មន្ត្រី២នាក់ដែលចូលរួមការចរចាបានផ្ដល់សេចក្ដីលម្អិតអំពីបេសកម្មលើកនេះចាប់តាំងពីការចាប់ផ្ដើមរហូតដល់កិច្ចព្រមព្រៀង។ ហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង៥០នាក់ជាស្ត្រី និងកុមារ។ អ៊ីស្រាអែលយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់ឃុំនៅអ៊ីស្រាអែល និងផ្អាកបាញ់គ្នា៤ថ្ងៃដើម្បីឱ្យទីភ្នាក់ងារមនុស្សធម៌ដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា។
ថ្ងៃទី១៣ ខែតុលា លោកបៃដិនជួបសំណេះសំណាលជាមួយក្រុមគ្រួសារចំណាប់ខ្មាំងជនជាតិអាមេរិក។ ពេលនោះ លោកយល់អំពីអារម្មណ៍ទុក្ខព្រួយរបស់ពួកគេ។ លោកក៏ធ្វើដំណើរទៅទីក្រុងតែឡាវីវ (Tel Aviv) ដើម្បីនិយាយគ្នាជាមួយប្រមុខដឹកនាំអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូដោយផ្ដោតសំខាន់ទៅលើការដោះលែងចំណាប់ខ្មាំង។ កន្លងផុតទៅ៥ថ្ងៃ នៅថ្ងៃទី២៣ ខែតុលា ការចរចាគ្នាសម្រេចបានផ្លែផ្កាជាបណ្ដើរៗ។ ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់។
នេះជាការបង្ហាញថាអាចនឹងមានការដោះលែងចំណាប់ខ្មាំងដទៃទៀត។ អ្វីដែលសំខាន់ត្រូវខិតខំចរចាគ្នាឱ្យអស់ពីលទ្ធភាព។ លោកបៃដិនយល់ថាប្រទេសកាតាអាចយកជាមុខជាមាត់បាននៅក្នុងការសម្រុះសម្រួល។ ឥឡូវនេះ ប្រធានស៊ីអាយអេកំពុងទាក់ទងទៅប្រធានក្រុមស៊ើបការណ៍ម៉ូសាត (Mossad) របស់អ៊ីស្រាអែល។ លោកបៃដិនចង់ឃើញការដោះលែងចំណាប់ខ្មាំង ហើយមានតែការដូរចំណាប់ខ្មាំង និងអ្នកទោសគ្នាតែប៉ុណ្ណោះទើបអាចឈានដល់ការឈប់បាញ់គ្នា។
អ៊ីស្រាអែលចង់វាយប្រហារជើងគោកទៅលើទីតាំងរបស់ក្រុមហាម៉ាស់តាំងពីថ្ងៃទី២៤ ខែតុលា។ ប៉ុន្តែអាមេរិកប្រាប់ឱ្យផ្អាកសកម្មភាពសិនព្រោះក្រុមហាម៉ាស់មានគម្រោងដោះលែងចំណាប់ខ្មាំង។ ដូច្នេះទោះបីចង់ ឬមិនចង់ អ៊ីស្រាអែលត្រូវតែបន្ធូរដៃបន្តិចសិន។ ហាម៉ាស់ប្រាប់ថាពួកគេមិនអាចធានាអាយុជីវិតរបស់ចំណាប់ខ្មាំងទេបើអ៊ីស្រាអែលមិនព្រមផ្អាកបាញ់គ្នា។
ពាក្យសម្ដីនេះធ្វើឱ្យអាមេរិកយល់ថាវាជាសញ្ញាគ្រោះថ្នាក់ដែលគេមិនអាចមើលស្រាលបានឡើយ។ អ៊ីស្រាអែលយល់ព្រមវាយប្រហារល្មមៗបើភាគីទាំង២យល់ព្រមទទួលយកលក្ខខណ្ឌទៅវិញទៅមក។ ការចរចាគ្នានេះមិនមែនងាយស្រួលប៉ុន្មានទេព្រោះមិនមែនជាការទាក់ទងគ្នាដោយផ្ទាល់។ គេត្រូវប្រើប្រាស់អន្តរការីដូចជាប្រទេសកាតា និងអេហ្ស៊ីបដើម្បីនាំសារទៅតំបន់ហ្កាហ្សា និងនាំត្រឡប់មកវិញ។ ពេលខ្លះ លោកបៃដិនទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រីកាតា។
ថ្ងៃទី៩ ខែវិច្ឆិកា ប្រធានស៊ីអាយអេជួបប្រធានម៉ូសាត និងថ្នាក់ដឹកនាំកាតានៅទីក្រុងដូហា (Doha) ដើម្បីរៀបចំកិច្ចព្រមព្រៀងឈប់បាញ់គ្នា។បញ្ហាប្រទាំងប្រទើសគ្នាចុងក្រោយនៅត្រង់ថាអាមេរិក និងអ៊ីស្រាអែលទាមទារឱ្យហាម៉ាស់ធ្វើបញ្ជីឈ្មោះ និងបញ្ជាក់អត្តសញ្ញាណឱ្យបានច្បាស់នូវចំណាប់ខ្មាំងដែលត្រូវដោះលែងទាំង៥០នាក់។ ក្រុមហាម៉ាស់ព្រមធ្វើតាម។ ថ្ងៃទី១៤ ខែវិច្ឆិកា លោកបៃដិនហៅទូរស័ព្ទទៅលោកណឺតាន់យ៉ាហ៊ូដើម្បីទទួលយកកិច្ចព្រមព្រៀង។ លោកណឺតាន់យ៉ាហ៊ូក៏ព្រមធ្វើតាម៕
ប្រភព៖ Channel News Asia
https://www.channelnewsasia.com/world/israel-hamas-hostage-deal-secret-negotiations-gaza-us-qatar-egypt-3938586
ចែករំលែកព័តមាននេះ